ពលរដ្ឋ​២​នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ចាប់​ខ្លួន​បន្ទាប់​ពី​តវ៉ា​រឿង​​ជម្លោះ​​ដី​ធ្លី​

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខេត្តចុះសម្របសម្រួលទប់ស្កាត់ការជួបជុំគ្នាតវ៉ាពីសំណាក់ពលរដ្ឋ ករណីសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនប្រជាពលរដ្ឋឈ្មោះ ពុំ ចិត្រា រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លី នៅឃុំអន្សារចំបក់ ស្រុកក្រគរ។ (អាជ្ញាធរខេត្តពោធិ៍សាត់)

ពលរដ្ឋ២នាក់នៅ​ស្រុកបរិបូណ៍ ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ចាប់ខ្លួន ក្រោយពួកគេ​តវ៉ាទាមទារដីធ្លីរបស់ខ្លួន ដែលពួកគេ​អះអាងថា អាជ្ញាធរខេត្តពោធិ៍សាត់បានរំលោភយក។

ពលរដ្ឋ២នាក់ដែលអាជ្ញាធរខេត្តចាប់ខ្លួននោះ រួមមាន ​លោក សឹង សារិត ហៅ តេវ អាយុ៦០ឆ្នាំរស់នៅភូមិសន្លង់ និងលោក ពឹម ចិត្រា រស់នៅភូមិក្បាលដំរី ដែល​ភូមិ​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ឃុំត្រពាំងចាន់។

លោក អាន សុតេ ដែលអះអាងថា ជាកូនប្រុសលោក សឹង សារិត ប្រាប់វីអូឌីថា ឪពុករបស់លោកត្រូវសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយអាជ្ញាធរខេត្តនេះ បានដាក់គ្រឿងចក្រឈូសឆាយខ្ទមនិងដីស្រែ ហើយឪពុករបស់លោកចេញទៅហាមឃាត់។

អ្នក​ភូមិ​រូប​នេះបានរៀបរាប់ទាំងអួលដើមកថា ឪពុក​ម្ដាយ​របស់​លោក​បាន​ទិញ​ដី​ទំហំ​ជាង៣​ហិកតា​នៅ​​តំបន់​ចាន់ជ្វា ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី ឃុំ​អន្សាចំបក់ នៅ​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩០ ដោយសារ​គ្រួសារ​លោក​ពុំ​មាន​ដី​គ្រប់​គ្រាន់​សម្រាប់ធ្វើស្រែ​ក្នុងឃុំត្រពាំងចាន់ ហើយ​ជីវភាពគ្រួសារក្រលំបាកផងនោះ។

អ្នក​ភូមិ​រូប​នេះ អះអាង​ថា ឪពុក​ម្ដាយ​លោក​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​ប្រហែល៣០​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​វិវាទ​អ្វី​នោះ​ឡើយ ប៉ុន្តែវិវាទ​ដី​ធ្លី​បាន​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ ក្រោយ​ពី​​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់បានដាក់គ្រឿងចក្រទៅឈូសឆាយនិងបោះបង្គោលរំលោភយកដីរបស់លោកអស់។

លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់សម្តេចជួយដល់គ្រួសារខ្ញុំផង ពីព្រោះប៉ាខ្ញុំអត់បានធ្វើអីផង គេមកចាប់។ វាអយុត្តិធម៌ពេកហើយ មកយកហើយ ចាប់មនុស្សទៀត។ ខ្ញុំសុំឱ្យជួយអន្តរាគមន៍ជួយដោះលែងប៉ាខ្ញុំ និងប្រគល់ដីឱ្យគ្រួសារខ្ញុំបានធ្វើវិញ ព្រោះអីបើខ្ញុំអត់មានដីនៅហ្នឹង គឺអត់មានដីស្រែសោះហ្មង»

អ្នកស្រី​ រ័ត្ន សុខន ដែលអះអាងថា​ជាម្តាយលោក ពឹម ចិត្រា បាននិយាយថា កូនប្រុសអ្នកស្រីត្រូវអាជ្ញាធរខេត្តពោធិ៍សាត់ចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពីកូនរបស់គាត់សកម្មចេញមុខតវ៉ាទាមទារដីធ្លី។

អ្នកស្រី រ័ត្ន សុខន ឱ្យដឹងថា កូនរបស់អ្នកស្រីរស់នៅភូមិក្បាលដំរី ស្ថិត​នៅ​តំបន់​ព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ ដោយដីចំនួន២កន្លែងប្រហែល២ហិកតា នៅតំបន់ទូកមាសនិងតំបន់រូងក្រពើ ស្ថិតក្នុងភូមិក្បាលដំរី ក្រោម​ដែន​រដ្ឋបាល​របស់​ខេត្តពោធិ៍សាត់។

អ្នកស្រី រ័ត្ន សុខន អះអាងថា គ្រួសារអ្នកស្រី​បានកាន់កាប់និងធ្វើស្រែ​លើ​ដី​នោះ​តាំងពីឆ្នាំ១៩៧៩រហូតមក ប៉ុន្តែពាក់កណ្តាលឆ្នាំ២០២០នេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចុះមកហាមឃាត់មិនឱ្យអាស្រ័យផលទៀតឡើយ ហើយ​អ្នកស្រីបាន​តវ៉ា​ជំទាស់​។

បើតាមអ្នកស្រី រ័ត្ន សុខន គឺមានពលរដ្ឋរាប់រយគ្រួសារនៅខេត្តកំពង់ឆ្នាំងដែលមាន​ដីធ្លីនៅខេត្តពោធិ៍សាត់ ហើយត្រូវបានអាជ្ញាធរ​ខេត្ត​នេះរឹបអូសយកទាំងបំពាន ហើយថា កន្លងមកពលរដ្ឋរាប់រយគ្រួសារទាំងនោះបានផ្ទុះការតវ៉ាដូចគ្នាដើម្បីទាមទារដីពួកគេមកវិញ។

អ្នកស្រី រ័ត្ន សុខន បន្ថែមថា៖ «ចាប់កូនខ្ញុំតែម្នាក់ឯងអ៊ីចឹង វាអត់មានភាពយុត្តិធម៌ទេ ពីព្រោះមិនមែនមានតែដីកូនខ្ញុំម្នាក់ទេ គឺពលរដ្ឋទូទាំងភូមិក្បាលដំរី មានមនុស្សរាប់ពាន់នាក់។ ឥលូវ គេចាំតែមើលថា បើសិនកូនខ្ញុំដោះស្រាយអត់ចេញទេ គេនាំគ្នាជិះទៅតវ៉ា ប៉ុន្តែមិនដឹងជាពួកគេគ្រោងទៅខាងណាទេ»

បើតាមអ្នកស្រី រ័ត្ន សុខន គឺលោក សឹង សារិត និងលោក ពឹម ចិត្រា កំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួននិងសាកសួរនៅស្នងការនគរបាលខេត្តពោធិ៍សាត់នៅឡើយ នារសៀលម៉ោង២ថ្ងៃ​នេះ។

អភិបាលរងខេត្តពោធិ៍សាត់ទទួលបន្ទុកដីធ្លី លោក ចេង ឡៃ អះអាងថា សមត្ថកិច្ច​ចាប់​ពលរដ្ឋ​ទាំង២​នាក់​នោះ ហើយ​កំពុង​ត្រៀម​ចាប់​ខ្លួន​​ពលរដ្ឋ​ផ្សេង​ទៀត បន្ទាប់​ពី​ពួកគេ​បានចូលទៅរុករានដីព្រៃច្រើនលើសលុបពេក​ក្នុងខេត្តពោធិ៍សាត់ និងបានដឹកនាំពលរដ្ឋត្រៀមតវ៉ាបិទផ្លូវជាតិលេខ៥ថែមទៀត។

អភិបាលរងខេត្តរូបនេះ បញ្ជាក់ថា អាជ្ញាធរខេត្តពោធិ៍សាត់រឹបអូសយកដីពលរដ្ឋកំពង់ឆ្នាំងចំពោះតែពលរដ្ឋណារុញដីថ្មីនិងច្រើនហិកតា ហើយមិនបានរស់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ។

លោក ចេង ឡៃ បញ្ជាក់ថា អាជ្ញាធរខេត្តបានដកដីពីពលរដ្ឋកំពង់ឆ្នាំងនិងដីក្រុមហ៊ុនភាពីម៉ិចទំហំជាង៥ពាន់ហិកតា ដើម្បីទុកបែងចែកដីសង្គមកិច្ចទៅឱ្យពលរដ្ឋខេត្តពោធិ៍សាត់នៅឃុំអន្សាចំបក់ជាង៣ពាន់គ្រួសារ ទៅតាម សជណ របស់រដ្ឋាភិបាលដែលបានចេញកាលពីឆ្នាំ២០១០។

លោក ចេង ឡៃ ប្រាប់ថា៖ «ហេតុផលចាប់ខ្លួនទី១ គឺពួកគាត់រំលោភយកដីហ្នឹងហើយ គាត់រំលោភយកដីខេត្តពោធិ៍សាត់ក្នុងបរិមាណច្រើន។ ដល់អ៊ីចឹង ដើម្បីចង់បានដីហ្នឹងច្រើន គាត់បានប្រមូលគ្នីគ្នាដើម្បីធ្វើបាតុកម្ម ហើយយើងរក្សាទុកពលរដ្ឋកំពង់ឆ្នាំងណាដែលគាត់ប្រើប្រាស់ពិតប្រាកដ រស់នៅលើដីហ្នឹងមានផ្ទះសម្បែងរហូត អត់មានធ្វើខ្ទមថ្មីៗទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ