ក្រុម​​សាច់​ញាតិ​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ដែល​​ជាប់​ឃុំ​​បន្ត​​ការ​​តវ៉ា​​ជា​ថ្មី​​ព្រឹក​​នេះ​

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីជាសាច់ញាតិរបស់សកម្មជនអតីតបក្សប្រឆាំង មកដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍ពីស្ថានទូត ករណីតុលាការចោទប្រកាន់និងឃុំខ្លួនអតីតសកម្មជនទាំងនោះ។ (ត្រាន់ តិចសេង)

​ក្រុម​ស្ត្រីនិង​សាច់ញាតិ​របស់​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង បាន​ប្រមូលផ្ដុំ​តវ៉ា​ជាថ្មី​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ដែល​ជា​ការ​តវ៉ា៧សប្ដាហ៍​ជាប់​ៗគ្នា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ​ដែល​កំពុង​ជាប់ឃុំ។

ក្រុម​អ្នក​តវ៉ា​មាន​ចំនួន​ខ្ទង់៣០នាក់ មាន​ទាំង​ស្ត្រីជា​ភរិយានិង​សាច់ញាតិ​របស់​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូលផ្ដុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​កាន់​បដា​ដែល​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេនិង​មនុស្ស​មួយចំនួន​សរុប១៧នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​ហៅថា «ចូលរួម​ក្នុង​អំពើ​ក្បត់ជាតិ» ឬក៏​«ញុះញង់»។

ដូច​រាល់ដង​ដែរ ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ស្ត្រីនិង​សាច់ញាតិ​របស់​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​ទាំងនោះ ត្រូវ​បាន​រារាំង​ដោយក្រុម​សន្តិសុខ​ខណ្ឌ៧មករា បដា​របស់​ពួក​គេ​ត្រូវ​បាន​ដណ្ដើមយក ហើយ​ពួក​គេ​ត្រូវ​បាន​រុញច្រាន​ចេញពី​មុខ​តុលាការ។

បន្ទាប់មក ក្រុម​អ្នក​តវ៉ា​បាន​ធ្វើដំណើរ​ទៅ​ដា​ក់ញត្តិ​នៅ​ស្ថានទូត​បារាំង ស្ថិតនៅ​ម្ដុំ​រង្វង់​មូល​ជ្រោយចង្វារ ដោយ​ស្នើសុំ​ឱ្យ​តំណាង​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះជួយ​អន្តរាគមន៍​ដល់​ពួក​គេ។

អ្នកស្រី សេង ចាន់ថន ដែល​ជាភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំរបស់បក្សប្រឆាំង ប្រាប់វីអូឌីមុខស្ថានទូតបារាំងថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រី សេង ចាន់ថន ប្រាប់ថា៖ «អ៊ីចឹង ការចោទប្រកាន់នេះ គឺលេសនយោបាយរបស់គេទេ។ គេចោទប្រកាន់ប្តីខ្ញុំយ៉ាងអយុត្តិធម៌បំផុត។ ប្តីខ្ញុំមិនបានធ្វើសកម្មភាពអ្វីទាំងអស់ ពីព្រោះខ្ញុំជាភរិយារបស់គាត់ ខ្ញុំដឹងពីសកម្មភាពគាត់។ មានតែពួកអស់លោកទេអត់ដឹងថាប្តីខ្ញុំទៅណាធ្វើអី ហើយចេះតែចោទប្រកាន់គ្រួសារខ្ញុំ»

អ្នកស្រី សុខ បូលីម៉ា ដែលជាភរិយារបស់លោក ឃឹម ភាណា អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិដេប៉ូ៣ និយាយថា ស្វាមីគាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ក្រោមការចោទថា«ចូលរួមក្នុងអំពើក្បត់ជាតិ»ដូចសកម្មជនផ្សេងៗទៀតដែរ។

ស្ត្រីរូបនេះឱ្យដឹងថា ពួកគាត់ធ្វើយុទ្ធនាការតវ៉ាសុំដោះលែងស្វាមីនៅរៀងរាល់ថ្ងៃសុក្រនិងបានធ្វើយុទ្ធនាការនេះរយៈពេល៧សប្តាហ៍ហើយ។

អ្នកស្រីបន្ថែមថា៖ «ការតវ៉ានេះ សន្តិសុខបានបង្ក្រាបពួកខ្ញុំ ដែលខ្ញុំជាស្ត្រីជាជនរងគ្រោះដៃទទេអត់មានអី។ គាត់ច្រានពួកខ្ញុំដួលទីងណាត់ទីងណែង។ ទង្វើហ្នឹង គឺជា​ទង្វើអមនុស្សធម៌ដែលខ្ញុំមិនអាចទទួលយកបានទេ»

ក្រោយអ្នកតវ៉ាមកដល់មុខស្ថានទូតបារាំង គឺមន្ត្រីស្ថានទូតបានហៅតំណាងអ្នកតវ៉ាចំនួន៦នាក់ចូលទៅក្នុងស្ថានទូត។ បើតាមអ្នកស្រី សេង ចាន់ថន មន្ត្រីស្ថានទូតបារាំងបានទទួលញត្តិពីពួកគាត់ ហើយមន្ត្រីស្ថានទូតប្រាប់ថា ពួកគេនឹងពិភាក្សាគ្នាលើសំណើរបស់ពួកគាត់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា បានចាត់ទុកសកម្មភាពរបស់ក្រុមសន្តិសុខនិងសមត្ថកិច្ចខណ្ឌ៧មករាថា ជាការរំលោភសិទ្ធិសម្ដែង​មតិ​ដោយសន្តិវិធី ដែលចែងក្នុងច្បាប់ជាតិនិងអន្តរជាតិផងដែរ។

លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «អ៊ីចឹង​ហើយ​សកម្មភាព​ទាំងនេះ វា​ជាការរំលោភ​ទៅលើ​សិទ្ធិ​​ ទៅលើ​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​សម្តែង​មតិ​ ដើម្បី​ឱ្យ​សាធារណ​ជន​បានដឹង​អំពីអ្វី​ដែល​ជា​ការ​សំណូមពរនិង​ការ​ទាមទារ​របស់​ពួក​គាត់»

វីអូឌីមិនអាចសុំការឆ្លើយបញ្ជាក់ពីអភិបាលខណ្ឌ៧មករា លោក លឹម សុភា បានទេ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

ប៉ុន្តែបុរសម្នាក់ស្លៀកពាក់ស៊ីវិល​ដៃកាន់វិទ្យុទាក់ទង ដែលបញ្ជាទៅក្រុមសន្តិសុខខណ្ឌ៧មករាឱ្យចាប់យកបដាពីអ្នកតវ៉ា​ ដែលមិនប្រាប់ឈ្មោះ បាននិយាយថា អាជ្ញាធរមិនឱ្យពលរដ្ឋលើកបដានិងស្រែកតវ៉ា គឺដើម្បីរក្សាសណ្តាប់ធ្លាប់មុខតុលាការ។

បុរស​រូប​នោះ​បន្ថែមថា៖ «កន្លែងគេធ្វើការ យើងធ្វើអ៊ីចឹង វារំខានដល់គេធ្វើការ។ អ៊ីចឹង យើងត្រូវតែរក្សាសណ្តាប់ធ្លាប់នៅទីនេះ»

បើតាមអ្នកស្រី សុខ បូលីម៉ា គឺពួកគាត់​បាន​ដា​ក់ញត្តិ​នៅ​ស្ថានទូត​តំណាង​ឱ្យ​ប្រទេស​មហា​អំ​ណាច​ធំៗ មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង់គ្លេស អូស្ត្រាលី និង​ជប៉ុន​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ