វៀតណាម​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​ចំនួន​៤៥​ករណី​​ថ្មី​ទៀត​​ដែល​​ចម្លង​​ក្នុង​​សហ​គមន៍​​

អ្នកជំនាញផ្នែកវេជ្ជសាស្ត្របូមយកសំណាកឈាមពីបុរសម្នាក់ក្រោយពេលបុរសនោះត្រលប់ពីក្រុងដាណាងវិញ ដោយធ្វើតេស្តនៅមណ្ឌលធ្វើតេស្តរកកូវីដ១៩ ស្ថិតនៅក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ (REUTERS/Kham)

វៀតណាម​បាន​រក​ឃើញ​អ្នកមាន​កូ​វីដ១៩ចំនួន៤៥ករណី​ថ្មីទៀត​នៅ​ទីក្រុង​ដា​ណាង ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​​សរុប​នៅក្នុង​ប្រទេស​នេះ​កើនឡើង​ដល់ ៥៩០ករណី។

ក្រសួងសុខាភិបាល​របស់​វៀតណាមបាន​បញ្ជាក់​ថា​ ករណី​វិជ្ជមាន​ថ្មីនេះ​ត្រូវ​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ មណ្ឌលសុខភាព និង​សណ្ឋាគារ​ដែល​ដាក់​អ្នកជំងឺ​នៅក្នុង​ទីក្រុង​ដា​ណាង។ 

ប្រភព​ពី​កាសែត​ក្នុង​ស្រុក​មួយបាន​បង្ហាញថា អ្នកជំងឺ​ដែល​មាន​អាយុ​ពី​ចន្លោះ២៧ទៅ៨៧ឆ្នាំ​ចំនួន៣៣នាក់ ត្រូវ​បាន​រក​ឃើញវិជ្ជមានកូវីដ១៩​ក្នុង​មន្ទី​រពេទ្យ​ក្រុង​ដា​ណាង ក្នុង​នោះ​មាន៤នាក់​ត្រូវ​បាន​រក​ឃើញ​នៅកន្លែង​ពិនិត្យ​ជំងឺសួត ២នាក់រក​ឃើញ​នៅកន្លែង​ពិនិត្យ​ជំងឺមហារីក និង​អ្នកជំងឺ៤នាក់​ផ្សេងទៀត​រក​ឃើញ​នៅ​កន្លែ​ងដាក់​អ្នកជំងឺ​តម្រងនោម។ ក្នុងចំណោម​ករណី​ថ្មី​ទាំងនេះ​មាន​អ្នកជំងឺ​ចំនួន៩នាក់ ត្រូវ​បាន​អះអាង​ថា ​ជាស​មា​ជិ​កគ្រួសារ​នៃ​អ្នកជំងឺ​ដែល​ស្នាក់នៅ​ក្នុង​មន្ទី​រពេទ្យ​ក្នុង​ទីក្រុង​ដា​ណាង។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វីដ១ករណី​រក​ឃើញ​នៅក្នុង​មណ្ឌលសុខភាព​ក្នុង​ស្រុក​កាឡៃ។

ក្រៅពី​នេះ ៤ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​បន្ថែម​ពី​ក្នុង​សណ្ឋាគារ​ដែល​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក។

ករ​ណី​ថ្មី​ៗនេះកើតឡើង​ស្រប​ពេល​ដែល​មន្ត្រី​វៀតណាម​ទូទាំង​ប្រទេស ចាប់ផ្តើម​រឹតត្បិត​នូវ​សកម្ម​ភាព​ផ្សេង​ៗរបស់ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ Madison បានឱ្យ​ដឹង​ថា បន្ទាប់ពី​​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩មានការ​កើនឡើង​ក្នុង​សហ​គម​ន៍ ទីក្រុង​ដា​ណាង​បាន​ចាប់ផ្តើម​បង្កើត​មន្ទី​រពេទ្យ​បណ្តោះអាសន្ន​មួយក្នុង​សា​លម​ហោ​ស្រប​កីឡានិង​ប្រមូល​ក្រុម​គ្រូពេទ្យ​មក​ពី​គ្រប់​ទីក្រុង​ដើម្បី​ទប់ស្កាត់។

ទីក្រុង​ធំ​របស់​វៀតណាម​ដូចជា ហាណូយនិង​ហូជីមិញ ត្រូវ​បាន​បញ្ជា​ឱ្យ​មានការ​បិទ​រង្គសាលនិង​ពន្យា​រពេល​ការ​ជួប​ជុំ​ធំៗ​ផ្សេង​ៗ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ អាជ្ញាធរ​ទីក្រុង​ហាណូយ​ក៏​កំពុង​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩លើ​មនុស្ស​ជាង២១ ០០០នាក់​ដែល​វិលត្រឡប់​មក​ទីក្រុង​ដា​ណាង​វិញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រក​ឃើញ​ចំនួន​អ្នក​ឆ្លង៤៥ករណី​ថ្មីនេះ ជា​ចំនួន​មួយ​ដ៏​ធំ​បំផុត​នៃ​ការ​ឆ្លង​ក្នុង​សហ​គម​ន៏​ក្នុង​ប្រទេស​វៀតណាម រាប់​ចាប់តាំងពី​មាន​ករណី​ដំបូង​ក្នុង​តំបន់​ត្រូវ​បាន​គេ​រក​ឃើញលើ​ខ្លួន​បុរស​ជនជាតិ​វៀតណាម វ័យ៥៧ឆ្នាំម្នាក់​ក្នុង​ទីក្រុង​ដា​ណាង។ ការ​ឆ្លង​ថ្មីនេះ​ធ្វើ​ឱ្យ​ចំនួន​ករណី​វិជ្ជមាន​ក្នុង​ប្រទេស​វៀតណាម​មានការ​កើនឡើង​ចំនួន៩៣នាក់​បន្ថែម ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង​វិញ​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ