គ្រុនឈីកកើតមានជាង១ពាន់ករណីនៅខេត្តចំនួន១២

ក្រុមអាជ្ញាធរក្រុងប៉ោយប៉ែតនិងក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)

ក្រសួងសុខាភិបាលបានបញ្ជាក់ថាគិតត្រឹម​ថ្ងៃម្សិលមិញ ករណីជំងឺគ្រុនឈីកនៅទូទាំងប្រទេស កម្ពុជាសរុបមានចំនួន១០២០ករណីដែល​កើតមាន​ក្នុងខេត្តចំនួន១២។

យោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែលចេញនៅថ្ងៃទី១ ខែសីហា ករណី ជំងឺនេះត្រូវបានរកឃើញមានក្នុងនោះខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម ភាគច្រើន​ជាងគេពោលគឺមានជាង៨០ភាគរយក្នុងចំណោម​ករណីទាំងអស់​។ ដោយឡែក​ខេត្តឧត្តរ​មានជ័យ តាកែវ ពោធិ៍សាត់ ស្ទឹងត្រែង បៃលិន ត្បូងឃ្មុំ កំពត និងខេត្តព្រះសីហនុ​មានប្រមាណ​ជិត​២០ភាគរយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវបានដកស្រង់សម្តីមកចុះផ្សាយក្នុងសេចក្តីជូនព័ត៌មាននោះថា៖«ការទប់ស្កាត់ និងការពារជំងឺគ្រុនឈីកនេះ គឺវាដូចទៅនឹងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើ​ការការពារ​កុំឱ្យមូសខ្លាញីខាំ​ តាមរយៈការលុបបំបាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើត​សត្វមូស​នេះ»។

​ខិត​បណ្ណ​របស់ក្រ​សួង​សុខាភិបាល​ដែល​ចេញផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ២០១៦ បង្ហាញថា ជំងឺ​គ្រុន​ឈី​កកើតឡើង​ដោយសារ​មូស​ខ្លាខាំ ដែលធ្វើឱ្យ​អ្នកជំងឺ​គ្រុនក្តៅ​ពី ៣៩ ទៅ ៤០អង្សា​សេ។  អ្នកជំងឺគ្រុនឈីក​មានស្នាម​កន្ទួល​ក្រហម​លើ​ស្បែក អ្នកជំងឺ​អាច​ខ្សោះ​ជាតិទឹក​ដោយសារ​ក្អួត ហើយសាច់ដុំ​ចុះ​ខ្សោយ ហើម​ប្រអប់ដៃ​ប្រអប់ជើង ឈឺសន្លាក់​ម្រាមដៃ​ម្រាមជើង ឈឺក្បាល​ខ្លាំង ឈឺចង្កេះ អស់កម្លាំង​ខ្លាំង​ជាដើម។ គ្រុន​ឈី​ក អាច​ឱ្យ​អ្នកជំងឺ​ឈឺ​រយៈពេល​ពី ៥ថ្ងៃ ទៅ ១សប្ដាហ៍ ទើប​ជា​សះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ