គណៈ​មេធាវី​​ហុង​កុង​​ថា​​ការ​​ពន្យា​រ​ពេល​​បោះ​ឆ្នោត​​សភា​​ក្រុង​​អាចជា​​​រឿង​​ខុស​ច្បាប់​

លោក​ស្រី Carrie Lam ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង ថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ (REUTERS/Lam Yik)

​គណៈមេធាវី​នៃ​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ការសម្រេច​ចិត្ត​លើក​ថ្ងៃ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង​សម្រាប់​នីតិកាល​នេះ អាច​ចាត់ទុកថា​ជា​អំពើខុស​ច្បាប់។

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័​រ លោក​ស្រី Carrie Lam ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង កាលពី​ថ្ងៃសុក្រសប្តាហ៍មុន បា​នព​ន្យា​រពេល​បោះឆ្នោត​ក្រុមប្រឹក្សា​សភា​ក្រុង​ទៅ​ឆ្នាំក្រោយ​វិញ ដោយ​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩នៅក្នុង​ទីក្រុង ក៏ប៉ុន្តែ​ការ​អះអាង​នេះត្រូវ​បាន​ក្រុម​អ្នកប្រឆាំង​ថា ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ការបោះឆ្នោត​នីតិកាល​នេះ​គឺជា​ការបោះឆ្នោត​ដំបូង​ជា​ផ្លូវការ​របស់​ទីក្រុង​ហុងកុង ចាប់តាំងពី​ទីក្រុង​ប៉េកាំង​បាន​ដាក់ចេញ​ច្បាប់​សន្តិសុខ​ថ្មី​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​ដែល​រដ្ឋាភិបាល​ចិន​មើលឃើញ​ថា​កំពុង​កើត​មាននៅ​ហុងកុង​ក្នុង​នោះ​រួមមាន​ចលនា​ផ្តាច់​ខ្លួន​ ការបង្កើត​ភាព​វឹកវរ​ អំពើ​ភេរវកម្ម​ និង​ការ​ឃុបឃិត​ខុសច្បាប់​ជាមួយ​ជនបរទេស។ 

គួរ​បញ្ជាក់​ថា ច្បាប់​ទីក្រុង​ហុងកុង​ដែល​ស្ថិតនៅ​ក្រោម​អាណានិគម​អង់គ្លេស បាន​ផ្តល់​អំណាច​ខ្លាំងឱ្យ​រដ្ឋាភិបាល​ក្នុង​ការសម្រេច​ចិ​ត្ត​ពន្យរពេល​បោះឆ្នោត​នៅក្នុង​ករណី​មានការ​គំរាមកំហែង​ដល់​សុវត្ថិភាព​សាធារណៈ។ ប៉ុន្តែ​ពេល​បច្ចុប្បន្ន ច្បាប់បោះឆ្នោត​នៃ​ទីក្រុង​នេះត្រូវ​បាន​ផ្លាស់​ប្តូរដោយ​អនុញ្ញាត​ឱ្យ​មាន​ការ​ពន្យារ​ពេល​បោះឆ្នោត​ត្រឹម១៤ថ្ងៃ។ 

ក្នុង​សេចក្តី​ថ្លែង​កា​រណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃអាទិត្យ គណៈមេធាវី​នៃ​ទីក្រុង​ហុងកុងបាន​និយាយ​ថា ​ច្បាប់បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​ថ្មីនិង​ច្បាស់លាស់​ជាង​មុន នៅពេល​ដែល​មាន​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ណាមួយ​កើតឡើង​ក្នុងអំឡុងពេល​បោះឆ្នោត ដែល​ជាទូទៅ​ច្បាប់​ថ្មី​គួរ​ដាក់​ឱ្យ​ប្រើប្រាស់​ជំនួស​ច្បាប់​ចាស់។

សេចក្តី​ថ្លែង​កា​រណ៍ដដែល​បាន​បញ្ជាក់​ថា ការ​ពន្យា​រពេល​បោះឆ្នោត​ដោយ​អាសន្ន​បែបនេះ អាចនឹង​ជា​អំពើខុស​ច្បាប់។

ការ​ពន្យារ​ពេលនេះត្រូវ​បា​នប្រ​កាសបន្ទាប់ពីបេក្ខជន​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន១២រូប ត្រូវ​បាន​ដកហូត​សិទ្ធ​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត ដោយ​ចោទ​ថា ​ពួក​គេ​មាន​ចេតនា​បំភិតបំភ័យនិង​ប្រឆាំង​ច្បាប់​សន្តិសុខ។ ក្រុមប្រឆាំងដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យសង្ឈឹម​ថា ​ពួក​គេ​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​កាលពី​ឆ្នាំមុន។

លោកស្រី Carrie Lam បាន​និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​ហុងកុងកំពុង​ស្វែងរក​ជំនួយ​ពី​សភា​ជាន់ខ្ពស់​របស់​ចិន ដើម្បី​កែប្រែ​ចំណុច​ខ្វះ​ខាតដែល​បង្កឡើង​ដោយ​សភា​ផុត​អាណត្តិ។ 

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo បាន​និយាយ​ថា៖ «ហុងកុងទំនង​មិន​អាច​មានការ​បោះឆ្នោត​សារ​ជាថ្មី​ម្តង​ទៀត​សម្រាប់​អ្នកណាមួយ​ទៀត​បាន​នោះ​ទេ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក៏បាន​និយាយ​ពី​លទ្ធភាព​នៃ​ការ​ពន្យា​រពេល​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតីនៅ​ថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ​ដែរ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​បាន​ផ្តល់​អំណាច​នោះ​ដល់​សភា មិនមែន​ប្រធានាធិបតី​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ