អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​សុំ​​ឱ្យ​​ពលរដ្ឋ​​ផ្អាក​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ទឹក​​អំឡុង​​ពេល​​អាកាស​ធាតុ​​មិន​ល្អ​​

សមត្ថកិច្ចកំពុងជួយសង្រ្គោះក្រុម​ទេសចរដែលលិចទូកនៅកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ទំព័រហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ)

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋបង្កើន​ការ​ប្រុងប្រយ័ត្ននិង​ផ្អាក​ការ​ធ្វើដំណើរ​តាមផ្លូវទឹក​ក្នុងករណី​មិន​ចាំបាច់ ដោយសារ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល។

ការ​អំពាវនាវ​នេះបាន​ធ្វើឡើង​ក្រោយពី​មាន​ករណី​ទូក​ឈើ​ដឹក​អ្នកទេសចរ​មួយ​គ្រឿង​បាន​លិច កាលពី​រសៀល​ថ្ងៃទី១ ខែសីហា ដោយសារ​បញ្ហា​អាកាសធាតុ ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យមាន​មនុស្ស​រងគ្រោះ​ថ្នាក់​ដោយសារ​ហេតុការណ៍​នេះ​ទេ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី៣១ ខែកក្កដា កម្ពុជាបាន​រង​នូវ​វិសម្ពាធ​ទាប​មួយដែល​វិវត្ត​ទៅជា​ព្យុះ​ឈ្មោះ ស៊ីន​ឡា​គូ (SINLAKU​) ហើយ​បាន​បោកបក់​មកកាន់​តំបន់​ភ្នំនិង​តំបន់​មាត់សមុទ្រ។ រដ្ឋបាល​ខេត្ត​បន្ត​ថា ស្ថានភាព​នេះអាចនឹង​ធ្វើឱ្យខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ច្រើននិង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង រួម​ជាមួយ​នឹង​ខ្យល់បក់​ខ្លាំងនិង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី៥ ខែសីហា​នេះ។ 

ករណីនេះ រដ្ឋបាល​ខេត្តបាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដោយ​ជលយាន ប្រជាពលរដ្ឋ ប្រជា​នេសាទ និង​ភ្ញៀវ​ទេសចរ​នានា ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ឬផ្អាក​ការ​ធ្វើដំណើរ​តាមផ្លូវទឹក​ក្នុងករណី​មិន​ចាំបាច់ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាពនិង​ចៀសវាង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗជាយថាហេតុ។

រដ្ឋបាល​ខេត្តក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាននិង​សមត្ថកិច្ច​ពាក់ព័ន្ធបន្ត​យកចិត្ត​ទុកដាក់​តាមដាន​ស្ថានភាព​អាកាសធាតុនិង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ត្រៀម​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​នានា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ