ពលរដ្ឋ​​អះ​អាង​​ថា​ អ្នក​ភូមិ​​ប្រហែល​២០​នាក់​​ត្រូវ​​អាជ្ញា​ធរ​​ខេត្ត​​ត្បូង​ឃ្មុំ​​ចាប់​ខ្លួន​​ក្នុង​​ជម្លោះ​ដី​ធ្លី​​នៅ​​ស្រុក​​តំបែរ​​

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កងកម្លាំងសមត្ថកិច្ចឃុំត្រពាំងព្រីង សម្ថកិច្ចស្រុកតំបែរ ចុះអន្តរាគមន៍ក្រោយពេលពលរដ្ឋចុះរារាំងគ្រឿងចក្រក្រុមហ៊ុនចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង។ (ព័ត៌មានសហគមន៍ដីធ្លីភូមិស្រែប្រាំងខេត្តត្បូងឃ្មុំ)

ពលរដ្ឋ​អះអាង​ថា ប្រជា​សហគមន៍​ខ្ទង់២០នាក់ នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃនេះ នៅពេល​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​ដីធ្លី​ជូន​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង។

លោក ថា លីដា ដែល​កំពុង​រត់គេច​ខ្លួន​ដោយសារ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន ប្រាប់​វី​អូ​ឌី​ថា អ្នកភូមិ​ប្រហែល២០នាក់​ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ​រ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួនក្រោយពី​ចេញមុខ​តវ៉ា​ប្រឆាំង​នឹង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចូល​ឈូស​ឆាយដី​ធ្លី​ស្រែចម្ការ​របស់​ពួក​គេ។

ពលរដ្ឋ​រូប​នេះ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃនេះ បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ប្រហែល៥០០នាក់​ រួមមាន​ នគរបាល កម្លាំង​អាវុធហត្ថ និង​អាជ្ញាធរ​ស្រុក ដែល​ប្រដាប់ដោយ​កាំភ្លើង ដំបង​ឆក់ និង​ខ្នោះដៃ ចូល​ទៅតាម​ភូមិ ដើម្បី​ការពារ​គ្រឿងចក្រ​របស់​ក្រុមហ៊ុនដែល​ចុះ​កាយ​ផ្តាច់​ផ្លូវ​ចេញចូល​សហគមន៍និង​ឈូស​ឆាយ​ខ្ទម រួម​ទាំង​ផលដំណាំ​របស់​ពួក​គេ។

លោក ថា លីដា បន្ថែម​ថា៖ «ពួក​ខ្ញុំ គេ​តាម​ចាប់​ដែរ ដោយសារតែ​ឥលូវហ្នឹង ខាង​សន្តិសុខ​ភូមិ​បាន​ដើរ​ចង្អុល​ផ្ទះ​អ្នក​ដែល​មាន​ឈ្មោះ​តវ៉ា​ដីធ្លី​ប្រាប់​ទៅ​ខាង​កម្លាំង​សមត្ថកិច្ច ហើយ​ព្រឹកមិញ​នេះសមត្ថកិច្ច​បាន​ចូលចាប់​ពលរដ្ឋ​ដល់​លើ​ផ្ទះ​ពួក​គាត់​តែម្តង។ រឿង​នេះ​វា​អយុត្តិធម៌​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ គេ​រំលោភ​យក​ដីធ្លី​ហើយ គេ​ចាប់​ម្ចាស់ដី​ទៀត។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច ហ៊ុន​ សែន ជួយ​ដោះស្រាយនិង​អន្តរាគមន៍​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួ​ននោះ​ផង»។

អធិការ​នគរបាល​ស្រុក​តំបែរ លោក ប៉េង អេងហាក់ បដិសេធ​បកស្រាយ​អំពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ ហើយ​បាន​រុញ​ឱ្យ​សាកសួរ​ទៅ​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​វិញ។

នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុង បាន​ទទួលស្គាល់​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនោះ ប៉ុន្តែលោក​មិន​អាច​បញ្ជាក់​បាន​ថាមាន​ចំនួន​ប៉ុន្មាន​នាក់​ពិតប្រាកដ​នោះ​ឡើយ។ មន្ត្រី​សាលាខេត្ត​រូប​នេះ អះអាង​ថា ការ​ចាប់ខ្លួន​បាន​កើតឡើងដោយសារ​ពលរដ្ឋ​ទាំងនោះ​បាន​រារាំង​ការ​ចុះ​អនុវត្ត​ដីការក្សា​ការពារ​ដី​ក្រុមហ៊ុន ដើម្បី​បណ្តេញ​ចេញ​ពលរដ្ឋ​ដែល​លោក​ថាបាន​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ។

លោក ម៉ៅ ឌុង បញ្ជាក់​ថា ពលរដ្ឋ​ទាំងនោះត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​តាម​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ។ លោក​ថា បើ​ពលរដ្ឋ​ណា​មិន​ជាប់ពាក់ព័ន្ធ​នឹង​ដីកា​ចាប់ខ្លួន​ទេ នឹង​ត្រូវ​ដោះលែង​វិញ ប៉ុន្តែចំពោះ​ពលរដ្ឋ​ដែល​មាន​ដីកា​ចាប់ខ្លួន សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់វិធានការ​តាម​នីតិ​វិធី​ច្បាប់។

លោក ម៉ៅ ឌុង បន្ថែម​ថា៖ «ពលរដ្ឋ​ប៉ុន្មាន​ហ្នឹងគឺ​គេ​ឃាត់ខ្លួន​មែន ឃាត់ខ្លួន​ដើម្បី​យក​ទៅ​សួរនាំ។ ជា​ធម្មតា​ទេ ពេល​គេ​ចុះ​អនុវត្ត​អ៊ីចឹង បើ​អ្នក​តវ៉ា​មានការ​ប្រឆាំង​នឹង​មន្ត្រី​រាជការ គឺ​ចាប់​សិន​ហើយ។ មិនមែន​គាត់​មាន​កំហុស​អី​ទេ តែ​គេ​ចាប់​នេះ​ដោយសារ​រារាំង​ការ​ចុះ​អនុវត្ត»។

មន្ត្រី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេង​ហាន បានឱ្យ​ដឹង​ថា លោក​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែល​ប្រាប់​លោក​ថា មាន​អ្នកភូមិ២១នាក់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​មិនទាន់​ត្រូវ​បាន​ដោះលែង​នៅឡើយ​ទេ​នៅ​ត្រឹម​ម៉ោង៥រសៀល​ថ្ងៃនេះ។ ប៉ុន្តែលោក សេង​ហាន ប្រាប់​ថា លោក​មិនទាន់​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​នៅឡើយ​ទេ​អំពី​ករណីនេះ ដោយ​ប្រាប់​ថារវល់។

ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​តំណាង​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ី​នវេ​សមេន ប៉ុន្តែបាន​បដិសេធ​ប្រាប់​ឈ្មោះ​ជាក់លាក់​នោះ បាន​ចោទ​ពលរដ្ឋ​ថា តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករនិង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​នា​ពេល​កន្លងមក។ ស្ត្រី​រូប​នេះចោទ​ពលរដ្ឋ​ទៀត​ថា បាន​កាន់កាប់​ដី​ក្រុមហ៊ុន​ដោយ​ខុសច្បាប់ ហើយ​ក្រុមហ៊ុន​ក៏បាន​ប្ដឹងទៅតុលាការ​ផង​ដែរ ប៉ុន្តែអ្នកស្រី​មិន​ចាំ​ចំនួន​ពលរដ្ឋ​ពិតប្រាកដដែល​ក្រុមហ៊ុន​បាន​ប្ដឹង​នោះ​ឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «គាត់​[ពលរដ្ឋ​តវ៉ា​]បាន​យក​ចម្ពាម​ទៅ​បាញ់​បំផ្លាញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ហើយ​គាត់​បាននាំគ្នា​ទៅ​វាយ​សន្តិសុខ​របស់​ក្រុមហ៊ុន​ហ្នឹង គឺ​គេ​មាន​ភស្តុតាង​បាន​ប្តឹង​ទៅ​តុលាការ ហើយ​ក្រុមហ៊ុន​បាន​ប្តឹង​ពលរដ្ឋ​ហ្នឹង​ច្រើន​នាក់​ដែរ។ អ៊ីចឹង​សុំ​ឱ្យទៅ​មើល​ផ្ទាល់ ហើយ​ចុះ​ព័ត៌មាន​ឱ្យ​ពិតប្រាកដ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​ពិតប្រាកដ»។

កាលពី​ឆ្នាំមុន ក្រសួង​រៀបចំ​ដែនដីបាន​ទទួលស្គាល់​ថា ដី​ទំហំ៤២,១៧០ហិ​កតា ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង បុស្ស​ស្នោ​រ និង​ភូមិ​ត្រពាំងព្រីង នៅ​ស្រុក​តំបែរ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ហើយ​ក្រុមហ៊ុន​ចិន​មួយ​នេះបាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​រួចរាល់​ហើយ។ ក្រសួង​បញ្ជាក់​ថា មន្ទីរ​រៀបចំ​ដែនដី​ខេត្តក៏បាន​ចុះបញ្ជី​ដីធ្លី​ជូន​ក្រុមហ៊ុន​រួចរាល់​ហើយ​ដែរ។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត ដែល​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស ប្រាប់​ថា មួយរយៈពេល​ចុងក្រោយ​នេះ ​លោក​សង្កេតឃើញ​សកម្មភាព​អាជ្ញាធរ​ចាប់ខ្លួននិង​ចោទប្រកាន់​ពលរដ្ឋ​ដោយសារ​ជម្លោះដីធ្លី ហាក់​មានការ​កើនឡើង។

អ្នក​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព មាន​យុត្តិធម៌ និង​ចំ​ឫសគល់​នៃ​បញ្ហា ជាជាង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ ដែល​អាច​នាំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធំនិង​កើតឡើង​កាន់តែ​ខ្លាំង​នៅពេល​ខាងមុខ។

លោក អំ សំអាត ប្រាប់​ថា៖ «រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ដោយសន្តិវិធី​ដែល​អាច​ទទួលយក​បាន​ទាំងអស់គ្នា។ អ៊ីចឹង​ឫសគល់​ដែល​ត្រូវ​ដោះស្រាយ គឺ​រឿង​បញ្ហា​ដីធ្លី មិនមែន​ជា​រឿង​ចាប់​ចងឬក៏​ជា​ការចោទប្រកាន់​នោះ​ទេ។ ការ​ចាប់ចងនិង​ការចោទប្រកាន់​ក៏​មិនមែន​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ដីធ្លី​នោះ​ដែរ។ ជាពិសេស វា​កាន់តែ​បង្កើន​នូវ​ការ​ខឹងសម្បារ​ពី​ប្រជាពលរដ្ឋ ហើយ​បង្ក​បញ្ហា​ហ្នឹង​ឱ្យ​កាន់តែ​ធំ​ទៀត»។

ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នេះ​ដែរ តំណាង​សហគមន៍​ស្រែប្រាំង លោក សែម សាង ត្រូវ​បាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​សម្រេច​កាត់ទោស​កាលពីដើម​ខែមិថុនា​កន្លងមក ឱ្យ​ជាប់ពន្ធ​នា​គារ៧ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​កំហែង​យក​ដោយមាន​អាវុធ។ អ្នកភូមិ​រូប​នេះត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួន​នៅ​ឯភូមិ​ស្រែប្រាំង​កាលពី​ខែតុលា​ឆ្នាំមុន ​នៅក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ