រាជ​រដ្ឋា​ភិបាល​បន្ត​​លើក​លែង​​ការ​​បង់​ពន្ធ​២​ខែ​​ទៀត​​ដល់​​សណ្ឋា​គារ​ ផ្ទះ​សំណាក់​ ភោ​ជ​នីយ​​ដ្ឋាន​ និង​​ទី​ភ្នាក់​ងារ​​ទេស​ចរណ៍​

បុរសអ្នកបើកកង់បីម្នាក់បើកឆ្លងកាត់ពីមុខសណ្ឋាគារ អប្សរាអង្គរ ដែលមានទីតាំងក្នុងខេត្តសៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

​ក្រសួងទេសចរណ៍ប្រកាស​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​រយៈពេល​ពីរ​ខែ​បន្ថែម​ទៀត ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​មួយចំនួន ខណៈ​កម្ពុជា​នៅ​បន្ត​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ លោក ទិត ចន្ថា បាន​លើកឡើង​នៅក្នុង​លិខិត​កាលពី​ថ្ងៃទី០៣ ខែសីហា ទៅកាន់​ប្រធានមន្ទីរ​ទេសចរណ៍​រាជធានីនិង​ខេត្ត​ចំនួន៧ ថា កាលពី​ថ្ងៃទី៣១ ខែកក្កដា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​បន្ថែម ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​ជាតិ ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ការ​ស្តារនិង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោក​បាន​បន្ត​ថា ករណីនេះ ក្រសួង​ណែនាំ​ដល់​ប្រធានមន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ទាំងនោះ បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនីយ​ដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារនិង​មាន​សកម្មភាព​អាជីវកម្មនៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត ក្រុង​បាវិត ​(ខេត្តស្វាយរៀង​) និង​ក្រុង​ប៉ោយប៉ែត ​(ខេត្ត​បន្ទាយមានជ័យ​) ចាប់ពី​ខែសីហាដល់​ខែកញ្ញា។

លោក ទិត ចន្ថា ក៏បាន​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ព្យួរឬ/នឹង​ត្រូវ​ព្យួរ ដាក់ពាក្យ​ស្នើសុំ​ព្យួរ​កិច្ចសន្យា​ការងារ​នៅ​ក្រសួងការងារ តាមរយៈ​មន្ទីរ​ការងារ​រាជធានី​-ខេត្ត ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ៤០ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​រយៈពេល២ខែ​បន្ត​ទៀត ចាប់ពី​ខែសីហាដល់​ខែកញ្ញាពី​រាជរដ្ឋាភិបាល។ 

តែ​យ៉ាងណា លោក​ថា សហគ្រាសនិង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមចំណែក​តាម​គោលការណ៍ស្ម័គ្រចិត្តនិង​តាម​លទ្ធភាព​ជាក់ស្តែង​បន្ថែម​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន។

កាលពី​ខែកុម្ភៈ រាជរដ្ឋាភិបាលបាន​ចាប់ផ្តើម​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារនិង​ផ្ទះសំណាក់ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារនិង​មាន​សកម្មភាព​អាជីវកម្មនៅក្នុង​ខេត្តសៀមរាប និង​បាន​បន្ត​ការលើកលែង​ពន្ធ​ជាបន្តបន្ទាប់​ទៀតចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត និង​ក្រុង​មួយចំនួន​ទៀត​ដែល​ជាគោល​ដៅ​ទេសចរណ៍​សំខាន់​របស់​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ