រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌មាន​​ណែ​នាំ​​មន្ត្រី​​កុំ​​ចាត់​ទុក​​អ្នក​សារ​ព័ត៌មាន​​ដែល​​សរសេរ​​ចំណុច​​អវិជ្ជ​​​មាន​​ថា​​ជា​​ក្រុម​ប្រឆាំង​​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ជំរុញ​ទៅ​មន្ត្រី​កុំឱ្យ​ចាត់ទុក​អ្នកសារព័ត៌មាន​ដែល​រាយការណ៍​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ថា​ជា​ក្រុមប្រឆាំង​ទាំងអស់ ដោយ​ថា ចំណុច​អវិជ្ជមាន​ខ្លះ​ អ្នកសារព័ត៌មាន​សរ​សេរមិន​មែន​សុទ្ធតែ​ខុស​នោះ​ទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​ការងារ​ឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ២០២០ របស់ក្រ​សួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-ខេត្ត នៅ​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ លើកឡើង​ថា ស្ថាប័ន​ដែល​រង​នូវ​ការ​ចោទ​ពាក់ព័ន្ធ​ព័ត៌មាន​មិន​ពិត ស្ថាប័ន​ទាំងនោះ​មិន​ត្រូវ​ដេកលក់​ទេ តែ​ត្រូវ​ចេញ​បំភ្លឺ​ដោយ​ព័ត៌មាន​ពិត​ឱ្យ​បាន​ឆាប់។

ក្រៅពី​ចេញ​បំភ្លឺ​នោះ រដ្ឋមន្ត្រី​រូប​នេះបាន​ថា មន្ត្រី​ទាំងអស់​ត្រូវ​ឈប់​គិត​អវិជ្ជមាន​ចំពោះ​អ្នកសារព័ត៌មាន​ដែល​សរសេរ​ខ្វះខាត​ថាជា​ពួក​ប្រឆាំង​ទៀត។ 

លោក ខៀវ កា​ញា​រី​ទ្ធ ថ្លែង​ថា៖ «មន្ត្រី​ដាច់ខាត​ឱ្យ​តែ​គេ​សរសេរ​អាក្រក់​សុទ្ធតែ​ពួក​ប្រឆាំង [អាហ្នឹង​]ឈប់ អាហ្នឹង​មួយ​ត្រូវ​ចោល ត្រូវ​មើល​គេ​សរសេរហ្នឹង​ពិត​ទេ ហើយ​ពិត​ដល់​ត្រឹមណា។ យើង​ដោះស្រាយ​យ៉ាងម៉េច នេះ​ជា​ការសំខាន់ មិនមែន​រឿង​អាណា​សរសេរ​អាក្រក់​ សុទ្ធតែ​រឿង​ប្រឆាំង​ហ្នឹង។ ជួនកាល​ប្រឆាំង​ គេ​និយាយ​ត្រូវ​ដែរ យើង​មើល​សំខាន់​កន្លែង​ហ្នឹង ហើយ​ការ​ប្រទាំង​ប្រទើស​គ្នា​ធ្វើ​ឱ្យ​យើង​រក​ផ្លូវ​ចេញ​បាន​ល្អ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា ប្រសិនបើ​អ្នកនាំពាក្យ​នៅ​ក្រសួង​ណាមួយ​ពិបាកឬមិន​ឆ្លើយតប​នោះ លោក​ថា អ្នកសារព័ត៌មាន​អាច​ធ្វើ​របាយការណ៍​មកកាន់​ប្រធាន​អ្នកនាំពាក្យ​បាន។

លោក ផៃ ស៊ី​ផាន ថ្លែង​ថា៖ «ខ្ញុំបាទ​! ជម្រាប​ជូន​អ្នកសារព័ត៌មាន បើសិន​ទូរសព្ទ​ទៅកាន់​អ្នកនាំពាក្យ​ណាមួយ​ពិបាក​នឹង​ធ្វើ​កិច្ចសហការ​នោះ សូម​ធ្វើ​របាយការណ៍​មក​ខាងយើង​ខ្ញុំ​! ខ្ញុំ​នឹង​រៀបចំ​សម្រួល​បន្ថែម​ទៀត។ នេះ​ជា​ព័ត៌មាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី»។

កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឆ្លើយតបនិង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល។

យោង​តាម​សេចក្តី​សម្រេច​ដដែល​ថា អង្គភាព​អ្នកនាំពាក្យ​នេះ ត្រូវ​ពន្យល់និង​ផ្សព្វផ្សាយ​អំពី​ប្រសិទ្ធភាព​នៃ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាលទៅកាន់​បណ្តាញ​សារព័ត៌មាន ក៏ដូចជា​សាធារណជន ដើម្បី​ចៀសវាង​ការ​បកស្រាយ​ខុសដែល​នាំ​ឱ្យ​មានការ​វាយតម្លៃ​អវិជ្ជមាន​ទៅលើ​រដ្ឋាភិបាល។

បន្ថែម​ពីលើ​នេះ អង្គភាព​អ្នកនាំពាក្យ​មាន​ភារកិច្ច​ប្រមូល តាមដាន អង្កេត និង​វិភាគ​នូវ​រាល់​ព័ត៌មាននិង​ព្រឹត្តិ​ការណ៍​នានាដែល​បាន​កើតឡើង ដើម្បី​បំភ្លឺ ព្រមទាំង​ពន្យល់​បញ្ចៀស​ការ​ផ្សព្វផ្សាយ​រាល់​ព័ត៌មាន​មិន​ពិត ដែល​មាន​ចរិត​ញុះញង់នាំ​ឱ្យ​ខូច​សន្តិសុខ សណ្តាប់​ធ្នាប់ ស្ថិរភាព និង​កិត្យានុភាព​របស់​រដ្ឋាភិបាល​ឬស្ថាប័ន​ពាក់ព័ន្ធ​ជាដើម។

អ្នកកាសែត​នៅ​ក្រុមហ៊ុន​ឯកជន​មួយ អ្នកស្រី ឡុង គឹមម៉ារី​តា ឱ្យ​ដឹង​ថា មន្ត្រី​នាំពាក្យ​នៅ​ស្ថាប័ន​ខ្លះ ឆ្លើយតប​លឿន ប៉ុន្តែអ្នកនាំពាក្យ​ខ្លះ​ពិបាក​ក្នុង​ការទាក់ទង ហើយក៏​ពិបាក​នឹង​យក​សម្រង់​សម្ដី​ដែរ។ អ្នកស្រី​ស្នើ​ទៅ​អ្នកនាំពាក្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ធ្វើការ​ឆ្លើយតប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ឱ្យ​បាន​លឿន ដោយ​អ្នកស្រី​ថា ការ​ឆ្លើយតប​របស់​អ្នកនាំពាក្យ​មាន​សារៈសំខាន់​សម្រាប់​អ្នកសារព័ត៌មាន រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ។

អ្នក​ស្រី ឡុង គឹមម៉ារី​តា ប្រាប់​ថា៖ «យើង​ទទួលស្គាល់​ថា ការងារ​ពួក​គាត់​ច្រើន ពេលខ្លះ​ក៏​គាត់​ខកខាន​ដោយ​អចេតនា​ក្នុង​ការ​ឆ្លើយតប​ពួក​យើង ប៉ុន្តែពេលខ្លះ​យើង​មិន​គិតថា វា​អចេតនា​ញឹក​ពេក​ទេ តេ​ពេលណា​ក៏​រវល់ តេ​ពេលណា​ក៏​ចុច​បិទ​ទូរសព្ទ លេខទូរសព្ទ​របស់​គាត់​ត្រូវ​បាន​អ្នក​ផ្សេង​លើក ហើយ​ថាមិនមែន​ជា​គាត់​អ៊ីចឹង។ ក្នុងនាម​យើង​ជា​កាសែត យើង​ចង់បាន​ប្រភព​គ្រប់ជ្រុងជ្រោយ ដើម្បី​កុំឱ្យ​មានការ​ចោទប្រកាន់​ថា យើង​ផ្សាយ​ព័ត៌មាន​តែ​ភាគី​ម្ខាង ហើយ​ភាគី​ម្ខាងទៀត​យើង​មិន​ទទួលយក​ការ​ឆ្លើយតប»។

អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (វី​អូ​អេ​) លោក ស៊ុន ណា​រិន លើកឡើង​ថា កន្លងមក មន្ត្រី​មួយចំនួន​តែងតែ​រើសអើង​អ្នកសារព័ត៌មាន​ដែល​សរសេរ​រឿង​ចំណុច​ខ្វះចន្លោះឬអវិជ្ជ​មាន​របស់​រដ្ឋាភិបាល ហើយ​ចាត់ទុក​អ្នកសារព័ត៌មាន​នោះ​ថា​ជា​ក្រុមប្រឆាំង​ទៅវិញ។

លោក ស៊ុន ណា​រិន ប្រាប់​ថា៖ «អាហ្នឹងគឺជា​តួនាទី​អ្នកសារព័ត៌មាន​ដែល​យើង​ជ្រើសរើស​ ដែល​មានតម្លៃ​ព័ត៌មាន ដែល​មាន​ឥទ្ធិពល ​រឿង​ដែល​ល្អ​សម្រាប់​អ្នកអាន​របស់​យើង ជាជាង​ជ្រើសរើស​រឿង​គ្រាន់តែ​ជា​ការ​ជូនដំណឹង ហើយ​ដូច​ថា ប្រជាពលរដ្ឋ​អត់​ទទួល​បានការ​វិភាគឬក៏​រឿង​ដែល​យើង​សរសេរ​ទៅ​មានការ​ផ្លាស់ប្ដូរ​អី​មួយ ​ដូចជា​ការ​កំណែទម្រង់​របស់​រដ្ឋាភិបាល។ អាហ្នឹង​គឺជា​រឿង​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង»។

អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ពុយ គា សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ដោយ​ថា អ្នកសារព័ត៌មាន​ដែល​សរសេរ​ចំណុច​អវិជ្ជមាន មិនមែន​ជា​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែពួក​គេ​ជា​អ្នកជួយ​ដល់​រដ្ឋាភិបាល​ទៅវិញ។

លោក ពុយ គា ប្រាប់​ថា៖ «ចំណុច​អវិជ្ជមាន​ទាំងអស់​ហ្នឹងគឺ​ជួយ​ដល់​រដ្ឋាភិបាល ដើម្បី​កុំឱ្យ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ពី​មហាជន​កាន់តែ​ច្រើន​ទៅៗ ដើម្បី​កាត់​បន្ថយ​មានតែ​វិធាន​ការ​ភ្លាម​ៗ បន្ទាប់ពី​អ្នកសារព័ត៌មាន​បាន​ផ្សាយ។ អ៊ីចឹង​ហើយ​តួនាទី​អ្នកសារព័ត៌មាន​ដែល​ផ្សាយ​ពី​ជ្រុង​អវិជ្ជមាន​នានាគឺ​ដាស់​ឱ្យ​មន្ត្រី​ហ្នឹង​ត្រូវ​ធ្វើការ មន្ត្រី​ពាក់ព័ន្ធ​តាម​ស្ថាប័ន​នី​មួយ​ៗរួម​ទាំង​អាជ្ញាធរ​មូល​ដ្ឋា​នផង»។

របាយការណ៍​ប្រចាំឆ្នាំ២០២០របស់​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (RSF​) ដែល​ទើប​ចេញផ្សាយ​កាលពី​ខែមីនា បង្ហាញថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​មួយ​លេខ​ថែមទៀត មក​នៅ​ចំណាត់ថ្នាក់១៤៤នៅ​ឆ្នាំនេះ នៅក្នុងចំណោម១៨០ប្រទេស​នៅ​លើ​ពិភពលោក។ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​វិញ កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ទាប​ជាង​ថៃ ម៉ាឡេស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វីលីពីន លើកលែងតែ​សិង្ហបុរី វៀតណាម ប៊្រុយ​ណេ និង​ឡាវ​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ