ស្រ្ដីខ្មែរម្នាក់បានស្លាប់​​ក្នុង​ហេតុការណ៍ផ្ទុះ​អាវុធនៅថៃ

ស្ត្រីខ្មែរម្នាក់ បានស្លាប់​បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធ ​ នៅកន្លែង​ល្បែង​ស៊ីសង​​ក្នុង​​​អគារ​ពាណិជ្ជកម្ម​មួយ​ ក្នុង​​ក្រុង​បាងកក ប្រទេស​​ថៃ​ កាលពីយប់​ថ្ងៃទី៣ ខែ​សីហា។

យោង​តាម​ការ​ចុះផ្សាយរបស់​​សារព័ត៌មាន​បាងកកប៉ុស្តិ៍ (Bangkok Post) បាន​ឲ្យដឹង​ថា ករណី​​ផ្ទុះអាវុធ​នេះ បង្ក​ឡើង​ដោយ​ក្រុម​អ្នកចាញ់​ល្បែង ដែល​សមត្ថកិច្ចថៃសង្ស័យថា កើតឡើង​ដោយ​សារ​មានជម្លោះផ្ទាល់​ខ្លួន។

ប្រភពដដែលបានបន្តថា ក្នុងករណីនេះមានអ្នកស្លាប់ចំនួន៤នាក់ ក្នុងនោះ រួមមាននគរបាល​ម្នាក់ ស្រ្តីម្នាក់ និងបុរសម្នាក់ដែលជាជនជាតិថៃ ព្រមទាំងស្រ្ដីម្នាក់ទៀតដែលជាជនជាតិខ្មែរ។ ទោះយ៉ាងណា សមត្ថកិច្ច​ថៃ នៅពុំទាន់អាច​បញ្ជាក់​លម្អិត​ពីហេតុការណ៍នេះនៅឡើយ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា​ លោក កុយ គួង បានប្រាប់​​វីអូឌី​តាមតេឡេ​ក្រាម​(Telegram)​​ នៅថ្ងៃ​ទី​៤ខែ​សីហានេះថា ស្ត្រីខ្មែរ​ដែល​ស្លាប់​នោះ មាន​ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ មាន​អាស័យ​ដ្ឋាន​នៅ​សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ និង​បានចុះទៅ​​សង្កេតលើ​​ការធ្វើកោសល្យ​វិច័យ​នៅកន្លែងតម្កល់សព ព្រម​ទាំង​​ធ្វើឯកសារស្នើដល់ប្រទេសថៃ ដើម្បី​​សុំសិទ្ធិយកសព​ស្រ្ដីជនជាតិខ្មែរនោះ​ មក​​ធ្វើបុណ្យតាមប្រពៃណីនៅប្រទេស​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ