បុរស​​ពីរ​​នាក់​បាន​​ស្លាប់​​ដោយ​សារ​​ផ្ទុះ​​គ្រាប់​​នៅ​​ខេត្ត​ពោធិ៍​សាត់​

បុរស​២​នាក់​យក​ក្បាល​គ្រាប់​ដែល​គេ​មិន​ស្គាល់​ប្រភេទ​មក​ដំ​​បណ្តាល​ឱ្យផ្ទុះស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​កាលពី​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។ (អគ្គស្នងការនគរបាលជាតិ)

​អាជ្ញាធរ​ខេត្តពោធិ៍សាត់បាន​ឱ្យដឹង​ថា មាន​បុរស​ពីរ​នាក់​បាន​ស្លាប់នៅក្នុង​ករណី​ផ្ទុះ​គ្រាប់​មិនទាន់​ផ្ទុះ នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ដោយ​សង្ស័យ​ថា ជនរងគ្រោះ​យក​គ្រាប់​នោះ​ទៅ​ដំ​លេង។

អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង បាន​មានប្រសាសន៍​នៅ​ថ្ងៃទី០៤ ខែសីហា​នេះ​ថា ជនរងគ្រោះ​ទាំងពីរ​នាក់​នោះមានឈ្មោះ យ៉ង់ សារី អាយុ៣៩ឆ្នាំ និង​ឈ្មោះ ដែន ត្រា អាយុ២០ឆ្នាំ បាន​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ ក្រោយពី​ពួក​គេ​បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ​នោះ មក​ដំ​លេង​នៅក្នុង​រោង​ឈើ​ក្នុង​ចំការ។

លោក​បាន​ថ្លែង​ថា៖ «កន្លែង​កើតហេតុ​នោះ​នៅ​ឆ្ងាយ​ពី​ភូមិ ដូច្នេះ​យើង​មិនដឹង​ថា​គ្រាប់​មិនទាន់​ផ្ទុះ​នោះ​ជា​ប្រភេទ​គ្រាប់​អ្វី​ទេ ដោយសារ​វា​បាន​ផ្ទុះ​ខ្ទេច​ទៅ​ហើយ ហើយ​ជនរងគ្រោះ​ក៏បាន​ស្លាប់ មិន​មាន​សាក្សី​នៅ​ទីនោះ​ដែរ ដូច្នេះ​បាន​ជា​យើង​ដាក់​ការសង្ស័យ​ថា ​ពួក​គាត់​អាច​ប្រទះឃើញ​គ្រាប់​នោះ​ហើយ​យក​ទៅ​ដំ​លេង​បណ្តាល​ឱ្យផ្ទុះ​ស្លាប់​តែម្តង»។

លោក ​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ី​ម៉ាក់ (CMAC​) បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃអង្គារ​នេះ​ដែរ​ថា អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំងក៏បាន​ប្រគល់​កាំភ្លើង​ចំនួន១៨ដើមនិង​គ្រាប់បែកដៃ​ចំនួន៤គ្រាប់ដែល​ខូចគុណភាពដល់​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់។

លោក​បាន​បន្ថែម​ថា៖ «កម្លាំង​ជំនាញ​បោសសម្អាត​មីននិង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម បាន​ធ្វើសកម្មភាព​យ៉ាង​មមាញឹក សំដៅ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋនិង​គាំទ្រ​ការ​អភិវឌ្ឍ​មាតុភូមិ​ឡើងវិញ។ ក្រោយ​សង្គ្រាម​ មាន​គ្រាប់មីននិង​សំណល់​ជាតិផ្ទុះ​ចំនួន​ជិត៤លាន​គ្រាប់​ហើយដែល​បាន​បោសសម្អាតនិង​កម្ទេច​ចោល»។

ពាក់ព័ន្ធ​នឹង​ករណីនេះ​ដែរ អាជ្ញាធរ​មីនក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​មានការ​ប្រុងប្រយ័ត្ននិង​ជៀសវាង​កុំ​ប៉ះពាល់ ដំ គប់​លេង ឬយក​ទៅ​កែច្នៃ​នូវ​គ្រាប់មីននិង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​អាច​បណ្តាល​ឱ្យ​ផ្ទុះ​ស្លាប់ របួស និង​ពិការ​បាន​គ្រប់ពេល។ អាជ្ញាធរ​មីនក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាននិង​ប្រតិបត្តិ​ករ​បោសសម្អាត​មីនដែល​នៅ​ជិត​កន្លែង​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ​ផង​ដែរ ដើម្បីឱ្យ​អ្នកជំនាញ​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេច​ចោល។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីនបាន​ឱ្យដឹង​ថា ក្នុងរយៈពេល៦ខែ​ឆ្នាំនេះ មាន​មនុស្ស​ចំនួន៩នាក់ បាន​ស្លាប់ និង២៧នាក់ បាន​រង​របួសធ្ងន់និង​ស្រាល ដោយសារ​គ្រាប់មីននិង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ។ តួលេខ​នេះមានការ​ថយ​ចុះ៤២ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​អ្នក​ស្លាប់និង​របួស​រហូតដល់៦២នាក់។

របាយការណ៍​ដដែលបាន​បន្ត​ថា ខេត្ត​ដែល​រក​ឃើញនិង​មាន​ករណី​ផ្ទុះ​មីននិង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ក្រចេះ ព្រះវិហារ ប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង និង​ឧត្តរមានជ័យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ