ក្រុមហ៊ុន​​វារី​អគ្គិស​នី​​ស៊ី​ណូ​​ហាយ​ដ្រូ​​កំចាយ​​នឹង​​បើក​ទ្វារ​​ទំនប់​​រំដោះ​​ទឹក​​ចេញ​ពី​​អាង​​

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ។ (រដ្ឋបាលខេត្តកំពត)

ក្រុមហ៊ុន​ចិន​ ស៊ី​ណូ​ហាយ​ដ្រូ​កំចាយ​ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ទំនប់​វារី​អគ្គិស​នី​កំចាយ​ខេត្តកំពត នៅ​ថ្ងៃទី០៤ ខែសីហា បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដោយ​ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពីក្រុមហ៊ុន​ប្រាប់​ពី​គម្រោង​បើកទ្វារ​ទំ​នប់​ឆាប់​ៗដើម្បី​រំដោះ​ទឹក​ចេញពី​អាង​ស្តុក។

លិខិត​ជូនដំណឹង​របស់​ក្រុមហ៊ុន​ចិន ស៊ី​ណូ​ហាយ​ដ្រូ​ ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​ខេត្តកំពត​នៅ​ថ្ងៃនេះ​ បញ្ជាក់​ថា​ បច្ចុប្បន្ន​លំហូរ​ទឹកដែល​ហូរ​ចូល​អាង​ទំនប់​វារី​អគ្គិស​នីមាន​បរិមាណ ជាង៥៣១ម៉ែ​តត្រីគុណ (ម៉ែត្រគីប​) ក្នុងរយៈពេល១វិនាទី។

លិខិត​ដដែល​សរសេរ​ថា៖ «ការ​បើកទ្វារ​រំដោះ​ទឹក​ត្រូវ​បាន​រំពឹង​ថា អាច​នឹង​ចាប់ផ្ដើម​នៅ​រសៀល​ថ្ងៃទី០៤ ខែសីហាឬយប់​ថ្ងៃទី០៤ ខែសីហា។ អាស្រ័យហេតុ​នេះ ​សូម​រដ្ឋបាល​ខេត្ត​មេត្តា​និង​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ កសិករ​ និង​អាជីវកម្ម​តាម​ដងព្រែក​ខាងក្រោម​ទំនប់ ឱ្យ​ចាត់វិធានការ​ការពារ​និង​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ទាន់ពេល​វេលា​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ឱ្យ​ទាន់ពេល​វេ​លា»។

ម្ចាស់​រី​ស្ស​តជាប់មាត់​ព្រែក​កំពត អ្នកស្រី ពន្លៃ ករិយា មានប្រសាសន៍​ថា អ្នកស្រី​កំពុង​ប្រុង​ជើងការ​ដើម្បី​បញ្ចៀស​ហា​និភ័យ​ផ្សេង​ៗដែល​អាច​កើតមានឡើង​ជាយថាហេតុ។ អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​គួរតែ​ជូនដំណឹង​ឱ្យ​បាន​ច្បាស់​ថា​ ទឹក​បើក​ម៉ោង​ណា ទឹក​អាច​មាន​កម្ពស់​ប៉ុន្មាន​ ដើម្បី​ងាយស្រួល​ឱ្យ​ក្រុម​ពលរដ្ឋ​អាច​ត្រៀមខ្លួន​ឆ្លើយតប​បាន​សមស្រប។

អ្នកស្រី ពន្លៃ ករិយា មានប្រសាសន៍​ថា៖ «ខ្ញុំ​ដឹង​ដំណឹង​បើកទឹក​ហ្នឹង​តាំងពី​ព្រឹក​ យើង​ចាំ​មើល ព្រោះ​គ្រាន់​ថា​ត្រៀម។ ភ្ញៀវ​ក៏​គាត់​ដឹងពី​រឿង​ហ្នឹង​ដែរ។ ខ្ញុំ​ទើប​មក​នៅ​ដែរ​[ទើប​សង់​រី​ស្សត​ថ្មី​] ដល់​អីចឹង​ទៅ​ អត់​ដឹង​ថាទឹក​ហ្នឹង​អាច​ដល់​ត្រឹមណា​ត្រឹមណា ដូច្នេះ​ចេះតែ​ស៊ើបសួរ​ស៊ើបសួរ​នេះ»។

បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មានរបស់​ក្រុមហ៊ុន​វារី​អគ្គិស​នី​ស៊ី​ណូ​ហាយ​ដ្រូ​ កាលពី​ម៉ោង១៧និង០០នាទី​ថ្ងៃទី៤ ខែសីហា អ្នកនាង លី ហ្គិច បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​វី​អូ​ឌី​ថា ​ក្រុមហ៊ុន​មិនទាន់​សម្រេច​ថា​នឹង​បើក​ទ្វារ​ទឹក​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ឡើយ ហើយ​នាង​ក៏​មិនដឹង​បើសិនជា​ទឹក​បើក​មែន​ កម្ពស់​ទឹក​អាច​នឹង​ឡើង​ដល់​កម្ពស់​ណា​នោះ​ដែរ។

អ្នក​ស្រី​ លី ​ហ្គិច និយាយ​ថា៖ «ប្រហែល​អាច​នឹង​បើក និយាយទៅ​ ពលរដ្ឋ​គាត់​ប្រុងប្រៀប​ការពារ​ទ្រព្យសម្បត្តិ​គាត់​ជាមុន​ប្រសើរ​ជាង»។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល មានប្រសាសន៍​ថា ​មន្ទីរ​ទេសចរណ៍​បាន​ជូនដំណឹង​ទៅដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​តាម​បណ្ដោយ​ដងព្រែក​កំពតនិង​នៅក្នុង​ខេត្ត​រួចហើយ​ពី​គម្រោង​បើក​ទំនប់​វារី​អគ្គិស​នី​នេះ។ លោក​ថា អាជីវកម្ម​ទេសចរណ៍​តាម​ដងព្រែក​អាច​នឹង​មានផល​ប៉ះពាល់​ បើសិនជា​មាន​ទឹកជំនន់​កើតឡើង។

លោក សយ ស៊ី​ណុល មានប្រសាសន៍​ថា៖ «វា​ជា​រឿង​ធម្មតា​ទេ បើ​បើកទឹក​មក ​ប៉ះចំ​ទឹកជោរ​នោះ​ ទឹក​មិន​ងាយ​ស្រក​ទេ តែបើ​ចំ​ទឹកនាច​ នោះ​ឆាប់​ស្រក។ តែ​យ៉ាងណា​ អ្នក​ទេសចរ​ឬអាជីវកម្ម​ទេសចរណ៍​នៅ​តាម​ដងព្រែក​កំពត​នោះ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចៀសវាងគ្រោះថ្នាក់​ជាយថាហេតុ»។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អភិបាលខេត្ត​កំពត លោក ជាវ តាយ តាម​ទូរសព្ទ​បានទេនៅ​ថ្ងៃទី០៤ ខែសីហា ដោយ​ទូរសព្ទ​លោក​មិន​មាន​អ្នកទទួល។

ទោះជាយ៉ាងណា​ក្ដី​ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្តកំពត សរសេរ​ថា នៅ​ព្រឹក​ថ្ងៃទី០៤ ខែសីហា លោក ​ជាវ តាយ បាន​ដឹកនាំ​មន្ត្រី​ទៅ​ពិនិត្យ​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ក្នុង​ក្រុង​កំពត។

ទំព័រ​ដដែល​សរសេរ​ថា អភិបាលខេត្ត​កំពត ​លោក ជាវ តាយ បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ត្រៀមលក្ខណៈ​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​អន្តរាគមន៍ឬជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ក្នុងករណី​មានហេតុ​ការណ៍​ទឹក​ជំ​នន់​កើតឡើង។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់​វី​អូ​ឌី​ថា គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បាន​ត្រៀម​រួចរាល់​ហើយ ​ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ​នានា។ ទោះ​យ៉ាងណា​ លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ស្ថានភាព​នៅ​ខេត្តកំពត​នៅឡើយ​ទេ។

កាលពី​ឆ្នាំ២០១៩ ទឹកភ្លៀង​ខ្លាំង​ជាប់​ៗគ្នា​ក្នុង​ខែសីហា បាន​បង្ខំ​ឱ្យ​វារី​អគ្គិស​នី​កំចាយ​បើកទ្វារ​ទឹក​ចំនួន៥ទ្វារ ដើម្បី​រំដោះ​ទឹក​ចេញ បណ្ដាល​ឱ្យ​កើតមាន​ជំនន់នៅក្នុង​ស្រុក​ចំនួន៣ រួមមាន​ ក្រុង​កំពត ស្រុក​ទឹកឈូ និង​ស្រុក​កំពង់ត្រាច ទឹកបាន​ជន់​លិច​ផលដំណាំ​ស្រូវ​និង​ដំណាំរួមផ្សំ​រាប់ពាន់​ហិកតា ផ្ទះសម្បែង​ពលរដ្ឋ​រាប់​រយ​ខ្នង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ