អ្នក​ទេសចរ​​ជាង​៦០០​នាក់​ដែល​​ជាប់​​គាំង​​នៅ​​ក្រុង​​កោះ​​រ៉ុង ​ត្រូវ​​​បាន​​​ជួយ​​​កាន់​​​មក​​​ដី​​គោក​​​វិញ​​

ពលរដ្ឋដែលជាប់នៅកោះរ៉ុងនិងកោះរ៉ុងសន្លឹមក្រោយត្រូវបានអាជ្ញាធរខេត្តអន្តរាគមន៍ប្រើទូកនេសាទខ្នាតធំទៅជួយសង្គ្រោះពីស្ថានភាពព្យុះស៊ីន​ឡា​គូ (SINLAKU​) ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ (រដ្ឋបាលខេត្តព្រះសីហនុ)

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុបាន​ប្រើប្រាស់​ទូក​ទេសចរណ៍​ខ្នាត​ធំ​ល្បឿន​លឿន​ចំនួន៣គ្រឿង ដើម្បី​អន្តរាគមន៍​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​ជាង៦០០នាក់ដែល​ជាប់​គាំង​នៅ​ក្រុង​កោះ​រ៉ុង ដោយសារ​បញ្ហា​អាកាសធាតុ ឱ្យ​ត្រឡប់​មក​ដីគោក​ក្នុង​ក្រុង​ព្រះសីហនុ​វិញ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុបាន​ឱ្យដឹង​កាលពី​ព្រលប់​ថ្ងៃទី៤ ខែសីហា​ថា ភ្ញៀវ​ទេសចរ​ដែល​ជាប់​គាំង​នៅ​ក្រុង​កោះ​រ៉ុង (កោះ​រ៉ុងនិង​កោះ​រ៉ុង​សន្លឹម​) មាន​ចំនួន៦២១នាក់ ក្នុង​នោះមាន​ជនបរទេស៥០នាក់ កុមារ៩៦នាក់ និង​ទារក៦នាក់។ 

រដ្ឋបាល​ខេត្ត​បាន​បន្ត​ថា៖ «ពួក​គេ​បាន​ទៅលេង​កម្សាន្ត​នៅ​ក្រុង​កោះ​រ៉ុងមុន​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងនិង​រលក​ខ្ពស់ដោយ​រង​ឥទ្ធិពល​ពី​ព្យុះ​ទី៣ ឈ្មោះ ស៊ីន​ឡា​គូ»។ 

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា ក្នុង​កិច្ច​អន្តរាគមន៍​នោះ បាន​ប្រើប្រាស់​ទូក​ល្បឿន​លឿន​ចំនួន៣គ្រឿង ដោយ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ចំនួន២ជើង ក្នុង​នោះ​ជើង​ទី១មាន​ចំនួន៤០៥នាក់ និង​ទី២មាន២១៦នាក់ ហើយ​ភ្ញៀវ​ទេសចរ​ទាំងអស់ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​គោល​ដៅ​រៀង​ៗខ្លួន​ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន៨គ្រឿង។

កាលពី​ថ្ងៃទី១ ខែសីហា រដ្ឋបាល​ខេត្ត​ព្រះសីហនុបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋបង្កើន​ការ​ប្រុងប្រយ័ត្ននិង​ផ្អាក​ការ​ធ្វើដំណើរ​តាមផ្លូវទឹក​ក្នុងករណី​មិន​ចាំបាច់ ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ ស៊ីន​ឡា​គូ (SINLAKU​) ដែល​នាំឱ្យខេត្តរួម​នឹង​តំបន់​មួយចំនួន អាច​មាន​ភ្លៀង​ធ្លាក់​ច្រើននិង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង រួម​ជាមួយ​នឹង​ខ្យល់បក់​ខ្លាំងនិង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី៥ ខែសីហា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ