យុវតី២នាក់បានរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយអាជ្ញាធរខណ្ឌ៧មករានៅក្បែរវត្តមហាមន្ត្រី ខណៈដែលពួកគេនិងពលរដ្ឋប្រមាណ២០នាក់ទៀត បានព្យាយាមដើរឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោមបទចោទថា ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
កញ្ញា ជា គន្ធីន ជាយុវតីម្នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ បានប្រាប់អ្នកសារព័ត៌មានថា កញ្ញារួមនឹងប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាប្រមូលផ្តុំនៅក្បែរផ្សារអូឡាំពិក ហើយមានបំណងធ្វើដំណើរដោយថ្មើរជើងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ប៉ុន្តែត្រូវបានក្រុមអាជ្ញាធរខណ្ឌមករារាំងនិងបំបែកការដើរហែក្បួននោះ។
កញ្ញាថា៖ «គាត់[អាជ្ញាធរខណ្ឌ]ទាត់ចង់បាក់ឆ្អឹងក្មេងស្រីម្នាក់។ សូមអង្គការអន្តរជាតិអន្តរាគមន៍មកអាជ្ញាធរខ្មែរផង ពួកគាត់ស៊ីប្រាក់ខែប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ តែបែរជាគាត់ប្រើសិទ្ធិអំណាចពួកគាត់មកវាយប្រជាពលរដ្ឋ មកវាយក្មេងស្រី។ ខ្ញុំជាក្មេងស្រីទើបនឹងធំទេ តែត្រូវអាជ្ញាធរទាត់៣ទៅ៤ជើង ហើយចាប់គ្រវីគ្រវាត់ ត្រូវជើង ត្រូវភ្លៅ ហើយដៃក៏ត្រូវដែរ»។
កញ្ញា សូ មេត្តា ជាយុវតីម្នាក់ទៀតដែលចូលរួមការប្រមូលផ្តុំនិងដើរហែក្បួននោះដែរ បានបង្ហាញការសោកស្ដាយចំពោះទង្វើរបស់អាជ្ញាធរខណ្ឌដែលប្រើហិង្សា រុញច្រាន និងរារាំងមិនឱ្យពួកគាត់តវ៉ាដោយសន្តិវិធីបែបនេះ។
កញ្ញានិយាយថា៖ «ពួកយើងជាស្ត្រី ហើយយើងមកតវ៉ានេះ ដើម្បីទាមទារដោះលែងលោកគ្រូ រ៉ុង ឈុន យើងធ្វើនេះដោយអហិង្សា យើងមិនមែនមកបង្កហិង្សាទេ តែខាងអាជ្ញាធរព្យាយាមរុញច្រាន បំពានមកលើពួកយើងជាស្ត្រី គាត់មកចាប់អូស មកចាប់ទាត់ គាត់រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខ្ញុំសុំថ្កោលទោសអាជ្ញាធរ ខ្ញុំមិនអាចទទួលយកបានទេ»។
អភិបាលខណ្ឌ៧មករា លោក លឹម សុភា មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ ខណៈអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបដិសេធឆ្លើយតបដោយប្រាប់ថាជាប់ប្រជុំ។ ចំណែកសន្តិសុខខណ្ឌ៧មករានិងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលដែលមិនបញ្ចេញឈ្មោះ បានអះអាងយ៉ាងខ្លីថា ការរារាំងនេះធ្វើឡើងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃចន្ទ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំថា រាល់ការជួបប្រជុំប្រមូលផ្តុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមច្បាប់និងការណែនាំនានាស្តីពីការបង្ការ-ទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ១៩ ហើយក្នុងករណីគ្មានការជូនដំណឹងជាមុន ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។
រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់ទុកសកម្មភាពជួបជុំប្រមូលផ្តុំនៅមុខសាលាដំបូងនោះ បានធ្វើឱ្យប៉ះពាល់ដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាសពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកការរារាំង បំបែក និងប្រើហិង្សារបស់អាជ្ញាធរទៅលើក្រុមយុវជននិងប្រជាពលរដ្ឋដែលតវ៉ាដោយសន្តិវិធីនោះថា ជាការរំលោភសិទ្ធិមនុស្សដែលធានាដោយរដ្ឋធម្មនុញ្ញ។
លោកថា៖ «ដូច្នេះការជួបជុំ ការប្រមូលផ្ដុំ ការធ្វើបាតុកម្មដោយសន្តិវិធី គឺសុទ្ធតែជាសិទ្ធិសេរីភាពមួយដែលមាននៅក្នុងផ្លូវច្បាប់។ ដូច្នេះ បើសិនជាប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិហ្នឹងត្រូវបានទទួលរងនូវការរឹតត្បិតនិងរំលោភបំពាន អាហ្នឹងយើងគិតថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចនៅកម្ពុជាយើងហ្នឹង»៕