និស្សិត​​ខ្មែរ​​ជាង​៣០​នាក់​សិក្សា​​នៅ​​ប្រទេស​​ថៃ​បាន​​មក​ដល់​​កម្ពុជា​​វិញ​​តាម​​ការ​​ស្នើ​សុំ​​

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រុមនិស្សិតដែលសិក្សានៅប្រទេសថៃ ត្រៀមខ្លួនវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ក្រោមការសម្របសម្រួលពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ។ (ហ្វេសប៊ុក Royal Embassy of Cambodia in Bangkok)

ក្រុមនិសិត្ស​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ​ជាង៣០នាក់ បាន​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ថ្ងៃម្សិលមិញ ក្រោយពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបាន​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជូន​ពួក​គេ។ 

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា ថ្លែងប្រាប់​វី​អូ​ឌី​នៅ​រសៀល​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ​ថា ក្រុ​មនិសិ្ស​តខ្មែរ​ចំនួន៣២នាក់ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រនិង​បរិញ្ញាបត្រ​ជាន់ខ្ពស់នៅ​សាកល​វិទ្យាល័យ​ចំនួន១៦ក្នុង​ប្រទេស​ថៃ បាន​ស្នើ​ឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃជួយ​បញ្ជូន​ពួក​គេ​មក​កម្ពុជា​វិញកាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ។

លោក​បន្ត​ថា ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​សំណើ​របស់​និ​សិត្សខ្មែរ ស្ថានទូតនិង​អាជ្ញាធរ​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ជាពិសេស​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជា​តិ​ខ្ល​ងលឹ​ក-ប៉ោយប៉ែត ដើម្បី​ជួយ​សម្រួល​ដំណើរ​មាតុភូមិ​និវត្តន៍​ក្រុម​និស្សិត​ខ្មែរ ឱ្យបាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់។ 

លោក​បាន​ថ្លែង​ថា៖ «នៅពេល​ដែល​សិស្ស​និស្សិត​ស្នើសុំ​ភ្លាម​ ស្ថានទូត​បាន​ចាត់ការ​ភ្លាម»។ 

កាលពី​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រដ្ឋាភិបាល​ប្រទេស​ថៃបាន​ប្រកាស​ថា ខ្លួន​នៅតែ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​ប្រកាស​អាសន្ន​ដដែលរហូតដល់​ថ្ងៃទី៣១ ខែសីហា ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ប្រទេសនិង​ក្នុង​សហគមន៍។ 

តែ​យ៉ាងណា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បានឱ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃអង្គារ​ថា រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឱ្យ​សិស្ស​និ​សិ្ស​តកម្ពុជា​អាច​ធ្វើដំណើរ​ទៅ​សិក្សា​នៅក្នុង​ប្រទេស​ថៃ​បាន ដោយ​គិត​ចាប់ពី​ថ្ងៃទី០១ ខែសីហា​នេះ​ទៅ ប៉ុន្តែ​ពួក​គេ​ត្រូវ​បំពេញ​លក្ខខណ្ឌ​និង​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​មួយចំនួន​ដូចជា លិខិតបញ្ជាក់​សុខភាព លទ្ធផល​តេ​ស្ត​វីរុស​កូ​វីដ​-១៩ និង​បណ្ណ​ធានារ៉ាប់រង​សុខភាព​ចំនួន១០ម៉ឺន​ដុល្លារ​ជាដើម។

ស្ថានទូត​បន្ត​ថា នៅពេល​ទៅដល់​ប្រទេស​ថៃ ក្រុមនិសិត្ស​ក៏​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​កម្តៅ ត្រូវ​ធ្វើដំណើរ​ទៅ​មណ្ឌល​ចត្តាឡីស័​កដោយ​មធ្យោបាយ​ដឹកជញ្ជូន​របស់​ស្ថាប័ន​សិក្សា​និង​ធ្វើដំណើរ​ទៅតាម​ផ្លូវ​របស់​រដ្ឋ​បាន​កំណត់ និង​ត្រូវ​ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ