វិបត្តិ​​កូ​វីដ​១៩​តម្រូវ​​ឱ្យ​​កម្ពុជា​​ប្ដេជ្ញា​​បង្កើន​​ចំណូល​ជាតិ​​ដើម្បី​​ស្ដារ​​សេដ្ឋកិច្ច​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

សារាចរ​ណែ​នាំ​ស្ដីពី​ការ​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០២០​-២០២៣ ចេញផ្សាយ​កាលពី​ខែមិថុនា បង្ហាញថា ​មុន​កូ​វីដ១៩ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២០ រង​នូវ​ហានិភ័យដែល​បណ្ដាលមកពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗដូចជា​ធនា​គារពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ក្រសួងសេដ្ឋកិច្ច សុទ្ធតែ​អះអាង​ដូចគ្នា​ថា ជំងឺ​កូ​វីដ១៩ជា​បន្ទុក​ថ្មី​បន្ថែម​ទៀតមក​សង្កត់​សេដ្ឋកិច្ច​កម្ពុជា។

កាលមុន​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ព្យាករថា​កម្ពុជា​អាច​មាន​កំណើន​ជិត៧ភាគរយ (៦,៩ភាគរយ​) ក្នុង​ឆ្នាំ២០២០។ ក្រសួង​នេះ​បាន​ព្យាករ​ជាថ្មី​ថា ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឆ្នាំ២០២០ នឹង​ធាក់​ថយ​ឬមាន​កំណើន​អវិជ្ជមាន១,៩ភាគរយ។ ការ​ថមថយ​នេះ​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

សារាចរ​ណែ​នាំ​ស្ដីពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០២០​-២០២៣ បន្ថែម​ថា ​ជំងឺ​កូ​វី១៩នេះ​បាន​តម្រូវ​ឱ្យ​រដ្ឋាភិបាល​រឹតត្បិត​និង​កាត់បន្ថយ​ការ​ចំណាយ​មួយចំនួន ពង្រឹង​ការ​ប្រមូល​ពន្ធ​ក្នុង​គោលបំណងបង្កើន​ចំណូល​ចូល​ថវិកាជាតិ។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន ប្រាប់​វីអូ​ឌី​ថា រាជរដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​ចំណាយ​នានា​ក្នុង​ឆ្នាំ២០២០និងគ្រោង​កាត់បន្ថយ​ចំណាយ​នៅ​ឆ្នាំ២០២១ខាងមុខ​ផង។ 

លោក មាស សុខ​សេន​សាន មានប្រសាសន៍ថា៖ «សារាចរ​ពាក់កណ្ដាល​ឆ្នាំ​ហ្នឹង ក្រសួងសេដ្ឋកិច្ច​បាន​ណែ​នាំ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​កាត់បន្ថយ​ការ​ចំណាយ ហើយ​អភិក្រម​នេះ​នឹង​នៅ​ប្រើ​នៅ​ឆ្នាំខាងមុខ​ទៀត»។

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចេញ​សារាចរណែនាំ​ស្ដីការ​ពង្រឹង​ការ​ចំណាយចំនួន២ ដើម្បី​បង្គាប់​ទៅ​ស្ថាប័នរដ្ឋ​ឱ្យ​ត្បិតត្បៀត​ថវិកា។ សារាចរ​ទាំងពីរ​លើក​ សម្រេចតម្រូវ​ឱ្យ​ក្រសួង​ស្ថាប័នរដ្ឋ​ជ្រើសរើស​មន្ត្រី​រាជការ​ឬកងកម្លាំង​ប្រដាប់​អាវុធ​ចូល​ក្របខ័ណ្ឌ​ថ្មី​ត្រឹម​ចំនួន​អ្នក​ដែល​ចូលនិវត្តន៍ កាត់ថ្លៃ​សាំង​ឬប្រេងឥន្ធនៈ​រហូតដល់៥០ភាគរយ កាត់​ចំណាយ​លើ​សម្ភារបរិ​ក្ខារ​ការិយាល័យ៥០ភាគរយ កាត់​សន្សំ​សម្ភារ​សង្ហា​រឹម​ចំនួន៥០ភាគរយ កាត់​សន្សំ​ឯកសណ្ឋាន​ចំនួន៥០ភាគរយ​ (លើកលែងតែ​បុគ្គលិក​ពេទ្យ​និង​ក្រសួងមហាផ្ទៃ ពិរុទ្ធជន អ្នកទោស​) កាត់បន្ថយ​បេ​សកកម្ម​ប្រជុំ សិក្ខាសាលា​ទាំង​ក្នុង​និង​ក្រៅប្រទេស៥០ភាគរយ ។ល។

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តម្រូវ​ឱ្យ​កាត់បន្ថយ​ចំណាយ​អនុវត្ត​ន៍គម្រោង​នានា​ចំនួន២០ភាគរយ ព្យួរ​ការ​ស្នើ​ទិញ​រថយន្ត​របស់​រដ្ឋបាល​រាជធានី​-ខេត្ត ព្រមទាំង​ផ្អាក​ការផ្ទេរ​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​-សង្កាត់​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ទៀតផង។

ចំពោះ​ការ​បង្កើន​ចំណូល​វិញ រាជរដ្ឋាភិបាល​បាន​លើកឡើង​ក្នុង​សេចក្ដីណែនាំ​ស្ដីពី​ការរៀបចំ​ថវិកាជាតិ​ឆ្នាំ២០២១ ដោយ​បញ្ជាក់​ថា កម្ពុជា​នឹង​ខិតខំ​ពង្រឹង​ទាំង​ចំណូល​ពន្ធដារ ចំណូល​ពន្ធគយ ​និង​ចំ​ណូល​ផ្សេង​ៗទៀត។

ក្នុង​វីដេអូ​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំឆមាស​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារឆ្នាំ២០២០ អគ្គនាយក​ពន្ធដារ លោក គង់ វិបុល ថ្លែង​ថា​ ចំណូល​ពន្ធដារ​ក្នុងរយៈពេល៦ខែ​ដើមឆ្នាំ មាន​ចំនួន​ជាង១ពាន់៦លាន​ដុល្លារ​ ដោយ​កើនឡើង​ប្រមាណ១២ភាគរយ​បើ​ធៀប​នឹង​ចំណូល​ពន្ធ​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៩។

លោក​បញ្ជាក់​ថា ចំណូល​ពន្ធដារ​នេះ​រំពឹង​ថា​នឹង​ថយ​ចុះទៅ​វិញ​នៅ​ចុងឆ្នាំ​ ដោយសារតែ​វិបត្តិ​កូ​វីដ១៩មិន​ថមថយ។

លោក គង់ វិបុល លើកឡើង​ថា៖ «៦ខែ​ក្នុង​ឆ្នាំ២០២០នេះ​ ចំណូល​យើង​ទប់ទល់​បាន តែ​យើង​រំពឹង​ថា​នៅ​ខែកក្កដា សីហា កញ្ញា​នេះ ​ចំណូល​នឹង​ថយ​ចុះ ថយ​ចុះ​ដោយសារ​វិធានការ​ជួយ​សម្រួល​ពន្ធ​នានា​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ។ ចុងឆ្នាំ​តទៅទៀត​ យើង​រំពឹង​ថា​ កូ​វី​ដនឹង​ថមថយ តែ​ទីផ្សារ​របស់​យើង​ដូច​ជា​អឺ​រ៉ុប​ អាមេរិក ដូចជា​មិន​ថមថយ​ដែរ»។ 

អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ជំរុញ​ឱ្យ​អង្គភាព​អាជីវកម្ម​ទាំងអស់​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡាញ ជំរុញ​ឱ្យ​បង់ពន្ធ​អចលនទ្រព្យ ជំរុញ​ឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ដោយ​លើកលែង​លើ​ពន្ធ​ប្រថាប់ត្រា និងរៀបចំ​ឱ្យ​បង់ពន្ធ​តាម​ប្រពន្ធអេ​ឡិច​ត្រូ​និច (E Payments​)។

សារាចរ​ណែ​នាំ​ស្ដីពី​ការ​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០២០​-២០២៣ បង្ហាញ​ទៀត​ថា ដើម្បី​សម្រេច​ទិសដៅ​បង្កើន​ចំណូល​ពន្ធដារឆ្លើយតប​នឹង​ការ​ប្រឈម​ចំពោះ​ជំងឺ​កូ​វីដ១៩ ពន្ធដារ​នឹង​ពង្រឹង​ការចុះបញ្ជី​អ្នកជាប់ពន្ធ ​ផ្ដល់​សេវា​អ្នកជាប់ពន្ធ ធ្វើស​វន​កម្ម ស៊ើបអង្កេត ប្រមូល​បំណុល​ពន្ធ​ និង​ដោះស្រាយ​បណ្ដឹងតវ៉ា។ រដ្ឋាភិបាលក៏​ជំរុញ​ឱ្យ​ចុះបញ្ជី​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញឱ្យ​បាន​ពេញលេញ​តាម​ការអង្កេតជាដើម។ល។ 

សារាចរ​ណែ​នាំ​នេះ បញ្ជាក់​ថា អង្គភាព​គយ​និង​រដ្ឋាករ​ក៏​ត្រូវ​ពង្រឹង​ដែរ ដោយ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​រដ្ឋបាល​គយ​និង​សម្រួល​ពាណិជ្ជកម្ម។ កម្ពុជា​នឹង​កែ​លម្អ​ប្រព័ន្ធ​ប្រមូល​ពន្ធគយ បង្កើន​ប្រសិទ្ធភាព​ប្រមូល​ពន្ធ កាត់បន្ថយ​ការិយាធិបតេយ្យ។ល។ 

សារាចរណែនាំ​ក៏បាន​បង្ហាញ​ពី​វិធី​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ ដោយ​ផ្តោត​សំខាន់លើ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ។ រដ្ឋាភិបាលនឹង​ពង្រឹងនៃ​ការអនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន អនុវត្ត​ការ​បង់​ចំណូល​មិនមែន​ពន្ធ​តាម​អន​ឡាញ ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សារ​ពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ បង្កើន​ចំណូល​ពី​ធនធាន​រ៉ែ បង្កើត​តំបន់​ទេសចរណ៍​បន្ថែម។ល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព លោក យង់ គីម​អេង មានប្រសាសន៍​ថា ស្ថាប័នរដ្ឋ​រឹត​បន្តឹង​ការ​ចំណាយ​មួយចំនួន​ធំ​រួច​មែន ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដំឡើង​តំណែង​កូន​ៗអ្នកធំ​ឱ្យ​កាន់​តួ​នា​ទី​ធំៗ​ទន្ទឹមគ្នា​ដែរ ​ដែល​ទង្វើនេះមិន​អាច​កាត់បន្ថយ​បន្ទុក​ថវិកាជាតិ​បានទេ។ លោក​បញ្ជាក់​ថា​ ការបែងចែក​មុខងារ​តួនាទី​មន្ត្រី​ឱ្យ​បាន​ច្បាស់លាស់​និង​ការបោសសម្អាត​អំពើពុករលួយ ជា​យន្តការ​សំខាន់​សម្រាប់​បង្កើន​ចំណូល​ថវិកាជាតិ។

លោក យង់ គីម​អេង លើកឡើង​ថា៖ «រឿង​ដែល​សំខាន់​បំផុត ​គឺ​ត្រូវតែគ្រប់គ្រង​ឱ្យ​បាន​ផង​ដែរ​ពាក់ព័ន្ធ​រឿង​អំពើពុករលួយ ធ្វើ​ម៉េច​កុំឱ្យ​កើតមាន​អំពើពុករលួយ​នៅ​ស្ថាប័នរដ្ឋ។ អាហ្នឹង​បើសិន​ធ្វើ​បាន​ គឺ​ជួយ​បាន​មែនទែន ដែល​អាច​ឱ្យ​រដ្ឋ​គ្រប់គ្រង​ចំណាយ​មាន​ប្រសិទ្ធភាព»។

ធនាគារពិភពលោក កាលពី​ខែមិថុនា បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណងជើង​ថា «កម្ពុជា​នៅក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វីដ១៩» (Cambodia in the Time of COVID​-19​) ដោយ​កត់សម្គាល់​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩កំពុង​បង្ក​ការ​ប៉ះទង្គិច​យ៉ាងដំណំ​ទៅលើ​ក្បាលម៉ាស៊ីន​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​របស់​កម្ពុជា រួមមាន វិស័យ​ទេសចរណ៍​ ឧស្សាហកម្ម​នាំចេញ និង​ផ្នែក​សំណង់ទាំងអស់។ វិស័យ​ទាំងនេះ​តំណាង​ឱ្យ​ជាង៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​និងផ្តល់​ការងារ​មានកម្រៃ​ប្រមាណ​ជា៤០ភាគរយនៃ​ការងារ​សរុប​របស់​ប្រទេស។ វិបត្តិ​នេះ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ចនិង​ធ្វើ​ឱ្យ​ការងារ​របស់​មនុស្ស​យ៉ាងហោចណាស់១,៧៦លាន​នាក់ ស្ថិត​ក្នុង​ហានិភ័យ។ 

របាយការណ៍​នេះព្រមាន​ដែរ​ថា ​តម្លៃ​នៃ​ទីផ្សារ​អចលនទ្រព្យ​ស្រុត​ចុះ ហើយ​ទំនងជា​នឹង​ឈាន​ទៅ​បញ្ចប់​ការ​រីក​លូតលាស់​នៃ​វិស័យ​សំណង់។ កម្ចី​មិន​ដំណើរការ ​(កម្ចី​ខូច​) ត្រូវ​បាន​រំពឹង​ថា ​នឹងអាច​មាន​ទំហំ​កាន់តែ​ធំឡើងក្នុង​ពេល​ដែល​ពុំ​ទាន់​មានការ​ទូទាត់​សង​ឥណទាន​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​ធ្វើកន្លង​មក​ចំពោះ​​វិស័យ​សំណង់​ អចលនទ្រព្យ និង​ការ​លក់​ទិញ​លំនៅឋាន​តាមរយៈ​ការ​បង់​រំលស់។ 

របាយការណ៍​បាន​ស្នើ​ឡើង​នូវ​អនុសាសន៍​គោលនយោបាយ​មួយចំនួន​ជាបន្ទាន់ ​ជំនួយ​សេដ្ឋកិច្ច​និង​ការពារ​សុខភាព​សាធារណៈ ស្តារ​ឡើង​សេដ្ឋកិច្ច​ឱ្យងើបឡើង​វិញ​ក្នុងរយៈពេល​ខ្លីនិង​ជួយ​ពង្រឹង​ភាព​ធន់​នៃ​ផ្នែក​ម៉ាក្រូ​សារពើពន្ធនិង​សង្គមនៅក្នុង​រយៈពេល​មធ្យម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ