បុគ្គលិកប្រមាណ៤០នាក់របស់សណ្ឋាគារមួយនៅខេត្តសៀមរាប បាននាំគ្នាឈរលើកបដាតវ៉ាមុខសណ្ឋាគារដោយផ្ទាល់នៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែឱ្យទទួលយកតំណាងពួកគេ៣នាក់ចូលបម្រើការងារវិញ។
មន្ត្រី៣នាក់របស់សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor) ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពួកគេដាក់សំណើទៅសណ្ឋាគារទាមទារលក្ខខណ្ឌការងារជូនបុគ្គលិក។ នេះបើតាមអ្នកស្រី ខាំ សុភ័ក្ត្រ សកម្មជនសហជីពប្រចាំនៅសណ្ឋាគារនេះ។
អ្នកស្រី ខាំ សុភ័ក្ត្រ បានឱ្យដឹងថា កញ្ញា ឌឿម ឆៃយ៉ា ជាប្រធានគណៈកម្មាធិការស្រ្តី អ្នកស្រី សុខ ណារ៉ែន ជាអនុប្រធានទី២ និងអ្នកស្រីផ្ទាល់ ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់កាលពីថ្ងៃទី៩ និងទី១០ ខែកក្កដា។
សកម្មជនសហជីពរូបនេះបញ្ជាក់ថា មុនថៅកែបញ្ឈប់ពីការងារ គឺពួកគាត់បានចែករំលែកសកម្មភាពសប្បុរសធម៌របស់ថៅកែសណ្ឋាគារផ្សេងតាមបណ្តាញសង្គមនិងក្រោយមកប្រមូលស្នាមមេដៃបុគ្គលិក ដើម្បីដាក់សំណើទៅម្ចាស់សណ្ឋាគារ ឡឺម៉េរីឌាន អង្គរ កុំឱ្យកាត់លុយបុគ្គលិកច្រើនពេក ខណៈពួកគេកំពុងព្យួរការងារ។
អ្នកស្រី ខាំ សុភ័ក្ត្រ ប្រាប់ថា៖ «បុគ្គលិកតវ៉ានេះ អត់ទាមទារអីច្រើនទេ គ្រាន់តែទាមទារឱ្យខ្ញុំទាំង៣នាក់នេះ បានចូលធ្វើការងារវិញតាមផ្នែករៀងខ្លួននិងទាមទារឱ្យថៅកែជួយសម្រួលមើលប្រាក់ខែបុគ្គលិកដែលគ្នានៅកម្រិត១ កម្រិត២ កម្រិត៣ ឱ្យបានសមរម្យ និងស្នើកុំឱ្យអ្នកគ្រប់គ្រងរើសអើងមកលើសហជីព កុំឱ្យគាត់ប្រើពាក្យបណ្តេញចេញ ព្រោះកន្លែងគាត់តែងប្រើពាក្យបណ្តេញបុគ្គលិកចេញពីកន្លែងការងារ»។
អ្នកស្រី ខាំ សុភ័ក្ត្រ បន្តថា វិវាទការងារនេះបានផ្ទុះឡើងតាំងពីថ្ងៃទី១៤ ខែកក្កដា និងបានជួយចរចារកដំណោះស្រាយជាមួយតំណាងមន្ទីរការងារ តំណាងសណ្ឋាគារ និងតំណាងសហជីពជាច្រើនដងហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ហើយមន្ទីរការងារខេត្តសៀមរាបបានចាត់វិវាទការងារនេះជាជម្លោះបុគ្គលថែមទៀត។
ប្រធានទីផ្សារនិងផ្នែកលក់នៃសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ អ្នកស្រី ពូច អង្គឧសភាព អះអាងថា បុគ្គលិកទាំង៣រូបបានប្រព្រឹត្តខុសច្បាប់និងគោលការណ៍របស់សណ្ឋាគារ ដែលនាំឱ្យមានសេចក្ដីសម្រេចបញ្ឈប់ពួកគាត់។
តំណាងសណ្ឋាគាររូបនេះ បញ្ជាក់ថា បុគ្គលិកទាំង៣នាក់នោះបានចែករំលែកព័ត៌មាននៃសណ្ឋាគារគេផ្សេងតាមបណ្តាញសង្គមនិងបង្ហាញអារម្មណ៍មិនពេញចិត្ត រួមទាំងបង្អាប់សណ្ឋាគារដែលខ្លួនឯងកំពុងបម្រើការងារ ដែលអ្នកស្រីថា ក្រុមហ៊ុនបានហាមឃាត់សកម្មភាពបែបនេះ។
អ្នកស្រី ពូច អង្គឧសភាព ប្រាប់ថា៖ «ពួកគាត់ [បុគ្គលិក៣នាក់ដែលបញ្ឈប់] ស៊ែរ [ចែករំលែក] អូតែលផ្សេងដែលជាគូប្រកួតប្រជែងរបស់អូតែលយើង។ អ៊ីចឹង ច្បាប់របស់សណ្ឋាគារយើង គឺគេអត់ឱ្យស៊ែរទេ ដោយសារតែយើងធ្វើ Business [អាជីវកម្ម] រកស៊ីដូចគ្នា ដោយគាត់បាននិយាយលើកជើងគេ បង្អាប់កន្លែងខ្លួនឯង។ គាត់និយាយក្នុងហ្វេសប៊ុករបស់គេហ្នឹង គឺគាត់បាននិយាយបញ្ជាក់ពីអារម្មណ៍របស់គាត់មិនពេញចិត្តចំពោះថ្នាក់ដឹកនាំសណ្ឋាគារ។ ការធ្វើបែបនេះ វាខុសច្បាប់របស់អូតែលយើង ពីព្រោះអូតែលយើងមានគោលការណ៍ហាមជជែកគ្នាតាមបណ្តាញសង្គម»។
ប្រធានមន្ទីរការងារខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្តា មានប្រសាសន៍ថា វិវាទការងារនៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ គឺមន្ទីរការងារខេត្តបានខិតខំសម្របសម្រួលផ្សះផ្សារតាមនីតិវិធីច្បាប់ជាច្រើនដងហើយ ប៉ុន្តែលោកថា ភាគីបុគ្គលិកបានព្យាយាមមិនចូលខ្លួនដោះស្រាយ។
ប្រធានមន្ទីរការងារបញ្ជាក់ថា ករណីថៅកែសណ្ឋាគារបញ្ឈប់បុគ្គលិកស្ត្រី៣នាក់នោះ គឺមន្ទីរការងារមិនអាចដាក់ចូលជាវិវាទរួមបានឡើយ ដោយថា បុគ្គលិកទាំងនោះប្រព្រឹត្តខុសគោលការណ៍របស់សណ្ឋាគារ។
លោក ច័ន្ទ សុខុមចិត្តា ប្រាប់ថា៖ «បើសិនជាគាត់ចូលតុចរចា ខ្ញុំចរចាជូនគាត់ បើអត់សះជាទេ ខ្ញុំនឹងបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត។ ចំពោះវិវាទបុគ្គលអ៊ីចឹងដែរ បើគាត់មកដោះស្រាយ ក៏មកៗ បើគាត់អត់មកទេ ខ្ញុំនឹងធ្វើកំណត់ហេតុបញ្ជូនបន្តនីតិវិធីទៅលើទៀត ហើយការដោះស្រាយវិវាទរបស់ខ្ញុំ គឺខ្ញុំមិនមែនជាតុលាការទេ។ ខ្ញុំគ្មានកាត់ឱ្យខាងណាឈ្នះម្ខាងឬចាញ់ម្ខាងទេ គឺខ្ញុំផ្សះផ្សារឱ្យទទួលយកដំណោះស្រាយបានទាំងអស់គ្នា»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល មានប្រសាសន៍ថា ករណីម្ចាស់សណ្ឋាគារ ឡឺម៉េរីឌានអង្គរ បញ្ឈប់មន្ត្រីសហជីពបន្ថែមទៀតនេះ គឺជាការរើសអើងសហជីព ដោយថា សណ្ឋាគារមួយនេះកន្លងមកធ្លាប់បញ្ឈប់ថ្នាក់ដឹកនាំសហជីព២នាក់រួចម្តងមកហើយ។
លោក ទូច កុសល បន្ថែមថា ចំពោះមន្ទីរការងារខេត្តសៀមរាបដែលចាត់ទុកករណីនេះជាជម្លោះបុគ្គល គឺជារឿងមិនត្រឹមត្រូវឡើយ ដោយថា អ្វីដែលមន្ត្រីសហជីពទាំង៣នាក់នោះធ្វើ គឺដើម្បីបម្រើនិងការពារផលប្រយោជន៍រួមរបស់បុគ្គលិកទាំងអស់ដែលបម្រើការងារក្នុងសណ្ឋាគារ។
លោក ទូច កុសល បន្ថែមថា៖ «វាគឺជាការរើសអើងសហជីព ពីព្រោះសណ្ឋាគារនេះធ្លាប់បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន៣ដងរួចមកហើយ។ និយាយទៅ គេចង់រំលាយសហជីពនេះចោលតែម្តង ព្រោះគេបានប្រាប់ទៅកម្មករដែលបម្រើការងារនៅសណ្ឋាគារ ឡឺម៉េរីឌានអង្គរ ថាគេនឹងរំលាយសហជីពនេះឱ្យទាល់តែបាន រហូតអ្នកខ្លះគេអាត់[ថត]សំឡេងបានទៀត»៕