អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទាមទារទៅអាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសមាជិកក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ក្រោយពេលពួកគេចេញតវ៉ាដើម្បីទាមទារឱ្យដោះលែងស្វាមីរបស់ពួកគេ។
ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬ Human Rights Watch លើកឡើងថា ក្រុមភរិយានិងសាច់ញាតិរបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំ ជុំវិញការចោទថា «រួមគំនិតក្បត់» និង «ញុះញង់» បានចេញតវ៉ាជាបន្តបន្ទាប់នៅមុខសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែការតវ៉ារបស់ពួកគេត្រូវបានរារាំងនិងបំបែកទាំងបង្ខំពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ៧មករា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានរៀបរាប់ថា នៅថ្ងៃទី២៤ ខែកក្កដា កងកម្លាំងសន្តិសុខខណ្ឌ៧មករា ក៏បានរារាំង បំបែករុញច្រាន និងអូសពួកគេកាត់ផ្លូវ ខណៈពួកគេនាំគ្នាព្យាយាមទៅឈរតវ៉ានៅជាប់របងសាលាដំបូងរាជធានីភ្នំពេញ។
ដោយឡែក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌ៧មករាក៏បានចាប់អូសអ្នកស្រី សាត ផា ដែលត្រូវជាប្អូនជីដូនមួយរបស់អតីតមន្ត្រីបក្សប្រឆាំងខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី យកទៅប៉ុស្តិ៍ ដើម្បីសាកសួរនិងឱ្យចុះកិច្ចសន្យាដែលតម្រូវឱ្យបញ្ឈប់ការដើរតវ៉ាបន្តទៀត មុននឹងអ្នកស្រីត្រូវដោះលែងវិញ។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនាមក សមាជិកក្រុមគ្រួសារនិងសាច់ញាតិសកម្មជនបក្សប្រឆាំងដែលទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានអាជ្ញាធរកម្ពុជាធ្វើទុក្ខបុកម្នេញពួកគេចំនួន៧ថ្ងៃជាប់ៗគ្នា ដោយកងកម្លាំងសន្តិសុខខណ្ឌ៧មករា បានរារាំង ចាប់ និងរុញក្រុមអ្នកតវ៉ាទៅនឹងដី ដើម្បីមិនឱ្យពួកគេទៅដល់មុខនិងជាប់របងតុលាការក្រុង។
នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិប្រចាំអាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា វិធានការរបស់អាជ្ញាធរ គឺជាការរំលោភបំពានសិទ្ធិមនុស្ស។
លោក ហ្វីល រ៉ូបឺតសុន៖ «វីដេអូនគរបាលចាប់អូសក្រុមអ្នកតវ៉ាដោយសន្តិវិធីនៅលើផ្លូវនិងចាប់ពួកគេញាត់បញ្ចូលក្នុងរថយន្ត បង្កឱ្យមានក្ដីបារម្ភជាសកលអំពីការរំលោភបំពានដោយនគរបាលនៅកម្ពុជា។ អាជ្ញាធរគួរតែបញ្ឈប់បន្ទាន់នូវតាក់ទិកហិង្សាប្រឆាំងក្រុមបាតុករសន្តិវិធី និងគោរពសិទ្ធិប្រមូលផ្ដុំនិងបញ្ចេញមតិដោយសេរី»។
ស្នងការនគរបាលក្រុងភ្នំពេញ លោក ស ថេត បានបដិសេធថា អាជ្ញាធរមិនបានរុញច្រាននិងប្រើហិង្សាលើក្រុមអ្នកតវ៉ានោះទេ។
លោក ស ថេត ប្រាប់ថា៖ «មិនបានទៅធ្វើទុក្ខបុកម្នេញ រុញច្រាននោះ កម្លាំងសមត្ថកិច្ចមិនបានរុញច្រានទេ។ កន្លងទៅ គាត់បានចូលទៅបិទច្រកមិនឱ្យមន្ត្រីនៅខាងក្នុងចេញតើ! សួរទៅ វាត្រូវទេ? ហើយទៅយំដេកននៀលនៅហ្នឹង! តើអាហ្នឹងជាសណ្ដាប់ធ្នាប់សង្គមអត់? យើងមិនត្រូវអនុញ្ញាតឱ្យគាត់មកធ្វើអ៊ីចឹងទេ។ ការរុញច្រាន រូបខ្ញុំផ្ទាល់បានទៅអង្គុយមើល មិនមានការរុញច្រាន មិនមានអីនោះទេ។ គ្រាន់តែគាត់ដើរចូលមក អាជ្ញាធរហាមឃាត់មិនឱ្យជួបជុំឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ»។
អ្នកស្រី ព្រំ ចន្ថា គឺជាភរិយាលោក កាក់ កុម្ភារ សមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ក្រោមការចោទប្រកាន់ថា «រួមគំនិតក្បត់» និង «ញុះញង់»។
អ្នកស្រី ចន្ថា បានច្រានចោលការអះអាងរបស់លោក ស ថេត ហើយអ្នកស្រីថា រូបអ្នកស្រីផ្ទាល់បានឈឺចាប់ត្រង់ចង្កេះនិងជាំដៃជើងមិនទាន់បាត់ស្នាមនៅឡើយ ក្រោយពីត្រូវបានក្រុមសន្តិសុខខណ្ឌ៧មករាអូសកាត់ផ្លូវនិងចាប់សែង ហើយទម្លាក់ទៅលើផ្លូវកាលពីថ្ងៃទី២៤ ខែកក្កដា។
អ្នកស្រី ព្រំ ចន្ថា ប្រាប់ថា៖ «ខាងសន្តិសុខខណ្ឌ៧មករា គាត់មកហែកបដានិងចាប់បដាពួកខ្ញុំ អត់ឱ្យពួកខ្ញុំស្រែក ខ្លាចប៉ះពាល់ការងារធ្វើការរបស់តុលាការ ប៉ុន្តែពួកខ្ញុំទៅនេះមិនមានសម្រែក ហើយក៏មិនលើកបដា សួរថាឱ្យខ្ញុំទៅស្ងាត់ស្ងៀម តើឱ្យខ្ញុំទៅដើម្បីអី? ហើយបានរងការបង្ក្រាបពីខាងសន្តិសុខខណ្ឌ៧មករា ដូចជាទាញអូសទម្លាក់ ព្រោះសុទ្ធតែឈឺខ្លួនទាំងអស់ ដូចជាអូសកាត់ថ្នល់ទទឹងផ្លូវ ហើយខ្ញុំជាស្រ្តីទន់ខ្សោយ»។
អ្នកស្រី ព្រំ ចន្ថា ប្ដេជ្ញាបន្តទាមទារឱ្យតុលាការដោះលែងស្វាមីរបស់អ្នកស្រី បើទោះបីជាប្រឈមមុខនឹងការរារាំងនិងចាប់អូសទាញទាំងបង្ខំពីសំណាក់ក្រុមសន្តិសុខបែបនេះក្ដី។
ក្រុមភរិយានិងសាច់ញាតិរបស់សកម្មជនបក្សប្រឆាំង បានចេញតវ៉ា៧លើករួចមកហើយនៅក្នុងរយៈពេល៧សប្ដាហ៍កន្លងមកនេះ ដើម្បីទាមទារឱ្យដោះលែងស្វាមីរបស់ពួកគេសរុប១៧នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារព្រៃស ក្រោយត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅអំឡុងដើមឆ្នាំនេះ។
នាយករងអង្គការលីកាដូ លោក អំ សំអាត ដែលទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស សង្កេតឃើញថា កន្លងមក អាជ្ញាធរតែងតែរុញច្រាននិងប្រើប្រាស់អំពើហិង្សាមួយចំនួនទៅលើក្រុមអ្នកតវ៉ា បើទោះបីជាការតវ៉ារបស់ពួកគេធ្វើឡើងដោយសន្តិវិធីក៏ដោយ។
លោក អំ សំអាត ប្រាប់ថា៖ «បើសិនជាមើលមិនមានអំពើហិង្សា គួរតែជួយសម្របសម្រួល ដើម្បីធ្វើឱ្យគាត់ទាមទារឬសំណូមពរឱ្យបានចប់ចុងចប់ដើម មិនត្រូវប្រើប្រាស់អំពើហិង្សាណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់រូបរាងកាយឬសិទ្ធិពួកគេទេ ហើយបើសិនប្រើប្រាស់អំពើហិង្សាណាមួយដោយបង្ខំ អាហ្នឹងជាករណីរំលោភសិទ្ធិមនុស្សហើយ»៕