អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ណែ​នាំ​​ឱ្យ​លុប​បំបាត់​​ទី​​តាំង​​លក់​​ហ្គាស​​អនា​ធិប​តេយ្យ​​ឱ្យ​អស់

ក្រុមជួយសង្គ្រោះនិងអាជ្ញាធរយកធុងហ្គាសដែលមិនទាន់ផ្ទុះចេញពីទីតាំងកើតហេតុអគ្គិភ័យឆាបឆេះ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

​អភិបាល​រាជធានី​ភ្នំពេញបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ត្រួតពិនិត្យនិង​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ ដើម្បី​បញ្ចៀស​ការ​រំខាននិង​បង្ការ​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យនិង​សង្គ្រោះ ស្រង់​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញកាលពី​ថ្ងៃម្សិលមិញ​មក​ថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ មាន​កន្លែង​លក់និង​បញ្ចូល​ហ្គាសជាច្រើន ហើយ​កន្លែង​ខ្លះ​គ្មាន​ស្តង់​ដា​របច្ចេកទេស ប្រើ​ប្រាស់​ធុង​ហ្គាស​ចាស់​ៗគ្មាន​គុណភាពឬធុង​ស្តើងដែល​ងាយ​បង្ក​ហានិភ័យនិង​គ្រោះថ្នាក់​ដល់​អ្ន​កបញ្ចូល​ហ្គាសនិង​អ្នកប្រើ​ប្រាស់។

ករណីនេះ លោក​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង១៤ ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ហ្គាស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួននិង​ត្រូវ​ស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់​ឬលិខិត​បទដ្ឋាន​នានា បច្ចេកទេស​ស្តង់​ដារ និង​ឧបករណ៍​ការពារ ដើម្បី​ធានា​ថា អាជីវកម្ម​នោះ​គ្មានផល​រំខានឬបង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋនិង​បរិស្ថាន។

លោក​ថា៖ «កិច្ចការ​ងារ​នេះគឺជា​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​បើកាលណា​បង្ក​ឱ្យមាន​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ​កាន់តែ​ច្រើន ហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​យើង ហើយ​យើង​ក៏​ប្រឈម​ពេល​ជួយ​អន្តរាគមន៍ សង្គ្រោះ និង​ពន្លត់​ រួម​ទាំង​ស្ថានភាព​ច្រក​ផ្លូវ​តូច​ចង្អៀត ដោយសារ​បញ្ហា​ចរាចរណ៍ ដូច្នេះ​យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់»។

ប្រធានមន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ភ្នំពេញ លោក ងី ប៊ុ​នលី ពុំ​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ ដោយ​ប្រាប់​ថា​ជាប់​ប្រជុំ។

កាលពី​ថ្ងៃទី១៨ ខែកក្កដា មាន​ករណី​ផ្ទុះ​ធុង​ហ្គា​សប​ង្ក​ជា​អគ្គិភ័យ​កើតឡើង នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឱ្យមនុស្ស៤នាក់​បាន​ស្លាប់និង៥នាក់​ទៀត​រង​របួសធ្ងន់​ស្រាល។ 

កញ្ញា ម៉ី អាយុ២៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹងរាំង ក្បែរ​ផ្ទះ​លក់​ហ្គាស​ដែល​ឆេះ​នោះ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អាជ្ញាធរ​ក្នុង​ការ​លុបបំបាត់​កា​រល​ក់ហ្គាស​អនាធិបតេយ្យ​នៅក្នុង​ទីប្រជុំជន ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ។

កញ្ញា​ថា៖ «ខ្ញុំ​ថា អាជីវ​កម្ម​លក់​ហ្គា​សហ្នឹង​គួរតែ​លក់​នៅ​ជាយក្រុង​ល្អ​ជាង កុំ​ឱ្យ​មាន​លក់​នៅ​ជាប់​ៗផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ទីប្រជុំជន​អី ដើម្បី​ការពារ​សុវត្ថិភាព ហើយក៏​ឱ្យ​អ្នកលក់​ហ្នឹង​ក៏​ត្រូវ​ប្រុងប្រយ័ត្ននិង​មាន​ឧបករណ៍​ការពារ​ដែរ​ពេល​មាន​បញ្ហា​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ