ក្រសួង​​កសិកម្ម​ជំរុញ​​ឱ្យ​កសិករ​​ធ្វើ​​កសិកម្ម​​តាម​​ស្តង់​ដា​រ​សុវត្ថិ​ភាព​​សម្រាប់​​នាំ​ចេញ​​ទៅ​​ទី​ផ្សារ​​អន្តរ​ជាតិ​​

កសិករពីរនាក់ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ បាន​ជំរុញ​ដល់​ប្រជាកសិករ សហការ​ជាមួយ​ស្ថាប័ននិង​ក្រុមហ៊ុន​ពាក់ព័ន្ធ ធ្វើ​កសិកម្ម​បែប​បច្ចេកទេស​ទំនើប​ស្របតាម​ស្តង់​ដារ​សុ​វត្ថិភាព ដើម្បី​កាត់បន្ថយ​ការនាំចូល​ផលិតផល​កសិកម្ម​ពី​បរទេសនិង​ត្រៀមខ្លួន​នាំចេញ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម លោក ងិន ឆាយ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «សក្ដានុពល​នាំចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្ដរ​ជាតិដែល​មានការទាក់ទង​នឹង​ភូតគាម​អនាម័យ» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ថា ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​កសិកម្ម ត្រូវ​ធ្វើការ​សហការ​ជាមួយ​ប្រជាកសិករ ដើម្បី​ចងក្រង​ជា​សហគមន៍​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ បច្ចេកទេស​ដាំដុះ​បន្លែ និង​ផ្លែឈើ ជាពិសេសផ្លែស្វាយនិង​ចេក ជាដើម ដើម្បីឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ កាត់បន្ថយ​ការនាំចូល​ពី​បរទេស និង​ត្រៀមខ្លួន​នាំទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ប្រសិនបើ​ការ​ដាំដុះមិន​អនុវត្ត​ទៅតាម​គោលការណ៍​កសិកម្ម​ល្អនិង​ស្រប​ទៅតាម​លក្ខខណ្ឌ​ភូមិ​គាម​អនាម័យ​ទេ គឺ​យើង​មិន​អាច​នាំ​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​បានទេ ក្នុង​ន័យ​នេះ យើង​នឹង​ជំរុញ​ការចរចា​ផ្នែក​ឯកសារ​ជាមួយនឹង​ប្រទេស​នាំចូល ហើយ​ទន្ទឹម​នឹង​នេះ យើង​នឹង​ចុះទៅ​បណ្តុះបណ្តាល​កសិករ​បណ្តើរ​ៗឱ្យរៀបចំខ្លួន​ជាស្រេច ក្នុង​ការអនុវត្ត​គោលការណ៍​ការអនុវត្ត​កសិកម្ម​ល្អ ដែល​ជា​ការ​តម្រូវ​ពិសេស​ពីរ​សំខាន់សំរាប់​បើក​ទីផ្សារ​កសិផល​ទៅ​ទីផ្សារ​អឺរ៉ុប ក៏ដូចជា​ទៅ​ទីផ្សារ​កសិកម្ម»។

នាយិកា​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (អង្គការ CEDAC​) លោកស្រី តុង ចាន់​ធាង យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម ដើម្បីឱ្យ​ប្រជាកសិករធ្វើ​កសិកម្ម​តាម​ស្តង់ដារ​សុវត្ថិភាព។ ទោះ​យ៉ាងណា លោកស្រី​ថា ប្រជាកសិករ​ភាគច្រើន​ខ្វះ​ដើមទុន​ក្នុង​ការ​ធ្វើ​កសិកម្ម ដែល​ករណីនេះ​លោកស្រី​ស្នើ​ឱ្យស្ថាប័នរដ្ឋនិង​គ្រឹះស្ថាន​ឯកជន ផ្តល់​ប្រាក់កម្ចីដោយ​គិតការ​ប្រាក់​តិច ដើម្បី​ផ្តល់​ឱកាស​ឱ្យប្រជាកសិករ​អាច​ខ្ចីប្រាក់​ធ្វើ​កសិកម្ម​បាន។

លោកស្រី​មានប្រសាសន៍​ថា៖ «កសិករ​គាត់​ត្រូវការ​វិនិយោគ ដើមទុន​ក្នុង​ការសាងសង់​ផ្ទះ​សំណាញ់​ [សម្រាប់​ការ​ធ្វើ​កសិកម្ម​ទំនើប​] តាមខ្ញុំ​ដឹង ​រោង​មួយត្រូវ​ចំណាយ​អស់​ខ្ទង់ពាន់​ដុល្លារ​ឡើង ចំពោះ​កសិករ​ដែល​មិន​មានលទ្ធភាពឬក៏​គាត់​មិនសូវ​មាន​ដើមទុន នឹង​​ជួប​ការ​លំបាក​បន្តិច ប៉ុន្តែ​កសិករ​ដែល​គាត់​មាន​ដើមទុន​ គាត់​ដូចជា​មិន​មាន​បញ្ហា​ទេ»។

បន្ថែម​ពីនេះ លោកស្រី​ក៏​បង្ហាញ​ពី​ក្តី​បារម្ភ​ជុំវិញ​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ផង​ដែរ ដែល​បញ្ហា​នេះ​អាច​ធ្វើឱ្យទំនិញ​នាំចេញ​ត្រូវ​បង់ពន្ធ ហើយ​ប្រជាកសិករ​ធ្វើ​កសិកម្ម​មិនសូវ​ទទួល​បាន​ផល​ចំ​ណេញ​ច្រើន​នោះ​ទេ។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ថ្លែង​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ករណី EBA ជា​ការ​ទទួលខុស​ត្រូវ​រៀង​ៗខ្លួន​រវាង​កម្ពុជានិង​សហគមន៍​អឺរ៉ុប ដោយសារ​ភាគី​ទាំងពីរ​មាន​និន្នាការ​ឯករាជ្យនិង​អធិបតេយ្យ​ភា​ពរៀងៗ​ខ្លួន។ ករណីនេះ លោក​បាន​ប្រាប់​ទៅ​ក្រុម​អ្នកប្រឆាំង​រាជរដ្ឋាភិបាលមួយ​ចំនួន​ថា កុំ​ឱ្យយក​បញ្ហា EBA មក​និយាយ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «យើង​សុំ​ឱ្យអ្នក​ដែល​មិន​យល់​ពី​នយោបាយ​ខ្លះ កុំ​ប្រើពាក្យឬគំនិត​ណាមួយ ដែល​ធ្វើឱ្យមានការ​ច្របូកច្របល់​ចំពោះ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលនិង​ការ​ប្រឹងប្រែង​របស់​កសិករ​ខ្នាត​តូច ខ្នាត​មធ្យម និង​ខ្នាត​ធំ​របស់​យើង»។

របាយការណ៍​របស់ក្រ​សួង​កសិកម្មដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ បាន​ឱ្យដឹង​ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ការនាំចេញ​ផលិតផល​ដំណាំ​កសិកម្ម​ផ្លូវការ សម្រេច​បាន​ចំនួន២ ៦៨៩ ៩៨៧តោន កើនឡើង៩,០៦​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

កន្លងមក ក្រសួង​ក៏បាន​បង្ហាញ​របាយការណ៍​ដែរ​ថា កម្ពុជា​បាន​ចំណាយ​ថវិកា​ខ្ទង់២០០លាន​ដុល្លារ​អាមេរិក​ក្នុង១ឆ្នាំ​ៗ ទៅលើ​ការនាំចូល​បន្លែ​ពី​បរទេស​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។ ក្រសួង​ថា បន្លែ​នាំចូល​ទាំងនោះ ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាមនិង​ប្រទេស​ចិន។

របាយការណ៍​នោះបាន​បន្ត​ថា កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណ​ពី៥០០ទៅ៦០០តោន​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​នោះ​នៅដើម​ឆ្នាំនេះ កម្ពុជា​នាំចូល​ប្រមាណ៣០ភាគរយ បន្ទាប់ពី​បរិមាណ​នៃ​ការនាំចូល​បន្លែ​ពី​បរទេស​ចូល​មក​កម្ពុជាបាន​កើនឡើង​ដល់ទៅ៥០​% កាលពី​ពាក់កណ្ដាល​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ