កូរ៉េ​ខាង​ជើង​​ដាក់​​ក្រុង​​មួយ​​ក្នុង​​ភាព​​អាសន្ន​​ដោយ​សារ​​កូ​វីដ​១៩​​

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង​អ៊ុន មកពិនិត្យនិងសាកសួរក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យក្រុងព្យុងយ៉ាង។ (មិនមានកាលបរិច្ឆេទ តែចេញផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយ North Korean Central News Agency (KCNA)/ Reuters)

ប្រទេស​កូរ៉េខាងជើង​សម្រេច​ដាក់​ទីក្រុង​មួយ​ជា​កន្លែង​ដំណើរការ​វិស័យ​ឧស្សាហកម្ម​មមាញឹក​នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​កូរ៉េ​ខាងត្បូង ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ដោយសារ​មេរោគ​កូ​វីដ១៩ ហើយ​មនុស្ស​ជាង៣៦០០នាក់​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក។ 

នៅ​ថ្ងៃទី២៦ ខែកក្កដា ប្រទេសកូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​ភាព​អាសន្ន​ក្នុង​ប្រទេស​របស់​ខ្លួននិង​ការ​បិទ​ច្រកព្រំដែន​នៅ​ទីក្រុងហ្កេ​សុង បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​ដែល​បាន​ចំណាកស្រុក​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី៣ឆ្នាំមុន បាន​ត្រឡប់​ចូល​ប្រទេស​វិញ ហើយ​រក​ឃើញថា មាន​ផ្ទុកមេរោគ​កូ​វីដ១៩។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័រ។

តាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA គឺ​លោក គីម ជុង​អ៊ុន អះអាង​ថា មេរោគ​កាច​សាហាវ​នេះចាប់ផ្តើម​មាន​ឆ្លង​នៅក្នុង​ប្រទេស​ហើយ។ ទោះ​យ៉ាង​ណា ក្រោយពេល​ប្រកាស​លើកដំបូង​កាលពី​ចុងខែ​កក្កដា​មក កូរ៉េខាងជើង​មិនបាន​បង្ហាញ​ព័ត៌មាន​វិវត្ត​ន៍​ផ្សេង​ៗជុំវិញ​ការ​ឆ្លង​មេរោគ​កូ​វីដ១៩នេះ​ទេ។ 

អ្នកតំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កូរ៉េខាងជើង​ លោក​វេជ្ជបណ្ឌិត Edwin Salvador ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័​រថា ការ​អះអាង​របស់​កូរ៉េខាងជើង​នេះមិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ព្រោះ​ការ​ធ្វើតេស្ត​រក​មេរោគ​មិនទាន់​បង្ហាញ​លទ្ធផល​ផ្លូវការ។

លោកវេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​សង្ស័យ​ថាមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​បុរស​ផ្ទុក​កូ​វីដ១៩ ចំនួន៦៥នាក់ និងមនុស្ស៣៥៧១នាក់​ទៀតសង្ស័យ​មាន​ទំនាក់ទំនង​ដោយប្រយោល​នោះ អាជ្ញាធរ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​នៅក្នុង​ការិយាល័យ​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​នោះ​រយៈពេល៤០ថ្ងៃ។

លោក​ថា ​ទីក្រុងហ្កេ​សុង ស្ថិតនៅ​ក្រោម​ការ​បិទ​ឃុំឃាំង ហើយ​គ្រូពេទ្យប្រចាំ​ទីក្រុង​បាន​បន្ត​តាមដាន​ស្ថានភាព​មេរោគ​កូ​វីដ១៩។ 

រដ្ឋាភិបាល​កូរ៉េខាងជើង​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​កុំឱ្យ​ឆ្លង​មេរោគ​កូ​វីដ១៩ ហើយ​ថា បើ​មានការ​ធ្វេស​ប្រហែល​នឹង​មានផល​វិបាក​ធ្ងន់ធ្ងរ។

ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្រកាស​ជួយ​ផ្គត់ផ្គង់​ស្បៀងអាហារនិងថវិកាបន្ថែម ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ។

ហ្កេ​សុង ជាទី​ក្រុង​ដំណើរការ​វិស័យ​ឧស្សាហកម្ម​មមាញឹក​មួយ​នៅ​ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង៣៥០ ០០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ