នាយក​​រដ្ឋ​មន្ត្រី​ណែ​នាំ​​ឱ្យ​​ពលរដ្ឋ​​ការពារ​​សុខ​ភាព​និង​​ការពារ​​ខ្លួន​​ពី​​បាតុ​ភូត​​ខ្យល់​​កន្ត្រាក់​​ក្នុង​​រដូវ​ភ្លៀង​​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយកន្លែងអំឡុងពេលមានភ្លៀងធ្លាក់ ស្ថិតនៅខេត្តកោះកុង ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ (ក្រសួងធនធានទឹក និងឧតុនិយម)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋយកចិត្ត​ទុកដាក់​ថែរក្សា​សុខភាពនិង​ការពារ​ខ្លួន​ពី​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់នៅក្នុង​រដូវភ្លៀង​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅ​ថ្ងៃទី០៦ ខែសីហា​នេះ​ថា រយៈពេល​ចុងក្រោយ​នេះ ស្ថានភាព​អាកាសធាតុមាន​ភ្លៀងនិង​ខ្យល់​កន្ត្រាក់​ច្រើនបាន​កើតមានឡើង ដែល​ធ្វើឱ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​រង​ការខូចខាត។ 

លោក​បន្ត​ថា៖ «ដូច្នេះ​បងប្អូន​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ជាពិសេស​ក្នុង​ការ​ធ្វើដំណើរ​ឆ្ងាយ។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងទន្លេ តាម​មាត់សមុទ្រ និង​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ចុះទូក​នេសាទ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​តាមដាន​ឱ្យបាន​ជាប់​នូវ​ការ​ផ្សព្វផ្សាយ​ព្យាករ​ណ៍អាកាសធាតុ​របស់ក្រ​សួង​ធនធានទឹក និងឧតុនិយម»។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក និងឧតុនិយម កាលពី​ថ្ងៃទី០៤ ខែសីហា បាន​ឱ្យដឹង​ថា ចាប់ពី​ថ្ងៃទី៥ដល់​ថ្ងៃទី១១ ខែសីហា កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាបនិង​ខ្យល់មូសុង​និរតី​ខ្សោយ។ ក្រសួង​បន្ត​ថា ស្ថានភាព​នេះ​នឹង​ធ្វើឱ្យបណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាលនិង​តំបន់​ជួរភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​ច្រើន ខណៈ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រនឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កើនឡើង។

ក្រសួង​បាន​បញ្ជាក់​ថា៖ «សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ដែល​នៅ​បន្ត​កើតមាន»។

កាលពីដើម​សប្តាហ៍​នេះ មាន​ករណី​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន៤គ្រឿង ក្នុង​នោះទូក៣គ្រឿង ដែល​ចត​ចោល ​(មិន​មាន​មនុស្ស​) នៅ​សង្កាត់​កោះ​រ៉ុង​សន្លឹម ក្រុង​កោះ​រ៉ុង និង​ទូក​ឈើ​មួយ​គ្រឿង​ទៀត​ដឹក​ភ្ញៀវ​ទេសចរ ដោយសារ​បញ្ហា​អាកាសធាតុ ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងគ្រោះ​ថ្នាក់​ទេ។

ស្រប​ពេល​គ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ការពារ​ខ្លួន​កុំ​ឱ្យឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​សម្លាប់​មេរោគ ឬទឹក​អាល់កុល ជាពិសេស​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។ លោក​បាន​គូសបញ្ជាក់​ថា បើ​ទោះជា​ប្រទេស​កម្ពុជា​ពុំ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក៏ដោយ ប៉ុន្តែ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះឆ្លង​រាតត្បាត​លឿននិង​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ