វិភាគ៖ នាយក​​រដ្ឋ​មន្ត្រី​​ជា​គោល​​ដៅ​​ដែល​​ពល​រដ្ឋ​​សុំ​​ឱ្យ​​ផ្តល់​​យុត្តិធម៌​​

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តំណាង​ស្ត្រី​ផ្នែក​សេវា​កម្សាន្ត​ប្រហែល ១០០នាក់ បាន​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋ​នៅ​តាម​ក្រុម​ដូចជា កម្មករ​រោងចក្រ​កាត់ដេរ អ្នកមាន​ជម្លោះដីធ្លី អ្នក​រង​ផល​ប៉ះពាល់​ពី​បរិស្ថាន ឬអ្នកខ្លះ​ជា​ជម្លោះ​បុគ្គល ​ក៏​សំដៅ​ទៅ​រក​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យ​ជួយ​ផ្តល់​យុត្តិធម៌​ដែរ ដោយ​មិន​បន្ត​តាម​យន្តការ​ច្បាប់​រហូតដល់​តុលាការ​កំពូល​ទេ។

នៅក្នុង​ច្បាប់​របស់​កម្ពុជា ​ផ្តល់​សិទ្ធិ​ដល់​តុលាការ​ជា​អ្នក​សម្រេច​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ជម្លោះ។ តុលាការ​មាន៣ថ្នាក់​គឺ​សាលាដំបូង​រាជធានី​-ខេត្ត សាលាឧទ្ធរណ៍ និងតុលាការ​កំពូល។ ក្រៅពី​តុលាការ នៅក្នុង​ច្បាប់​ក៏​មាន​ចែង​ពី​ការ​ដោះស្រាយ​បញ្ហា​ឬជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាម​ការសម្រប​សម្រួល​ពី​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ៗដែរ ហើយ​បើ​ការ​ដោះស្រាយ​នោះ​មិនបាន​ផល ​ទើប​បន្ត​នីតិវិធី​ពីសា​លា​ដំបូង​រហូតដល់​តុលាការ​កំពូល។

ប៉ុន្តែ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ គោលដៅ​ចុងក្រោយ​នៃ​ការស្វែងរក​យុត្តិធម៌​របស់​អ្នក​ជួប​បញ្ហា​មួយចំនួន​ មិនមែន​ជា​តុលាការ​កំពូល​នោះ​ទេ គឺជា​លោកនាយក​រដ្ឋមន្ត្រី​ទៅវិញ។ ករណី​ខ្លះ​មិនទាន់​ឆ្លងកាត់​តុលាការ​ថ្នាក់ដំបូង​ផង ភាគី​ជម្លោះ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​បាត់​ទៅ​ហើយ។

អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែងតែ​ជួប​សកម្មភាព​តវ៉ា​ជាបន្តបន្ទាប់ ​ពិសេស​គឺ​ក្រុម​កម្មករ​រោងចក្រ​ដែល​ពួក​គាត់​ចោទ​ថា ថៅកែ​មិន​គោរពច្បាប់​ បំពាន​សិទ្ធិ​និង​ផលប្រយោជន៍​ពួក​គាត់ ​គឺ​តែងតែ​ហែ​ក្បួន​ទៅ​រកកិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន។ ចំណែក​អ្នកមាន​ជម្លោះដីធ្លី​ក៏​ស្វែងរក​កិច្ចអន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ញឹកញាប់​ដែរ ក្រុម​ខ្លះ​ធ្វើដំណើរ​មក​ពី​បណ្តា​ខេត្ត​ចម្ងាយផ្លូវ​រាប់​រយ​គីឡូម៉ែត្រ ទាំង​ជីវភាព​ខ្វះខាត មក​ស្នាក់នៅ​ក្នុង​វត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី។

ចំណុច​មួយទៀត ទោះជា​ពលរដ្ឋ​មាន​បញ្ហា​ទាំងនោះ​មិន​មានលទ្ធភាព​មក​ជួបជុំគ្នា​នៅ​ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ដោយសារ​មិន​មាន​លុយ​ធ្វើដំណើរ​មក​ពី​ខេត្តឬត្រូវ​អាជ្ញាធរ​រារាំង​មិន​ឱ្យទៅ​ជិត​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ក៏ដោយ ក៏​ពួក​គេ​កាន់​រូបថត​លោកនាយក​រដ្ឋមន្ត្រី ឈរ​លើ​ដី​មាន​ជម្លោះឬកន្លែង​រោងចក្រ​របស់​ពួក​គេ​ សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ជួយ​ដែរ។

ពលរដ្ឋ​ជួប​បញ្ហា​ខ្លះទៀត ដាក់​រូបភាពឬបញ្ហា​ជា​ក្តី​កខ្វល់​របស់​ពួក​គេទៅ​ក្នុង​ប្រអប់​ផ្តល់​មតិយោបល់​នៃ​ហ្វេសប៊ុក​របស់​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​ឱ្យ​ជួយ​រកដំណោះស្រាយ។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ដឹង​ថា ពលរដ្ឋ​មាន​ចំនួន​ច្រើន​ស្វែង​កិច្ច​អន្តរា​គមន៍​ពី​លោកដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ រហូតដល់​លោក​ណែនាំ​ឱ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់បង្កើត​ក្រុមការងារ​តាមដាន​ហ្វេសប៊ុក​របស់​លោក ដើម្បី​ប្រមូល​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ទាំងនោះ​យក​ទៅ​ដោះស្រាយ។

អនុប្រធាន​សហគមន៍​នេសាទ​ត្រពាំង​រពៅ​នៅក្នុង​ខេត្តកំពត អ្នកស្រី ប៉ុន ញូង ថ្លែងប្រាប់​ក្រុមការងារ​វី​អូ​ឌី​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ថា គាត់​បាន​ប្រឹងប្រែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ៗ ដើម្បី​ការពារ​សហគមន៍​របស់​ពួក​គាត់​កុំឱ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​អភិវឌ្ឍ​នៅ​តំបន់​នោះ តែមិនទទួលបានផល ទើប​សម្រេច​ទៅ​ស្កាត់​ជួប​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​ពិធីបុណ្យ​សមុទ្រ កាលពី​ឆ្នាំ២០១៩ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំង។

អ្នកស្រី ប៉ុន ញូង បាន​អះអាង​ថា៖ «គេ​បាន​សួរ​ខ្ញុំ​ថា បើ​អ៊ុំ​ឯង​មាន​បញ្ហា ម៉េច​ក៏​អ៊ុំ​ឯង​មិន​ធ្វើ​ពី​ថ្នាក់ក្រោម​ឡើង ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​ហើយ​ក្មួយ តាំងពី២០១៥នោះ រឿង​នេះ​មិនមែន​តែ​កើតឡើង​ថ្ងៃនេះ​ទេ ឥលូវ​ខ្ញុំ​លែងទុកចិត្ត​ហើយ។ ខ្ញុំ​លែង​ជឿ​ហើយ ព្រោះ​លិខិត​ខ្ញុំ មេដៃ​ខ្ញុំ​ទាំងប៉ុន្មាន វា​គ្មាន​ប្រសិទ្ធភាព ដោះ​មិន​ចេញ រុញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ដល់​អ៊ីចឹង​យើង​មានការ​ព្រួយបារម្ភ ក៏​សុំ​ប្រថុយ​ចូល​ទៅ​ជួប​សម្តេច​ឱ្យ​លោក​ជួយ ប៉ុន្តែ​ថ្ងៃ​នោះ​អត់​បាន​ជួប​ផ្ទាល់»។

ការ​បង្ហាញ​ក្តី​កង្វល់ឬការយំសោក​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​នេះ មិនមែន​មានតែ​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ជម្លោះដីធ្លីឬក្រុម​កម្មករ​នោះ​ទេ គឺ​អ្នកមាន​ទ្រព្យសម្បត្តិ មន្ត្រី ឬអ្នកនយោបាយ​មួយចំនួន​ ក៏​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​ដែរ។

កាលពីដើម​ឆ្នាំ២០១៩ ភរិយា​លោកឧកញ៉ា ថោង សារ៉ា​ត់ ​អ្នកស្រី ទាវ ធីតា បាន​នាំគ្នា​ជា​ក្រុម​ទៅ​ទ្រហោ​យំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​រិះគន់​បរិហារ​ប្រធាន​តុលាការនិង​មន្ត្រី​ពាក់ព័ន្ធ​ថា ប្រើ​ល្បិច​ចាប់​ស្វាមី​របស់​អ្នកស្រី​ទាំង​មិន​មាន​កំហុស។ អ្នកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​លោក ​ហ៊ុន សែន ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី។

អ្នកស្រី​ ទាវ ធីតា៖ «ប្តី​ខ្ញុំ​មិនបាន​ដឹង​អីទាំងអស់ អយុត្តិធម៌​ណាស់។ សម្តេច ​ហ៊ុន សែន ត្រូវតែ​ធ្វើ​រឿង​នេះ​ឱ្យ​មាន​យុត្តិធម៌​ឡើងវិញ មិន​អ៊ីចឹង​ទេ! ​ប្រទេសជាតិ​ក្តៅក្រហាយ​ណាស់ ​មិន​អាច​មាន​អ្នកណា​ជ្រកកោន​បានទេ។ កុំឱ្យ​គេ​ចោទ​ខ្លាំង​ជាង​ហ្នឹងទៀត។ ប្តី​ខ្ញុំ​មិនបាន​ធ្វើ​អី​ខុស ភស្តុតាង​ក៏​មាន​ ស្អី​ក៏​មាន។ ហេតុ​អី​? ហេតុ​ក៏​ធ្វើបែប​នេះ​?»

កាលពី​អំឡុង​ខែសីហា ​ឆ្នាំ២០១៨ តំណាងរាស្ត្រនិង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិមួយចំនួន​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ជាបន្តបន្ទាប់ ការ​ដោះលែង​នេះ​បន្ទាប់ពី​មាន​ការសរសេរ​លិខិត​សុំទោស​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែរ។

ការស្វែងរក​កិច្ច​អន្តរាគមន៍​ដោយ​មិន​ប្រើ​យន្តការ​តុលាការឬយន្តការ​ដោះស្រាយ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នេះ សូម្បីតែ​បងប្រុស​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​ប្រើ​ដែរ។

កាលពី​ខែឧសភា ​ឆ្នាំ២០១៧ លោក ហ៊ុន សាន បងប្រុស​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​ធ្លាប់​បាន​ធ្វើ​លិខិត​រក​កិច្ច​អន្តរាគមន៍​ដែរ​ ដោយ​ចោទ​ថា លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កៀបសង្កត់និង​រំលោភ​យក​ដី​ក្រុម​គ្រួសារ​របស់​លោក។ ប៉ុន្តែ​លិខិត​របស់​លោក ហ៊ុន សាន មិនបាន​ផ្ញើ​ទៅ​ប្អូនប្រុស​របស់​លោក​ទេ គឺ​ផ្ញើ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

លិខិត​លោក ហ៊ុន សាន៖ «សូម​សម្តេច​ជួយ​ណែនាំ​ឯកឧត្តម ម៉ក់ ជី​តូ ដែល​តែងតែ​ការពារ​ជនល្មើស​រំលោភ​យក​ដី​របស់ខ្ញុំនិង​កូន​ខ្ញុំ ធ្វើ​ឱ្យ​បាត់បង់​ភាព​កក់ក្តៅ ធ្លាក់ចុះ​ប្រជាប្រិយ​ភាព បែកបាក់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត​ក្នុង​ជួរ​គណបក្សប្រជាជន ពិសេស​ក្រុម​គ្រួសារ​ថ្នាក់ដឹកនាំ​ប្រទេស»។

ករណី​ដែល​ពលរដ្ឋ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រីឬថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដោយ​មិន​ប្រើ​យន្តការ​តុលាការ​ឬការសម្រប​សម្រួល​ពី​មន្ត្រី​ថ្នាក់ក្រោម​នេះ បង្ហាញថា ពួក​គេ​មិន​ពេញចិត្ត​លើ​ការ​ដោះស្រាយ​របស់​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ៗ ហើយ​បើ​ការ​ស្វែង​ការ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​កាន់តែ​ច្រើន​នោះ ការ​មិន​ពេញចិត្ត​​ក៏​មានកាន់តែ​ច្រើន។

ករណី​ដែល​ពលរដ្ឋ​កាន់តែ​ច្រើន​សំដៅ​រក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នេះ លោកនាយក​រដ្ឋមន្ត្រី​ខ្លួនឯង​ក៏​ថា លោក​ក៏​រង​ភាព​អយុត្តិធម៌​ដែរ​ គឺថាមន្ត្រី​ទម្លាក់​បញ្ហា​ឱ្យ​លោក​ដោះស្រាយ ចំណែក​អ្វី​ដែល​មានប្រយោជន៍​ពួក​គេ​ទទួល។

កាលពី​ខែមេសា ​ឆ្នាំ២០១៨ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ដក​​មន្ត្រី​ដែល​មិន​បំពេញការងារ​តាមច្បាប់ហើយ​ទុក​បញ្ហា​នានា​ឱ្យ​លោក​ដោះស្រាយ។

លោក ហ៊ុន សែន៖ «បើ​ស្អី​ក៏​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ ស្អី​ក៏​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ ចាំបាច់​ទៅ​មាន​ក្រសួង​ធ្វើ​អី​? ដាក់​ហ្អែង! ម៉ា​ជុំវិញ​វិមានឯករាជ្យ​ហ្នឹង​ចប់​! ចាំបាច់​ទៅ​មានអី​! ប៉ុន្តែ​អស់លោក អត់​យក​ការទទួលខុសត្រូវ​ណាមួយ អត់​យក​ការទទួលខុសត្រូវ​ណាមួយ​ទេ»។

ក្នុង​តំណែង​ជានា​យក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ត្អូញត្អែរ​ថា ក្នុង​តំណែង​របស់​លោក​មានការ​លំបាក​ច្រើន ហើយ​លោក​ខិតខំ​ធ្វើការងារ​លំបាក​ទាំងនេះ​ដើម្បីប្រទេស​ជាតិ។

ពលរដ្ឋ​ដែល​ហែ​ជា​ក្បួនឬដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ តែងតែ​អះអាង​ថា មន្ត្រី​ថ្នាក់ក្រោម​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ទេ ដោយ​លម្អៀង​ទៅ​ភាគី​ម្ខាងទៀតឬមិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា។

របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ប្រចាំឆ្នាំ២០២០ បង្ហាញថា ក្នុងចំណោម១២៨ប្រទេស កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ១២៧ គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា​តែមួយគត់ ចំណែក​នៅ​តំបន់​អាស៊ាន​គឺ​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ចុងក្រោយ​គេ។ ចំណាត់ថ្នាក់​នេះស្ថិតនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិនល្អ។

ក្នុង​ពិធី​រំឭក​ខួប​ជ័យជម្នះ៧មករា ធ្វើឡើង​នៅ​ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ឱ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌។ លោក​បន្ត​ថា សង្គម​ដែល​មិន​មាន​យុត្តិធម៌ នឹង​នាំ​ឱ្យ​មានការ​បែកបាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ