ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​​ត្អូញ​ត្អែរ​ពី​ផល​ប៉ះ​ពាល់​ក្រោយ​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​ផ្ទះ​សម្បែង

ស្ថានភាពទឹកឡើងដោយជំនន់ទឹកភ្លៀង នៅតំបន់បឹងទំពន់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ត្អូញត្អែរ​អំពី​ការ​ខូច​ខាត​លំនៅឋាន និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ​បណ្ដាល​មក​ពី​ជំនន់​ទឹក​ភ្លៀង​ ដែល​បាន​ជន់​លិច​​ទីក្រុង​មួយ​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នកស្រី សុផា ​អាយុ ៤០ឆ្នាំ មាន​លំនៅឋាន​ទទឹង​ប្រហែល ៤​គុណ​នឹង​បណ្ដោយ​ប្រហែល ៥​ម៉ែត្រ នៅ​ទល់​មុខ​ប្រឡាយ​ទឹក​ស្អុយ​​ស្ថិត​នៅ​ក្នុងសង្កាត់បឹងទំពុន ក្នុង​ខណ្ឌ​មានជ័យ ផ្នែកខាង​ត្បូង​រាជ​ធានី​ភ្នំពេញ។ ពលរដ្ឋ​រូប​នេះ បានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា អ្នកស្រីមករស់នៅសង្កាត់បឹងទំពុនប្រមាណជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែ អ្នកស្រីមិនដែលជួបប្រទះជំនន់​ទឹក​ភ្លៀង​ខ្លាំងម្តងណាមួយឡើយ ទើបតែពីម្សិលមិញនេះតែប៉ុណ្ណោះ។

អ្នកស្រីបន្តថា កាលពីម្សិលមិញទឹកលិចចូលផ្ទះអ្នកស្រីប្រហែលម៉ោង ៥ល្ងាច ខណៈផ្ទះដែលទាបលិចមុន មុន​នឹង​ដល់ផ្ទះ​របស់​គាត់។

អ្នកស្រី សុផា និយាយថា៖ «យ៉ាប់ណាស់អូនអើយ! វាសើមឥវ៉ាន់នៅក្នុង យើងទៅធ្វើការបាត់​មាននៅផ្ទះណា។ ដល់ពេលមកវិញ សើមឥវ៉ាន់អស់អាលីញ។​ យើងគិតស្អែកហាល! មានថ្ងៃណាហាលទៀត បើភ្លៀងជាប់គ្នាចឹង មានតែទុកឱ្យស្អុយខូចអស់ហ្នឹង»

ភ្លៀងមួយមេធំ បាន​ធ្លាក់​ជោគ​ជាំ​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បណ្តាលឱ្យផ្លូវនានា​ក្នុងទីក្រុង​ស្ថិត​នៅ​ក្រោម​ទឹក​ភ្លៀង ហើយ​ផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវ​ទឹក​ហូរ​កាត់ ឬ​ជន់​លិច​ផង​ដែរ។

ជា​អ្នកលក់ប្រហិត​នៅ​ក្នុង​សង្កាត់​បឹងទំពុន​ផង​ដែរ អ្នកស្រី ញឹក ព្រឿង អាយុ ៦០ឆ្នាំ បានប្រាប់ថា មុខរបរលក់ប្រហិត​របស់​គាត់​ត្រូវ​អាក់​ខាន បន្ទាប់​ពី​​ផ្លូវធ្វើដំណើរមុខផ្ទះគាត់​ត្រូវ​លិច​លង់​នៅ​ក្រោម​ជំនន់​ទឹក​ភ្លៀង។

អ្នកប្រកបអាជីវកម្មផលិតសាច់ផាត់នៅភូមិព្រែកទាល់ លោក វេង សុខហៀង បានឱ្យដឹងថា លោកមិនអាចប្រកបអាជីវកម្មរបស់លោកទៀតបានទេ ដោយសារតែទឹកលិចឧបករណ៍ផលិតរបស់គាត់ស្ទើរទាំងស្រុង។

លោក វេង សុខហៀង ប្រាប់ថា៖ «ផលវិបាក គឺទាំងមធ្យោបាយធ្វើដំណើរទាំងអីហ្នឹង យើងចង់ទៅណាក៏វាពិបាក ហើយរស់នៅវាអត់ស្អាតទៀតចឹងហាស»

កំពុងសម្អាត​ផ្ទះ​ក្រោយ​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​ ហើយ​ដក​ថយ​បន្សល់​នូវ​សំរាម​នៅ​ក្នុង​ផ្ទះ​នោះ អ្នកស្រី សុខជូ ដែល​មាន​មុខ​របរ​ជា​អាជីវករ បានប្រាប់​ថា សម្ភារ​ប្រើ​ប្រាស់​ដូចជា តុ ទូឈើ ទូរទឹកកកជាដើម បាន​ខូច​ខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ជន់​លិច។

អ្នកស្រី សុខជូ និយាយថា៖ «ណាមួយពីមុនយើងមិនដែលជួបប្រទះមកពីយើងមិនទាន់ចាក់លុបបឹង លុបបួរ លុបក្រលុក គឺឥលូវទូទៅហើយអូនមើលកន្លែងណាត្រូវលុបត្រូវតែផ្ទះល្វែង!អភិវឌ្ឍន៍ត្រូវតែលុបចឹងអាក្បាលៗទឹកនឹង ចឹងវាហូរកាត់ច្រាលមកទាំងអស់»

លោកស្រីអះអាងថា ប្រមាណជាជិត ២ឆ្នាំមកហើយដែលមិនមានវត្តមានខាងអាជ្ញាធរដឹកនាំ ចុះសម្អាតប្រឡាយក៏ដូចជាយកស្មៅចេញដែលអាចជារនាំងបាំងទឹកមិនឱ្យហូរបាន។

ប្រធានកម្មវិធីអភិវឌ្ឍន៍សមាគមធាងត្នោត លោក ឯម ខេមរា បានឱ្យដឹងថា កត្តាដែលបណ្ដាលឱ្យលិច គឺដោយសារការលុបបឹង ជាពិសេសការលុបបឹងធំៗក្នុងនោះមានបឹងទំពុន និងបឹងតាមោក។

លោកបន្តថា ការលុបផ្ទៃទឹកក្នុងបឹងទាំងអស់ គឺជាផ្នែកមួយរាំងខ្ទប់ទឹកមិនហូរ ចាក់ពីទីក្រុងភ្នំពេញមកកាន់ផ្ទៃទឹកក្នុងបឹងទាំងមូល។

វីអូឌីមិនទាន់អាចធ្វើការទាក់ទងទៅកាន់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីធ្វើការបកស្រាយជុំវិញបញ្ហាលិចទឹកក្នុងក្រុងបាននៅឡើយទេ នៅរសៀលថ្ងៃទី៧ ខែសីហានេះ។

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ពី​កាល​​ចុង​ខែ​កក្កដា​ថា ភ្លៀងនឹង​បន្ត​ធ្លាក់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ចាប់​ពី​ដើម​សប្ដាហ៍​នេះ​រហូត​ដល់​ដើម​សប្ដាហ៍​ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ