រាជ​រដ្ឋា​ភិបាល​អនុញ្ញាត​​ឱ្យ​បើក​​ដំណើរ​ការ​​រោង​កុន​និង​​រោង​​សម្តែង​​សិល្បៈ​​ឡើង​វិញ​​

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

រាជរដ្ឋាភិបាលបានសម្រេច​ឱ្យ​បើក​ដំណើរការ​រោងកុននិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ការការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ បាន​លើកឡើង​ថា ការអនុញ្ញាត​ឱ្យបើក​ដំណើរការ​ឡើងវិញ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ចនិង​ជា​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សិល្បករ-សិល្ប​ការិនី ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ ក្នុង​បុព្វហេតុ​អភិរក្សនិង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ។ 

ក្រសួង​បាន​បន្ត​ថា៖ «សិល្បករ-សិល្ប​ការិនី ព្រមទាំង​ផលិតករ អាជីវកម្ម ម្ចាស់​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ ដែល​មានបំណង​បើក​ដំណើរការ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្តនិង​ផ្សព្វផ្សាយ​ នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ»។

តែ​យ៉ាងណា ក្រសួង​បាន​តម្រូវឱ្យរោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​ទាំងអស់ ត្រូវ​អនុវត្ត​លក្ខខណ្ឌ​មួយចំនួន ដោយ​ត្រូវ​ដាក់ពាក្យ​ស្នើសុំ​និង​ចុះ​អនុស្សរ​ណៈ​យោគយល់​ជាមួយ​ក្រសួង ដើម្បី​ធានា​ថា ការអនុវត្ត​នូវ​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវនិង​ត្រូវ​រៀបចំខ្លួន​រួចរាល់ក្នុង​ការអនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព ដូច​មាន​ចែង​ក្នុង​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ការការពារ​ការ​ចម្លង​វីរុស​កូ​វីដ១៩។

ក្រសួង​បាន​បន្ថែម​ថា ចំពោះ​ការ​បើក​ដំណើរការ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ត្រូវ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្តដោយ​ការទទួលខុសត្រូវ​ខ្ពស់និង​ចូលរួម​សហការ​ពេញលេញ​ជាមួយ​ក្រុមការងារ​ចម្រុះ​របស់ក្រ​សួង​វប្បធម៌និង​ក្រសួងសុខាភិបាល។

ប្រធាន​ផ្នែក​ទីផ្សារ​របស់​រោង​ភាពយន្ដ Major Cineplex កញ្ញា គុយ កែវមរកត បាន​ប្រាប់​វី​អូ​ឌី​ឱ្យ​ដឹងថា រោងភាពយន្ត​បាន​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ម៉ោង១១ព្រឹក​នេះ​ទៅ ដោយ​គោរព​តាម​ការណែនាំ​របស់ក្រ​សួង​ពាក់ព័ន្ធពី​វិធាន​សុខាភិបាល ក្រោយពី​ក្រសួងវប្បធម៌​បាន​ទទួលពាក្យ​ស្នើសុំ​ពី​ម្ចាស់​អាជីវកម្ម​រួចមក។ 

កញ្ញា​បន្ត​ថា៖ «រោង​ភាពយន្ដ Major Cineplex by Smart យើង​គោរព​តាម​គោល​កា​រណ៍​ស្ដ​ង់​ដា​ររបស់ក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​ណែនាំ​ឱ្យ​យើង​ជាមួយ​ប្រតិបត្តិ​ការ​មួយចំនួនដូចជា ការ​ឆែក​វាស់​កម្ដៅ​គ្រប់​អតិថិជនដែល​ដើរចូល​មក​ទីតាំង​របស់​រោង​ភាពយន្ដ ក៏​តម្រូវ​ឱ្យ​ប្រជាជន​ទាំងអស់​ពាក់​ម៉ាស់»។ 

លោក ហឿង មិនា​ង អាយុ២០ឆ្នាំ ជា​អតិថិជន​ម្នាក់​របស់​រោង​ភាពយន្ដ Major Cineplex បាន​គាំទ្រ​ចំពោះ​ការ​បើក​ឡើងវិញ​នូវ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​របស់​ផលិ​ករនិង​រោង​ផលិតកម្ម​នានា ខណៈ​ដែល​លោក​សង្កេតឃើញ​រោងភាពយន្ត​នេះ​មាន​រៀបចំ​នូវ​វិធាន​សុខាភិបាលដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូ​វីដ១៩នេះ​ដែរ។ 

លោក​ថា៖ «ព្រោះ​ដោយសារ​វា​មាន​សុវត្ថិភាព ពេល​ចូល​មក​គេ​មាន​ស្កេន​កម្តៅ ហើយនិង​លាង​សម្អាត​ដៃ ហើយ​មើលទៅ​វា​មាន​ផាសុ​កភាព​ជាង​មុន»។

កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានសម្រេច​ឱ្យផ្អាក​ដំណើរការ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ