មេ​​បក្ស​នយោ​បាយ​​មួយ​​ជឿ​​ថា​ គម្រោង​​តវ៉ា​៤​ថ្ងៃ​​នៅ​​ភ្នំពេញ​​នឹង​​ជំរុញ​​យុត្តិធម៌​​សម្រាប់​​លោក រ៉ុង​ ឈុន​

លោក រ៉ុង ឈុន ក្នុងថ្ងៃចូលរួមសវនាការនៅតុលាការសាលាឧទ្ធរណ៍ អំពីសំណុំរឿងការលុបឈ្មោះគ្រូបង្រៀនទាំង១១នាក់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក រ៉ុង ឈុន)

​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ និយាយ​ថា គម្រោង​តវ៉ា៤ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃ​ចុង​សប្ដាហ៍​នៃ​ពាក់កណ្ដាល​ខែ​នេះ នឹងអាច​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ដោះលែង​សកម្មជន​ព្រំដែន​ ​លោក រ៉ុង ឈុន។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» និង​បញ្ជា​ឱ្យ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី១ ខែសីហា។

ការ​ចោទប្រកាន់​ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU​) រូប​នេះ ត្រូវ​បាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងយប់​នៅ​គេហដ្ឋាន​របស់​គាត់ បន្ទាប់ពី​គាត់​ចេញ​របាយការណ៍​មួយដែល​លើកឡើង​ថា បង្គោល​ឡាក់​ព្រំដែន​លេខ១១៤និង​លេខ១១៩នៃ​ព្រំដែន​កម្ពុជា​-វៀតណាម​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បោះ​ចូល​មក​ទឹកដី​កម្ពុជា​ក្នុង​ចម្ងាយ​ប្រហែល៥០០ម៉ែត្រ។

លោក សួង សុភ័​ណ្ឌ ប្រាប់VODនៅ​ថ្ងៃនេះ​ថា ការចោទប្រកាន់​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ជា​រឿង​អយុត្តិធម៌។

មេ​បក្ស​រូប​នេះនិយាយ​ទៀត​ថា ជម្រើស​ចុងក្រោយ​ដើម្បី​ជំរុញ​ឱ្យ​មាន​យុត្តិធម៌និង​ដោះលែង​លោក រ៉ុង ឈុន គឺ​ការ​ធ្វើ​យុទ្ធនាការអហិង្សា​តាមរយៈ​ការធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​មនុស្ស​រាប់ពាន់​នាក់​ចូលរួម ដើម្បី​ផ្ញើ​សារ​រួមគ្នា​ទៅ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក រ៉ុង ឈុន។

លោក សួង សុភ័​ណ្ឌ ប្រាប់​ថា៖ «ខ្ញុំ​យល់ថា មិន​ត្រឹមតែ​ដោះលែង​ទេ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្សប្រជាជន ត្រូវតែ​ផ្តល់​មេដាយ​មាស​ជូន​លោក រ៉ុង ឈុន ទៀត​ ចំពោះ​ស្នាដៃ​លោក រ៉ុង ឈុន ដែល​ហ៊ាន​តទល់​ប្រឆាំង និយាយ​ការពិត​ទាក់ទង​ទៅ​នឹង​ព្រំដែន​រវាង​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម»។

គណបក្ស​ខ្មែរ​ឈ្នះ តាម​លិខិត​ចុះ​ថ្ងៃទី៥ ខែសីហា បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ថា គម្រោង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

លិខិតបញ្ជាក់​ថា បាតុកម្ម​នោះមាន​អ្នកចូលរួម​ច្រើន​ពាន់​នាក់​មក​ពី​ស្ថាប័ន​គ្រូបង្រៀន កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​អ្នកគាំទ្រ​មួយចំនួន​ទៀត ដោយ​ប្រើ​ពេល៤ថ្ងៃគឺ​ថ្ងៃទី១៦​, ២០​, ២៣ និង​ថ្ងៃ៣០ ខែសីហា។

លោក រ៉ុង ឈុន បាន​កាន់​តំណែង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អស់​រយៈពេល​ជាង១៥ឆ្នាំ មុននឹង​ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​កគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​.) កូតា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១៤។ ក្រោយ​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​រំលាយ​នៅ​ចុងឆ្នាំ២០១៧ លោក រ៉ុង ឈុន បាន​លាឈប់​ពី គ.ជ.ប​. ហើយ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​វិញ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆាយា​វី ប្រាប់​ថា មកដល់​ថ្ងៃនេះ អ្នកស្រី​មិនទាន់​បានដឹង​ពី​គម្រោង​ធ្វើបាតុកម្ម​នេះ​ទេ ប៉ុន្តែអ្នកស្រី​ថា បើ​បាតុកម្ម​នេះ​មានបំណង​ពិត​ទាមទារ​ឱ្យដោះលែង​លោក រ៉ុង ឈុន សមាគម​នឹង​ចូលរួម។

អ្នកស្រី អ៊ុ​ក ឆាយា​វី ប្រាប់​ថា៖ «បើសិនជា​ការ​តវ៉ា​ហ្នឹងដើម្បី​តែ​ដោះលែង​លោក រ៉ុង ឈុន អាហ្នឹង​យើង​ចូលរួម ប៉ុន្តែក្នុង​រូបភាព​អី​ទៀត​[នយោបាយ​] យើង​អត់​អាច​ប្រកាន់​ជំហរ​ចូលរួម​ទេ»។

លោក រ៉ុង ឈុន ក៏​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU​) ផង​ដែរ ក្រោយពី​ចាកចេញ​ពី​តំណែង​ជាស​មា​ជិ​ក គ.ជ.ប​.។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​ថា ក្រុម​សហជីព​របស់​លោក​មិន​មាន​ផែនការ​ចូលរួម​ក្នុង​បាតុកម្ម​ដែល​គ្រោង​រៀបចំឡើង​ដោយ​បក្សនយោបាយ​នោះ​ឡើយ ដោយ​លោក​អះអាង​ពី​ឯករាជ្យ​ភាព​របស់​សហជីព​លោក ប៉ុន្តែលោក​ថា ក្រុម​សហជីព​លោក​ក៏បាន​ចូលរួម​តាមរយៈ​សេចក្ដីថ្លែង​ការណ៍​នានាទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​លោក រ៉ុង ឈុន ផង​ដែរ។

លោក អាត់ ធន់ ប្រាប់​ថា៖ «ខ្ញុំ​អត់មាន​ព័ត៌មានឬទំនាក់ទំនង​អី​ជាមួយ​ពួក​គាត់​ទេ តែបើ​សមាជិក​យើង​ណាមួយ​ចង់​ចូលរួម យើង​មិន​ហាម​គេ​ទេ។ ប៉ុន្តែ​សហជីព​ខ្ញុំ​អត់​បាន​រៀបចំ​ចូលរួម​ធ្វើបាតុកម្ម​ហ្នឹង​ទេ»។

VOD មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ម៉េ​ត មាស​ភក្តី បានទេ​ ដោយ​ទូរសព្ទ​របស់​លោក​គ្មាន​អ្នកទទួល។

ប៉ុន្តែលោក សួង សុភ័​ណ្ឌ អះអាង​ថា គម្រោង​ជួប​ដើម្បី​ពិភាក្សា​ជុំវិញ​លិខិត​ជូនដំណឹង​ធ្វើបាតុកម្ម​នេះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ប្រកាស​លើកពេល។

នៅ​ថ្ងៃនេះ​ដែរ គណបក្ស​ខ្មែរ​ឈ្នះបាន​ធ្វើ​យុទ្ធនាការ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិកនិង​បារាំង ជំរុញ​ឱ្យ​ប្រទេស​មហាអំណាច​ទាំងនោះ​ជួយ​ជំរុញ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន និយាយ​ថា ការ​តវ៉ា ការ​បញ្ចេញមតិ គ្មាន​ឥទ្ធិពល​ដល់​ការសម្រេច​របស់​តុលាការ ដែល​លោក​ហៅ «ស្ថាប័ន​ឯករាជ្យ»នោះ​ទេ។

អ្ន​ក​នំា​ពាក្យ​រូប​នេះ​បន្ត​ថា មធ្យោបាយ​តែមួយគត់ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក រ៉ុង ឈុន គឺ​ចូលរួម​ក្នុង​នីតិ​វី​ធីតុ​លា​ការ​តាមរយៈ​ការ​បង្ហាញ​ភស្តុតាង បង្ហាញ​សក្ខីកម្ម​ដោះបន្ទុក ដើម្បី​បញ្ជាក់​ថា ជនជាប់ចោទ​នោះ​គ្មាន​ពិរុទ្ធភាព។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «នេះ​ជា​មធ្យោបាយ​តែមួយគត់​តាមផ្លូវ​ច្បាប់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ»។

យ៉ាងនេះ​ក្តី អង្គការ​សង្គម​ស៊ីវិល​ចំនួន១៤២ស្ថាប័ន កាលពី​ថ្ងៃទី៣ ខែសីហា បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួមចាត់ទុក​ការ​ចាប់ខ្លួននិង​ចោទប្រកាន់​លោក រ៉ុង ឈុន ថា​ជា​ការរំលោភ​សិទ្ធិ​បញ្ចេញមតិដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ទាមទារ​ឱ្យ​ដោះលែង។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch​) កាលពី​ថ្ងៃអង្គារ​នេះ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ ដោយ​ទាមទារ​ទៅ​រដ្ឋាភិបាលឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះហៅ​ការចោទប្រកាន់​លោក រ៉ុង ឈុន ថា​ជា​បទ​ចោទ​បែប​ប្រឌិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ