តុលាការកំពូលនឹងប្រកាសសាលក្រមករណីអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១០នាក់នៅថ្ងៃសុក្រសប្តាហ៍ក្រោយ ក្រោយពីបើកសវនាការសួរដេញដោលលើបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឱ្យពួកគាត់។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យអតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំង១០រួប ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា មូលហេតុដែលកូនក្ដីរបស់លោកស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារតែពួកគាត់មួយចំនួនមានបញ្ហាសុខភាពដូចជា ជំងឺលើសឈាម ឡើងជាតិអាស៊ីត និងឈឺសន្លាក់។
លោកថា៖ «ស្ថានភាពសុខភាពធ្ងន់ធ្ងរជាងគេគឺមានលោក កែវ ថៃ ដែលលោកមានជំងឺធ្ងន់ធ្ងរ គឺគាត់មានជំងឺលើសឈាម! ឈាមរបស់គាត់ដើរមិនស្រួល ហើយគាត់ឡើងជាតិអាស៊ីត ហើយឥលូវគាត់ក៏ឈឺបំពង់កដែរ។ លោក ជុំ ចាន់ ក៏គាត់មានជំងឺដែរ លោក ញ៉ែម វាន ក៏មានជំងឺដែរ ហើយអ្នកមានផ្សេងៗក៏មានជំងឺប្រហាក់ប្រហែលគ្នាដែរ»។
លោក សំ សុគង់ បានបន្ថែមថា បន្ទាប់ពីសវនាការជិត២ម៉ោងនៅព្រឹកមិញនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុល បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
បើតាមមេធាវីរូបនេះ គិតចាប់តាំងពីដើមឆ្នាំ២០២០មក មានអតីតសកម្មជនគណបក្សប្រឆាំងចំនួន១៧នាក់ហើយដែលត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់ និងបទញុះញង់ឱ្យយោធាមិនស្ដាប់បង្គាប់»។
វីអូឌីពុំអាចស្វែងរកការអត្ថាធិប្បាយបញ្ជាក់ពីលោកចៅក្រម និល ណុល បានទេ។
ខណៈតុលាការកំពូលកំពុងបើកសវនាការនោះ ក្រុមគ្រួសារនិងសាច់ញាតិអតីតសកម្មជនគណបក្សប្រឆាំងប្រហែល៥០នាក់ ក៏បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខតុលាការ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំទាំង១៧នាក់។ ក្រៅពីនោះ ពួកគេក៏បានស្នើសុំជួបស្វាមីនិងសាច់ញាតិដើម្បីយកអាហារទៅឱ្យ ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធ។
អ្នកស្រី សំ ចិន្តា ជាភរិយាលោក កែវ ថៃ អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ឆ្នាំងនិងជាគ្រូបង្រៀន បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរដែលមិនអនុញ្ញាតឱ្យអ្នកស្រីជួបនិងយកអាហារឱ្យស្វាមីដែលកំពុងមានជំងឺ។
អ្នកស្រីថា៖ «ប្ដីខ្ញុំស្រែកប្រាប់ថា ខ្ញុំឈឺមាត់និងបំពង់ក ហើយក៏អយុត្តិធម៌ម៉្លេះ គេអ្នកផ្សេងអាចអង្គុយហូបបាយ អត់ឱ្យក្រុមគ្រួសារយកទៅទេ ប្ដីអ្នកធ្វើនយោបាយដែលត្រូវបានគេរំលាយអស់ហើយ ហេតុអីមិនឱ្យប្រពន្ធជួប»។
តែយ៉ាងណា មន្ត្រីក្រសួងមហាផ្ទៃ លោក រិទ្ធី ឌីណា បានប្រាប់ទៅក្រុមគ្រួសារអ្នកជាប់ឃុំក្នុងអំឡុងពេលប្រមូលផ្តុំនៅមុខតុលាការថា ការដែលលោកមិនអនុញ្ញាតឱ្យក្រុមគ្រួសារជួបអ្នកជាប់ឃុំនោះ គឺធ្វើតាមបញ្ជាថ្នាក់លើ។
លោកបាននិយាយថា៖ «ឥលូវខ្ញុំជួយយក [អាហារឱ្យ] បើសិនជាព្រម ខ្ញុំមិនមានសិទ្ធិសម្រេចទេ អាហ្នឹងអាស្រ័យទៅលើតុលាការនិងមណ្ឌលអប់រំកែប្រែ ព្រោះខ្ញុំកម្លាំងក្រសួងមហាផ្ទៃ គ្រាន់តែមកជួយការពារសុវត្ថិភាពទាំងអស់គ្នា អត់មានសិទ្ធិសម្រេចឱ្យគាត់ជួបឬមិនជួប ទាល់តែឆ្លងយោបល់ថ្នាក់លើសិននិងខាងមណ្ឌលអប់រំកែប្រែទៀត»។
នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើអ្នកជាប់ឃុំទាំងនោះ មានជំងឺមែន អាជ្ញាធរគួរតែអនុញ្ញាតឱ្យក្រុមគ្រួសារនិងសាច់ញាតិរបស់ពួកគេជួប ដើម្បីបានដឹងពីសុខទុក្ខនិងទទួលថ្នាំសម្រាប់ព្យាបាលជំងឺ។
លោកថា៖ «ពីព្រោះពួកគាត់ជាជនជាប់ចោទ [ត្រូវបាន] កាត់អស់សិទ្ធិមួយចំនួនហើយ ត្រង់ថា តុលាការដកហូតដូចជាសិទ្ធិដើរហើរនិងសិទ្ធិអីផ្សេង ហើយសិទ្ធិផ្សេងទៀតដែលតុលាការមិនបានដកហូត គាត់នៅតែមានសិទ្ធិដូចពលរដ្ឋដទៃ ហើយកាលណាមិនអនុញ្ញាតឱ្យជួប វាជាការរំលោភសិទ្ធិគាត់វិញ»៕