អ្នក​​បង្ហោះ​​រិះ​គន់​​រដ្ឋា​ភិបាល​​រឿង​​កូ​វីដ​១៩​៖ ​ពួក​​គេ​​ចង់​​បំបិទ​​សំឡេង​​យើង​

ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី​ សុខ ចំរើន អង្គុយរៀបរាប់ប្រាប់អ្នកសារព័ត៌មានអំពីការចាប់ខ្លួនប្ដីអ្នកស្រីគឺលោក ភុត ថុនា ពីសំណាក់អាជ្ញាធរ ក្រោយពេលលោកបង្ហោះសារផ្សេងៗនៅលើបណ្ដាញសង្គម។ (ម៉ិច ដារ៉ា)

អ្នកស្រី​ សុខ ចំរើន កំពុងតែ​អាំងត្រីនៅផ្ទះ​របស់​អ្នកស្រី​ កាលពីព្រឹក​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២០ ក៏​មាន​បុរស​ប្លែក​មុខ​ម្នាក់​បាន​មក​សួរ​អ្នកស្រី​ថា ​តើលោក ភុត ថុនា ដែល​ជា​ស្វាមី​របស់​គាត់​នៅផ្ទះ​ដែរ​ឬទេ។

អ្នកស្រី​បាន​និយាយ​ថា មួយ​ម៉ោង​ក្រោយមក ​មន្រ្តី​ខេត្ត​និង​មន្រ្តី​នគរបាល​ចំ​នួន​ប្រមា​ណ១០នាក់​បាន​ចូលផ្ទះ​របស់​អ្នកស្រី​យ៉ាង​ប្រញាប់​ប្រញាល់ ហើយ​បាន​ចាប់ខ្លួន​ប្តី​របស់​អ្នកស្រី​ក្នុងរយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ អាជ្ញាធរ​មិនបាន​ផ្តល់​មូលហេតុ​លម្អិត​នៃ​ការ​ចាប់ខ្លួន ​មុន​ពេល​ពួក​គេ​យក​ប្តី​របស់​អ្នកស្រី​ទៅ​ឃុំឃាំង​ទេ។

ប៉ុន្តែ​អ្នកស្រី ​ចំរើន ​បាន​និយាយ​ថា​ អ្នកស្រី​បាន​ទាយ​ដឹងពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ប្តី​អ្នកស្រី​រួចហើយ។ 

អ្នកស្រី ចំរើន​ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​ បាន​និយាយ​ថា៖ «នៅពេល​ពួក​គេ​មករ​កប្តី​ខ្ញុំ ខ្ញុំ​ដឹង​ថា​គាត់​មាន​បញ្ហា​ដោយសារតែ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​គាត់​ទេ»។

លោ​ក ថុនា ​មាន​អាយុ៣២ឆ្នាំ ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី ​និង​បាន​បង្ហាញ​ការ​គាំទ្រ​​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បាន​បង្ហោះ​សារ​និង​វីដេអូ​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ផង​ដែរ។ លោក ថុនា​ បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​នូវ​ការ​ព្រួយបារម្ភ​អំពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​តាមដាន ​និង​ធ្វើការវិភាគ​សម្រាប់កូ​វីដ១៩ដែល​មកដល់​ខែមីនា​បាន​រីក​រាល​ដាលពី​ប្រទេសចិនទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍។

លោក ថុនា​ បាន​បង្ហោះ​សារ​កាលពី​ថ្ងៃទី៥ ខែ​មិនា​ ដូច្នេះ​ថា៖ «ពួក​ហ្អែង​ចាំ​មើល​ណា! ​បើ​ឆ្លង​ប៉ះ ចំបងប្អូន​អញ អញ​មិន​ឱ្យ​ហ្អែង​រួចខ្លួន​ទេ»។ ការ​បង្ហោះ​នេះ​កើតឡើង​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជាទើបតែ​បាន​រក​ឃើញ​មាន​ករណី​កូ​វីដ១៩ជាលើក​ដំបូង​ចំពោះ​ជនជាតិ​ចិន​ដែល​បាន​មកលេង​នៅ​ប្រទេស​កម្ពុជា។

ក្រាហ្វិកបច្ចុប្បន្នភាពករណីឆ្លងនិងជាសះស្បើយពីកូវីដ១៩នៅកម្ពុជា

ពីរថ្ងៃក្រោយមក ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីទី២ដែលកើតឡើងលើជនជាតិខ្មែរដំបូងគេ បន្ទាប់ពីបុរសនោះមានទំនាក់ទំនងជាមួយបុរសជនជាតិជប៉ុនម្នាក់ដែលមានលទ្ធផលវិជ្ជមានកូវីដ១៩។

បន្ទាប់មក​ លោក ថុនា​ បាន​បង្ហោះ​សារ​មួយទៀត​នៅ​លើ​ហ្វេសប៊ុក ដើម្បី​ចំអក​សេចក្តី​ថ្លែងការណ៍​របស់លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន​ ក្នុង​សុន្ទរ​កថាមួយ​កាលពី​ខែកុម្ភៈ​ ដែល​ថា​ នៅ​ថ្ងៃទី៣១ ខែកុម្ភៈ​ ទើប​កម្ពុជា​មាន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា។

នៅ​ថ្ងៃទី២១ ខែឧសភា ​គឺ​ជាង​ពីរ​ខែ​បន្ទាប់ពី​ការ​ចាប់ខ្លួន​ លោ​ក ថុនា ត្រូវ​បាន​កាត់ទោសពី​បទ​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​ ដោយ​ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​មួយឆ្នាំ។

អ្នកស្រី ​ចំរើន បាន​ពិភាក្សា​គ្នា​ជាមួយ​ស្វាមី​ពី​ការ​បង្ហោះ​របស់​គាត់​ដែរ ប៉ុន្តែ​លោ​ក ថុនា បាន​ប្រាប់​អ្នកស្រី​ ចំរើន ​ថា​អ្នកប្រើ​ហ្វេសប៊ុក​ផ្សេងទៀត​ក៏​បង្ហោះ​ស្រដៀង​គាត់​ដែរ ដូច្នេះ​កុំ​ព្រួយបារម្ភ​អ្វី។ 

អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ប្រាប់​គាត់​ថា ពេល​ដែល​បង​ធ្វើអ្វី​មួយ សុំ​បង​គិត​ពី​ប្រពន្ធនិងកូន​ៗផង»។

យោង​តាមអង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស (Human Rights Watch​) បានឱ្យ​ដឹង​ថា លោក ថុនា គឺ​ស្ថិតនៅ​ក្នុង​ចំ​ណោ​មនុស្ស​យ៉ាងហោចណាស់៣០នាក់ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ​ចោទប្រកាន់ ឬផ្តន្ទាទោស​ពី​បទ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺ​រាតត្បាតកូ​វីដ១៩។

អង្គការ​មួយ​នេះ​បាន​ចងក្រង​ជាឯក​សារ​ថា​ ពលរដ្ឋ​ចំនួន១៣នាក់​ដែល​ភាគច្រើន​​ជាប់ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពី​បទ​«ញុះញង់» និង ​«រៀបចំផែនការ​ក្បត់»។ 

អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​ក៏​បាន​រាយការណ៍​ថា ​មនុស្ស៣នាក់​ប្រឈម​នឹងការ​ចោទប្រកាន់​ស្រ ដៀង​គ្នា​នេះ ​ប៉ុន្តែ​ត្រូវ​បាន​ធានាឱ្យនៅ​ក្រៅ​ឃុំ។ ពលរដ្ឋ​ចំនួន១៤នាក់​ផ្សេងទៀត ​រួមទាំង​សិស្ស សាលារៀន​ម្នាក់មិនទាន់​គ្រប់​អាយុ​ផង ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​សុំទោសជា​សាធារណៈនិង​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ហាមផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ មុន​ពេល​ដែល​ប៉ូលិសធ្វើការ​ដោះលែង​ពី​ការ​ឃុំឃាំង។

នគរបាល​មាន​ភាព​ស្រពេចស្រពិល​អំពី​ភស្តុតាង​ដែល​ត្រូវ​បាន​ប្រើ​ដើម្បីជំនួយ​ដល់​ការ​ចាប់ខ្លួន​ទាំងនេះ​ ដោយ​មន្រ្តី​នគរបាល​ពីរ​នាក់​បាន​ប្រាប់VODថា ​អ្នក​ដែល​«បង្ក​ភាព​វឹកវរ»ត្រូវ​បាន​យក​ទៅ​ដាក់​ពន្ធនាគារ​ហើយ។

មិនមែន​ជា​រឿង​កំប្លែង​ទេ

ភាគច្រើន​នៃ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ពី​កូ​វីដ១៩ ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ ហើយ​ក្នុងករណី​ខ្លះទៀត​ ការ​ចាប់ខ្លួន​ត្រូវ​បាន​ផ្អែក​ទៅលើ​ការសន្ទនា​តាម​ទូរសព្ទឬសារ​ជជែកគ្នា​ឯកជន​នៅក្នុង​ក្រុម។ យោងទៅតាមអង្គការ​សិទ្ធិមនុស្ស​នេះ​និង​ក្រុ​មសិ​ទិ្ធ​មនុស្ស​ផ្សេងទៀត ​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​និងនគរបាល​មិនបាន​ពន្យល់​ពី​វិធី​ដែល​ថា​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ប្រាស្រ័យ​ទាក់ទង​ឯកជន​ទាំងនេះដោយរបៀបណា​នោះ​ទេ​ ឬពន្យល់​ថា​តើ​ពួក​គេ​វិភាគ​ព័ត៌មាន​ទាំងនោះ​ជា​ព័ត៌មាន​ក្លែងក្លាយ​របៀបណា​នោះដែរ។

បើ​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត ​បានឱ្យ​ដឹង​ថា ​សិស្សសាលា​មិនទាន់​គ្រប់​អាយុ​ដែល​រស់នៅ​ក្នុង​ខេត្តកំពត​ បាន​ផ្ញើ​សារ​ជា​សំឡេង​ទៅក្នុង​ក្រុម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឯកជន​កាលពី​ខែមីនា​ ដោយ​អះអាង​ថា ​មិត្ត​រួម​ថ្នាក់​ពីរបី​នាក់​បាន​ស្លាប់​ហើយ​អ្នក​ផ្សេងទៀត​មាន​ជំងឺ​កូ​វីដ១៩។ ហ្វេសប៊ុក​នោះ​ក៏បាន​បង្ហាញ​វីដេអូ​ដែល​ក្មេងស្រី​នោះ​បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ​ផង​ដែរ។

នគរបាល​បាន​សាកសួរ​ក្មេងស្រី​អាយុ១៤ឆ្នាំ​រូប​នេះ​និង​បានឱ្យ​នាង​សុំទោស​ជា​សាធារណៈ​ចំពោះមុខ​មិត្តភក្តិ​របស់​នាង​ ដែល​វីដេអូ​សុំទោសនោះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នគរបាល​ខេត្ត​និងស្រុក​ផង​ដែរ។ 

សិស្ស​ស្រីរូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​សូម​ផ្តែផ្តាំ​ទៅ​ប្រជាជន​ទាំងអស់​ដែល​លេង​នៅ​លើ​ហ្វេ​ស ប៊ុ​កថា ​គឺ​នៅក្នុង​សាលា ​ហួរ ឈៀវ នេះ មិន​មាន​វីរុស​កូ​រ៉ូ​ណា​កើតឡើង​ទេ។ ដូច្នេះ ​ខ្ញុំ​សុំទោស ព័ត៌មាន​ដែល​ខ្ញុំ​បាន​និយាយ​កាលពី​ម្សិលមិញ​មិន​ពិត​ទេ»។ 

វីដេអូ​និង​រូបថត​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាលើកដំបូង​តាម​អ៊ិ​នធឺ​ណិ​តកាលពី​ពាក់កណ្តាល​ខែមីនា​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​របស់​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ ហើយ​ក្រោយមក​មុខ​របស់​នាង​ត្រូវ​បាន​បិទបាំង​ដោយ​ផ្នែក​ខ្លះ​ដោយ​រូបសញ្ញា​ផ្កាយ។

នៅ​រាជធានី​ភ្នំពេញ​វិញ លោក ​កុយ សំអាត ​បាន​បង្ហោះ​វីដេអូ​មួយ​កាលពី​ថ្ងៃទី៦ ខែមីនា ​ប្រតិកម្ម ទាក់ទង​នឹង​ព័ត៌មាន​ដែល​មាន​ប្រភព​ពី​ប្រទេស​វៀតណាម ​អំពី​អ្នកដំណើរ​ជនជាតិជប៉ុន​ដែល​បាន​ចាកចេញ​ពី​ខេត្តសៀមរាប ​ដោយធ្វើ​តេ​ស្ត​វិជ្ជមាន​វីរុសកូ​វីដ១៩ពេល​មក​ដល់​ណា​ហ្គូ​យ៉ា​ប្រទេស​ជប៉ុន​ ដែល​អ្នកដំណើរ​រូប​នេះ​មក​ពី​កម្ពុជាបាន​ឆ្លងកាត់​ប្រទេស​វៀតណាម។

គាត់​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ «យើង​ទាំងអស់​គួរតែ​អរគុណ​យួន​ទៅ​ កុំ​តែ​បាន​យួន​ស្រែក​ថា​ប្រទេស​កម្ពុជា​មាន​កូ​វីដ១៩ឬវីរុ​សកូ​រ៉ូ​ណា​ទេ កុំអី​ប្រជាជន​ទូទាំង​[ប្រទេស]អត់​ដឹង​ថា​ ប្រទេស​កម្ពុជាមាន​កូ​វីដ១៩ឬវីរុ​សកូ​រ៉ូ​ណា​នោះ​ទេ»។ 

គាត់​បាន​និយាយ​ក្នុង​វីដេអូ​ថា៖ «សំណាង​ហើយដែល​យួន​ស្រែក​ថា​កម្ពុជា​មាន​កូ​វីដ១៩។ ប្រសិនបើ​មនុស្ស​ធម្មតា​ស្រែក ពួ​កគេ​អាច​នឹង​ត្រូវ​បាន​គេ​ចាប់ខ្លួន»។ បីថ្ងៃក្រោយ​ពី​ការ​បង្ហោះ​នោះ លោក សំអាត ត្រូវ​បាន​ចាប់ខ្លួននិង​ឃុំខ្លួន​ក្រោម​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​បទឧក្រិដ្ឋ»។ 

លោក ទេព ផល្លា ដែល​មានឈ្មោះ​ក្នុង​ហ្វេសប៊ុក​ថា «Saty Fila» បាន​បង្ហោះ​អត្ថបទ​ចំនួន២ ដែល​ក្នុង​នោះ​ មួយ​និយាយ​ពី​ការ​សន្លប់​របស់​ក្មេងស្រី​ម្នាក់​នៅ​វិទ្យាល័យ​មួយ ហើយ​ករណី​មួយទៀត​ទាក់ទង​នឹង​ការ​ស្លាប់​ក្រោម​ហេតុផល​គាំងបេះដូង ហើយ​លោក​ថា ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​វីរុស​កូ​រ៉ូ​ណា​នេះ​នៅ​កម្ពុជា ហើយ​ថា ​អាជ្ញាធរ​កំពុង​បិទបាំង​ករណី​ទាំងនេះ។ 

លោក​បាន​បន្ថែម​ថា៖ «កូ​រ៉ូ​ណា​នៅ​ខ្មែរ​ គេ​ប្រែថា​ខ្យល់គរ។ មិនមែន​លេងសើច​ទេ បងប្អូន​ប្រយ័ត្ន»។

មនុស្ស៥នាក់​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ ពួកគេស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​វី​អូ​ឌី​ ដោយមាន​ការភ័យខ្លាច​អាជ្ញាធរ​មូលដ្ឋាន​ចាប់ខ្លួន​ឡើងវិញ។

ព័ត៌មាន​ក្លែងក្លាយជា​អាវុធ​នយោបាយ

ក្រុមសកម្ម​ជន​សិទ្ធិមនុស្ស​ បាន​និយាយ​ថា​ ការវាយប្រហារ​ការ​បញ្ចេញមតិ​ដោយសេរី​និង​ភាព​រង្គោះរង្គើ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​បង្កើត​បរិយាកាស​នៃ​ការភ័យខ្លាច​ដោយ​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ជ្រើសរើស​ការ​មិន​ប​ង្ហាញ​ទស្សនៈ​របស់​ពួក​គេ។

ប្រទេស​កម្ពុជា​មិន​មានច្បាប់​ដែល​មានស្រាប់​ក្នុង​ការ​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​នោះ​ទេ ​ប៉ុន្តែ​លោក ​ហ៊ុន ​សែន នៅ​ឆ្នាំ២០១៩ ​បាន​ចាត់​មន្រ្តី​ឱ្យ​ចាប់ផ្តើម​ដំណើរការ​ព្រាងច្បាប់នេះ។ រហូតមកដល់​ពេលនេះ ​បទប្បញ្ញត្តិ​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​មានស្រាប់​ ត្រូវ​បាន​ប្រើ​ដើម្បី​ចោទប្រកាន់​ប្រជាជន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ទោះបីជា​ក្រម​ព្រហ្មទណ្ឌ​នោះ​មិន​មាន​និយមន័យ​ច្បាប់​សម្រាប់​ធ្វើការ​ចោទប្រកាន់​ក៏ដោយ។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស Human Rights Watch បាន​មានប្រសាសន៍​ថា​ ការចោទប្រកាន់​ទាំងនេះ​គឺ​មាន​គោលបំណង​បំបិទ​សំឡេង​រិះគន់​រដ្ឋាភិបាល ​ជាពិសេស​ក្នុង​ពេល​មាន​ជំងឺរាតត្បាត​ដែល​បាន​បង្ក​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក្នុងចំណោម​ប្រជាជន​កម្ពុជា។

លោក Phil Robertson បាន​លើកឡើង​ថា៖ «ដូច​រឿង​ជា​ច្រើន​ផ្សេង​ៗទៀត​ដែរ ការចោទប្រកាន់​ក្រោម​បទ​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​បាន​ប្រើជា​អាវុធនយោបាយ​របស់​លោក​ ហ៊ុន​ សែន ​និង​គណបក្សប្រជាជន​កម្ពុជា​ ប្រឆាំង​នឹង​ក្រុម​អ្នករិះគន់​ដែល​ពួក​គេ​គិតថា​ជា​អ្នកបង្ក​ឱ្យមានបញ្ហា​ច្រើនពេក ​ហើយ​ត្រូវតែ​បញ្ឈប់»។

លោក​បាន​បន្ថែម​ទៀត​ថា ​និន្នាការ​នេះ​មិន​មានតែ​មួយ​គត់​ចំពោះ​ប្រទេស​កម្ពុជា​ទេ​ ដោយមាន​ការ​ចាប់ខ្លួន​ស្រដៀងគ្នា​នេះ​ដែរ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ថៃ​ និង​ម៉ាឡេស៊ី​ ដើម្បី​បង្ក្រាប​ការ​ប្រឆាំង​អំពី​ការបាត់បង់​ការងារ​ ការបាត់បង់​ប្រាក់ចំណូល​ និង​អសន្តិសុខ​សេដ្ឋកិច្ច។

លោក​បាន​សរសេរ​តាម​អ៊ីម៉ែល​ថា៖ «មូលហេតុ​គឺ​រដ្ឋាភិបាល​ទាំងនេះ​មានការ​ព្រួយបារម្ភ​ថា​បន្ទាត់​នៃ​ការរិះគន់​ឬសម្តែង​ការ​មិន​ពេញចិត្ត​ជាមួយ​រដ្ឋាភិបាល ​អាច​ឈាន​ដល់​ចំណុច​ផ្ទុះ​ដែល​មិន​អាច​គ្រប់គ្រង​បាន ​ដោយ​ទាញ​យក​ផលប្រយោជន៍​ពីកំហឹង​របស់​ប្រជាជន​ដែល​បាន​បាត់បង់​ការងារ​ធ្វើការ ​បិទក្រុមហ៊ុន​នានា និង​ការបាត់បង់​ប្រាក់ចំណូល និងសន្តិសុខ​សេដ្ឋកិច្ច»។

ទោះ​យ៉ាងណា លោក ហួត សុធី ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​លោក ថុនា បាន​និយាយ​ថា ការ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​អ្នក​រត់​ម៉ូតូ​កង់​បី មិនមែន​ជា​ការ​បញ្ចេញមតិ​ដោយសេរី​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ មាន​គោលបំណង​បង្ក​បញ្ហា​ដល់​សន្តិសុខ​សាធារណៈ។ ការ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់ ថុនា ទទួល​បានការ​ចូលចិត្ត​ប្រហែល​១៥០​និង​៣០​ចែករំលែក​លើ​ហ្វេសប៊ុក។

លោក ហួត សុធី មានប្រសាសន៍​ថា៖ «ព័ត៌មាន​ក្លែងក្លាយ​បង្ក​ភាព​វឹកវរ​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នៅក្នុង​សង្គម​និង​បង្ក​ឱ្យការភ័យខ្លាច»។

មន្រ្តី​នគរបាល​ខេត្តសៀមរាប​ បាន​និយាយ​ថា ​ក្រុម​នគរបាល​ដែល​តាមដាន​គណនី​ហ្វេសប៊ុក​ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ នៅពេល​សួរ​ថា​ ហេតុអ្វីបានជា​មនុស្ស​មួយចំនួន​ត្រូវ​បាន​គេ​ដោះលែង​ដោយមាន​ការព្រមាន​ ខណៈ​ដែល​អ្នក​ផ្សេងទៀត​ប្រឈម​នឹង​ការចោទប្រកាន់​ដែល​ត្រូវ​ជាប់ពន្ធ​នា​គារ​រយៈពេល២ឆ្នាំ លោក សុធី បាន​និយាយ​ថា ​តុលាការ​បាន​កំណត់​ថា ​តើ​ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ណា​ដែល​បង្កើត​ជា​បទឧក្រិដ្ឋ។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិនដឹង​ទេ! នេះ​ជា​តុលាការ​គេអ្នក​ចាត់ចែង ​ពីព្រោះ​ថា ​ប្រសិនបើ​តុលាការ​គេ​បានឃើញ​ថាមានបទល្មើស ​រហូត​បាន​ធ្វើការ​ចោទប្រកាន់​និង​ឃុំខ្លួន។ ប្រសិនបើ​គ្មាន​បទល្មើស​ទេ ​គេ​មិន​ចោទ​នោះ​ទេ»។

អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ​ គឹ​មខឿន បាន​បន្ថែម​ថា ​តម្រូវការ​សម្រាប់​ការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ធ្វើឡើង​ដើម្បី​ដោះស្រាយ​អ្នក​ដែល​មាន​ចេតនា​អាក្រក់​និង​កេងបន្លំ។

មន្រ្តី​នគរបាល​ជាន់ខ្ពស់​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើការ​ត្រួតពិនិត្យ​ខ្លួនឯង​មុន​បង្ហោះ​អ្វីមួយ ប្រសិនបើ​ពួក​គេ​បារម្ភ​ខ្លាច​ថាន​គរ​បាល​តាមដាន​សកម្មភាព​តាម​អ៊ិ​នធឺ​ណិ​តរបស់​ពួក​គេ។

ក្រុម​អ្នកតស៊ូ​មតិ​ផ្នែក​សិ​ទិ្ធ​មនុស្ស​បាន​និយាយ​ថា ការ​ចាប់ខ្លួន​ទាក់ទង​នឹង​ការ​បញ្ចេញមតិ​ជា​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា ​អាច​ជះឥទ្ធិពល​ដល់​សាធារណជន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ភ័យខ្លាច​ក្នុង​ការ​បញ្ចេញមតិ​ដោយសេរី។

លោក ឆាយ​ គឹ​មខឿន លើកឡើង​ថា៖ «បើ​គាត់​ខ្លាច​គេ​តាមដាន តើ​គាត់​បង្ហោះ​ធ្វើ​អី​? មិនមែន​តាម​ដាន​មើល​ទេ​ គាត់​បង្ហោះ​ជា​សាធារណៈ ​អ្នកណា​ក៏​គេ​មើលឃើញ​ដែរ មិនមែន​គេ​ព្យាយាម​តាមដានមើល​ទេ។ តែ​គេ​ត្រូវតែ​ពិចារណា​ តើអ្នកឯង​មានចេតនា​ដែរ​ទេ​? លោក​ឯង​បង្ករឿង ជេរប្រមាថ​គេ ប្រមាថ​រដ្ឋាភិបាល អ្នក​និ​យាយ​រឿង​បំផ្លើស មិ​នពិ​ត ធ្វើឱ្យ​ចលាចល​ក្នុង​សង្គម គេ​ត្រូវ​តាមដាន​មើល​ហើយ។ គេ​មិនមែន​បិទ​សិទ្ធ​ទេ ​តែ​លោក​ឯង​និយាយ​ហួសសិទ្ធ​ខ្លួនឯង​ដែល​មាន។ បើ​ថា​គេ​បិទ​សិទ្ធ​ គាត់​ឈប់​បង្ហោះ​ទៅ»។

ការកំណត់​មុខសញ្ញា​នៃ​អ្នក​ដែល​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ ត្រូវ​បាន​បង្ហាញ​កាន់តែ​ច្បាស់​នៅ​ថ្ងៃទី១៤ ខែកក្កដា នៅពេល​ដែល​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន គំរាម​ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដែល​លោក​បាន​ហៅឈ្មោះ​ថា​«សុធី»។ 

យោង​តាម​លោកនាយក​រដ្ឋមន្រ្តី សុធី​ បាន​និយាយ​ថា ​ជំនួយ​ពី​បរទេស​កំពុង​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើការ​ផ្ទេរ​សាច់ប្រាក់​ទៅ​ឱ្យ​ប្រជាជន​ក្រីក្រ​ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រាក់ចំណូល​ដោយសារតែ​ជំងឺ​កូ​វីដ១៩។ 

លោក ហ៊ុន សែន​ បាន​និយាយ​ថា៖ «ខ្ញុំ​ប្រាប់​ទៅ​លោក​ សុធី ​ឯង! សំណាង​ហើយដែល​ខ្ញុំ​មិន​បញ្ជា​ឱ្យ​ចាប់។ ថ្ងៃ​នោះ ​ខ្ញុំ​បញ្ជា​ឱ្យ​ចាប់ ពេលនេះ​លោក​ សុធី ​ឯង​នៅក្នុង​គុក»។

វី​អូ​ឌី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សុធី​ បានទេ ប៉ុន្តែ​បើ​តាម​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន អះអាង​ថា​ បុរស​នោះ​បាន​រត់​​ទៅ​ប្រទេស​ថៃ​ហើយ។

ការ​ចាប់ខ្លួន​ដែល​មិន​នឹកស្មាន​ដល់​

កាលពី​ចុងខែ​មីនា អ្នកស្រី អ៊ុ​ក ចន្ធី បាន​ទទួល​ទូរសព្ទ​ពី​ស្វាមី​របស់​គាត់​គឺលោក យឹម សា​រ៉េ​ត ជា​កម្មករ​សំណង់​នៅ​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ។ គាត់​បាន​ប្រាប់​អ្នកស្រី​ថា​ គាត់​ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅកន្លែង​ធ្វើការ​របស់​គាត់។ នោះ​ជា​អ្វី​ដែល​លោក​ សា​រ៉េ​ត បាន​និយាយ​ មុន​ពេល​ការ​ហៅ​ទូរសព្ទ​ត្រូវ​បាន​ផ្តាច់។ 

ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី អ៊ុក ចន្ធី ឈរបង្ហាញពីបន្ទប់ស្នាក់នៅបណ្ដើរនិងរៀបរាប់បណ្ដើរពីករណីចាប់ខ្លួនប្ដីអ្នកស្រីគឺលោក យឹម សា​រ៉េ​ត ក្រោយពេលប្ដីអ្នកស្រីបង្ហោះសារនៅលើបណ្ដាញសង្គម។ (Ananth Baliga)

រហូតមកដល់​ល្ងាច​នោះ​ គាត់​បាន​ទូរសព្ទ​មក​ម្តង​ទៀត​ដើម្បី​ប្រាប់​អ្នក​ស្រី ​អ៊ុ​ក ចន្ធី ជា​ភរិយា​ថា​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ដែល​ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​ដែល​គាត់​បាន​បង្ហោះ​ប៉ុន្មាន​ថ្ងៃមុន។ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ២០១៧ លោក ​សា​រ៉េ​ត ជា​ជំទប់​ទី១ នៃ​ឃុំ​ចន្ទ្រា ខេត្តស្វាយរៀង។ គាត់​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំផែនការ​ក្បត់ ហើយ​ឥលូវនេះ​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​រយៈពេល១២ឆ្នាំ​ លើ​បទចោទប្រកាន់​ទាំងពីរ។ 

អ្នកស្រី អ៊ុ​ក ចន្ធី បាន​និយាយ​ដោយ​ក្រៀមក្រំ​ថា៖ «ខ្ញុំ​មិន​គិតថា ​រឿង​នេះ​វា​ដល់​ថ្នាក់​ហ្នឹង​ទេ។ វា​ហួសហេតុ»។

អ្នកស្រី អ៊ុ​ក ចន្ធី បាន​ជួប​ស្វាមី​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ ​ពីរបី​ថ្ងៃបន្ទាប់​ពី​គាត់​ត្រូវ​បាន​ឃុំខ្លួន។ លោក យឹម សា​រ៉េ​ត បាន​បង្ហោះ​រូបថត​របស់​គាត់​នៅ​ថ្ងៃទី២០ ខែមីនា​ ដោយមាន​​ភ្ជាប់​ជាមួយ​សារ​ថា៖

«ខ្ញុំ​ពាក់​ម៉ាស់ ​ពីព្រោះ​ខ្ញុំ​មិន​ចង់​ស្រូប​យក​ធូលី​និង​ស៊ីម៉ងត៍ ​ជាពិសេស​កូ​រ៉ូ​ណា»។

អ្នក​ស្រី​ ចន្ធី​ ថា​មន្រ្តី​នគរបាល​បាន​បង្ហាញ​លោក សា​រ៉េត នូវ​ការ​បង្ហោះ​នេះ​នៅពេល​ពួក​គេ​ចុះ​ចាប់ខ្លួន​គាត់​នៅ​ការដ្ឋាន​សំណង់មួយ​សប្តាហ៍​ក្រោយមក។

ស្រ្តីជា​កម្មករ​រោងចក្រ​រូប​នេះ​បាន​អះអាង​បន្ត​ថា ​ប្តី​របស់​ខ្លួន​តែងតែ​ប្រាប់​កូន​ៗទាំង​បី​ឱ្យ​ពាក់​ម៉ាស់​ជាប្រចាំ ​ដើម្បី​ការពារ​ខ្លួន​​ពី​វីរុស​កូ​រ៉ូ​ណា ហើយ​អ្នកស្រី​មិនដែល​គិត​ទាល់តែសោះ​ថា ​ការ​ប្រាប់​បែប​នេះអាច​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ការ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ»។ 

អ្នកស្រី អ៊ុ​ក ចន្ធី៖ «គ្មាន​សេរីភាព​ទេ​នៅក្នុង​ស្រុក​របស់​យើង។ នៅពេល​យើង​និយាយ ​ប៉ុន្តែ​ពួក​គេ​ចង់​បំបិទ​សិទ្ធ​យើង»៕


អត្ថបទដោយ៖ Mech Dara and Ananth Baliga

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ