អាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រាសាទបាយ​​ក្អែក ឱ្យក្លាយជាសារមន្ទីរលម្ហ

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយ​នៅបរិវេណប្រាសាទបាយក្អែក ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២០ (ហ្វេស​ប៊ុក អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរា បាននិងកំពុងកែលម្អ និង​ធ្វើកំណាយ​ជួសជុល​ប្រាសាទបាយក្អែក ដែល​​មាន​ទី​តាំង​ស្ថិត​នៅខាងលិច​ប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប ឲ្យ​​ក្លាយ​ជា​សារមន្ទីរ​លម្ហ ដើម្បី​អភរិក្ស និងទាក់ទាញទេសចរណ៍។

អាជ្ញាធរជាតិអប្សរា បាន​លើកឡើងក្នុង​ទំព័រហ្វេស​ប៊ុក​ផ្លូវ​កា​ររបស់ខ្លួន កាលពីថ្ងៃម្សិល​មិញ​ថា បច្ចុប្បន្ន ប្រាសាទបាយក្អែក មានស្ថានភាពបាក់បែកទ្រុឌ​ទ្រោមនៅសល់តែគ្រឹះ និងពុំសូវ​មានអ្នកស្គាល់នោះទេ។

អាជ្ញាធរជាតិអប្សរា បាន​បន្តថា បើតាម​រចនា​សម្ព័ន្ធប្រាសាទ រួម​និងសម្ភារ ស្លាកស្នាមនៅ​សល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនាបថបាយ័ន និងសសរពេជ្រនោះ ត្រូវ​បាន​​អ្នកជំនាញសន្និដ្ឋានថា ប្រាសាទនេះ សាងសង់ឡើងនៅចុងសត្សវត្ស​​ទី១២ តាមរចនាបថបាយ័ន។

អាជ្ញាធរជាតិអប្សរា បាន​បញ្ជាក់ថា៖ «នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយ​​ទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់នៅ មុនមានប្រាសាទ​​​ក៏ថាបាន»។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ត្រូវ​បានស្ថាប័ន​មួយ​នេះស្រង់ប្រ​សាសន៍​ថា អាជ្ញាធរជាតិអប្សរា ​បានសម្រេចជាមួយអ្នកជំនាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយ​ក្អែក ឱ្យក្លាយជាសារមន្ទីរលម្ហ ដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទ​ឱ្យ​ផុត​ពីហានីភ័យនានា។

លោក​បន្តថា ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីការ​​កំណាយ ​ដើម្បី​រៀបចំទីតាំងនេះ​សម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាក​​កាយ និងរៀបចំពិធីផ្សេងៗផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ