ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យម្ចាស់រថយន្តឈ្នួល រួមទាំងអ្នកដំណើរទាំងអស់ពង្រឹងការអនុវត្តវិធានការការពារកូវីដ១៩ អំឡុងពេលធ្វើដំណើរនៅថ្ងៃឈប់សម្រាកសងចូលឆ្នាំ។
ក្នុងសេចក្តីណែនាំចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបររថយន្ត និងអ្នកបម្រើភ្ញៀវលើរថយន្ត ព្រមទាំងអ្នកដំណើរទាំងអស់ដែលត្រូវធ្វើដំណើរនៅថ្ងៃឈប់សងបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ ខែសីហាខាងមុខនេះ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩។ សេចក្តីណែនាំនោះបានអំពាវឱ្យអ្នកដំណើរជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលដឹកមនុស្សច្រើន។ ប្រសិនបើជាករណីចាំបាច់ត្រូវប្រើប្រាស់មធ្យោបាយសាធារណៈ អ្នកដំណើរត្រូវពាក់ម៉ាស រក្សាគម្លាតពីគ្នាឱ្យបានមួយម៉ែត្រកន្លះ ហើយត្រូវយកអាល់ឬទឹកលាងដៃតាមខ្លួន។ក្រសួងក៏បានសំណូមពរឱ្យពលរដ្ឋកុំធ្វើដំណើរប្រសិនបើពួកគេមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។
សម្រាប់អ្នកបើកបរ ក្រសួងបានស្នើឱ្យបើកបង្អួចរថយន្តឱ្យមានខ្យល់ចេញចូល កាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ លាងសំអាតរថយន្តជាប្រចាំដោយប្រើសាប៊ូ និងអាល់សំអាតនៅតាមធ្នាក់កៅអី និងទីតាំងដែលមនុស្សប៉ះពាល់។ អ្នកបើកបរត្រូវលើកទឹកចិត្តឱ្យអ្នកដំណើរពាក់ម៉ាស និងមានអាល់កុល ឬជែលលាងដៃ ដើម្បីឱ្យអ្នកដំណើរសម្អាតដៃមុនពេលឡើងលើរថយន្ត។ ក្រសួងបានបន្ថែមទៀតថាសម្រាប់អ្នកបើកបរដែលមានរោគសញ្ញាគ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន ហើយត្រូវទៅមន្ទីរពេទ្យរដ្ឋដើម្បីពិនិត្យសុខភាព។
អ្នកបើករថយន្តដឹកអ្នកដំណើរម្នាក់នៅម្តុំផ្សារទូឡាំពិក លោក សុង វឌ្ឍនៈ បាននិយាយថាលោកបានទិញឧបករណ៍វាស់កម្តៅ និងអាល់កុលលាងដៃតាមការណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរូចរាល់ហើយ។ លោកបន្តថាលោកតែងតែវាស់កម្តៅ និងបាញ់អាល់កុលលាងដៃអ្នកដំណើរ មុនពេលពួកគេឡើងលើរថយន្ត។
លោកបានប្រាប់ថា៖ «ខ្ញុំប្រយ័ត្នណាស់ មុនឱ្យអ្នកដំណើរគាត់ឡើងជិះរថយន្ត ខ្ញុំដឹងតែវាស់កម្តៅពួកគាត់សិន ហើយបើមិនស្រួល ដូចថា កម្តៅឡើងខ្លាំងលើសពី៣៧អង្សារឡើងទៅ គឺមិនឱ្យជិះតែម្តង ដើម្បីទប់ស្កាត់កុំឱ្យចម្លងជំងឺហ្នឹង»។
ចំណែកអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនពេញចិត្តដឹកអ្នកដំណើរ នៅម្តុំផ្សារដើមគ លោក ឃឹម បូរ៉ាន់ បានប្រាប់ស្រដៀងគ្នានឹងលោក សុង វឌ្ឍនៈ ថាមុនពេលអនុញ្ញាតឱ្យអ្នកដំណើរឡើងជិះរថយន្ត បុគ្គលិកក្រុមហ៊ុនលោកឈរចាំនៅច្រកទ្វារថយន្តវាស់កម្តៅ និងបាញ់ទឹកអាល់កុលលាងដៃអ្នកដំណើរ។
ទោះយ៉ាងណាក៏ដោយ លោក បានកត់សម្គាល់ថាពេលនេះអ្នកដំណើរភាគច្រើនមិនបានពាក់ម៉ាស់ទេ បើទោះបីជាក្រុមហ៊ុនរបស់លោកណែនាំឱ្យពាក់មុននឹងឡើងជិះរថយន្តក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ដំបូងៗឃើញអ្នកដំណើរពាក់ម៉ាស់សឹងតែទាំងអស់ តែឥឡូវលែងពាក់ហើយ មានអារម្មណ៍ថា គាត់អត់ឃើញមានអ្នកឆ្លង គាត់ស៊ាំ គាត់លែងសូវខ្លាច និយាយទៅប្រហែលជា៣ខែហើយគាត់លែងពាក់ និយាយទៅយើងណែនាំគាត់ដែរ តែគាត់អត់ពាក់»។
ដៃបីកូនអាយុជាង២ខួប អ្នកនាង សេង ចិត្រា ដែលរៀបនឹងជិះរថយន្តឈ្មួលទៅខេត្តពោធិ៍សាត់ បាននិយាយថាគាត់ធ្វើដំណើរមិនពាក់ម៉ាស់ទៀតទេ ដោយសារតែគាត់យល់ថាអ្នកដែលឡើងជិះលើរថយន្តក្រុងបានវាស់កម្តៅ និងលាងដៃអាល់កុលរួចហើយ។
អ្នកនាងបានលើកឡើងថា៖ «ពីមុនខ្ញុំពាក់ម៉ាស់ដែរ តែឥឡូវខ្ញុំអត់ពាក់ទេ។ គ្មានជំងឺអឺទេមើលទៅ អត់អីទេធម្មតា ព្រោះអីគេបាញ់អាល់កុល ហើយគេវាស់កម្តៅទៀត អញ្ចឹងអត់បារម្ភអីទេ»។
អ្នកដំណើរម្នាក់ទៀត កញ្ញា ហុង ចាន់ថា ជាអ្នកដំណើរមកពីខេត្តបាត់ដំបង បានប្រាប់ថាចាប់ពីមានករណីឆ្លងកូវីដ១៩ រហូតមកដល់សព្វថ្ងៃនេះនៅពេលធ្វើដំណើរទៅណា គាត់តែងតែពាក់ម៉ាស់ជានិច្ច ជាពិសេសមុនពេលឡើងជិះរថយន្ត និងទៅប្រជុំជន។
កញ្ញានិយាយថា៖ «ខ្ញុំមិនដែលភ្លេចទេ ទៅណាក៏ខ្ញុំពាក់ម៉ាស់ដែរ ព្រោះធ្វើចឹង ដូចធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩»។
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានលើកទឹកចិត្តដល់សមាគម ក្រុមហ៊ុនដឹកអ្នកដំណើរ ម្ចាស់រថយន្ត និងអ្នកដំណើទាំងអស់ពង្រឹងការអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
លោកបានមានប្រសាសន៍បន្ថែមថា៖ «បញ្ហាកូវីដនេះ វាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមហ៊ុនខ្លួនឯងដែរ បើសិនជាមានការលេចធ្លោយ ឬគ្រប់គ្រងមិនបាន ហើយវាកើតឡើងនៅក្នុងរថយន្តដឹកដំណើរណាមួយ ក្រុមហ៊ុននោះត្រូវមានទំនួលខុសត្រូវទៅតាមហ្នឹងដែរ »។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា ដើម្បីឱ្យការណែនាំរបស់ក្រសួងមានប្រសិទ្ធិភាព លុះត្រាតែរដ្ឋាភិបាលដាក់មន្ត្រីជំនាញតាមដានការអនុវត្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ បើរកឃើញកំហុសត្រូវដាក់ទណ្ឌកម្ម។
លោកផ្តល់ជាអនុសាសន៍ដូចនេះថា៖ «បើក្រុមហ៊ុនដឹកអ្នកដំណើរមិនអនុវត្តតាមទេ អាចផ្អាកការដឹកជញ្ជូនរបស់គាត់ចាប់ពីពេលហ្នឹងទៅ។ គ្រាន់តែជាការណែនាំ គ្រាន់តែជាការក្រើនរំឮក ហើយគ្មានវិធានការ ខ្ញុំគិតថា គ្មានប្រសិទ្ធិភាពទេ ហើយវាអាចបង្កហានិភ័ខ្ពស់ដែរសំរាប់ការចម្លងកូវីដ១៩ នៅក្នុងការឈប់សំរាកនៅក្នុងសប្តាហ៍ខាងមុខនេះ»។
ទោះយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថាបើសិនជារថយន្តដឹកអ្នកដំណើរណាមិនគោរពតាមការណែនាំរបស់ក្រសួង ពួកគេអាចប្រឈមនឹងទណ្ឌកម្មផ្អាក ឬដកអាជីវកម្ម មិនឱ្យដំណើរការបន្តទៀត។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ៩ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៤៨នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២១៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ៣១នាក់៕