ក្រសួង​​អប់រំ​បញ្ជាក់​​ឡើង​វិញ​​ថា​ ការ​​ប្រឡង​​បាក់​ឌុប​​នឹង​​ធ្វើ​ឡើង​​នៅ​​ខែ​ធ្នូ​​

មណ្ឌលប្រលងវិទ្យាល័យជាស៊ីម បឹងកេងកង ថ្ងៃទី ២០ សីហា ២០១៨។

ក្រសួង​អប់រំ យុវជន និងកីឡា នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៩​-២០២០ ទាំង​គ្រឹះស្ថាន​អប់រំ​រដ្ឋនិង​ឯកជន នៅ​ខែធ្នូ​ខាងមុខ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​អប់រំនៅ​ថ្ងៃ​ចន្ទ​នេះ បាន​លើកឡើង​ថា ដោយមាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​បានសម្រេច​ឱ្យសិស្ស​ថ្នាក់​ទី៩និង​ទី១២ នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ​ ចូលរៀន​ដំណាក់កាល​ទី២នៃ​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​អំឡុង​ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុង​ទ្រង់ទ្រាយ​តូច១៥នាក់​ក្នុង​មួយ​ថ្នាក់ ដោយ​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួងសុខាភិបាលនិង​អង្គការសុខភាព​ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រឡង។ 

ដោយឡែក ចំពោះការរៀបចំ​ការសិក្សា​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាស់​សិស្ស​ថ្នាក់​ដទៃទៀត ក្រសួង​នឹង​រៀបចំ​សេចក្តី​ណែនាំ​តាម​ក្រោយ។ ជាមួយគ្នា​នេះ​ដែរ ក្រសួង​នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​ជាតិ​ឆ្នាំ​សិក្សា២០១៩​-២០២០ នៅ​ខែធ្នូ ឆ្នាំ២០២០ខាងមុខ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​មានប្រសាសន៍​ថា ចំពោះ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​ (សាលា​ឯកជន​) ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី២៧និង​ទី២៨ ខែសីហាខាងមុខនេះ ត្រូវ​បាន​គ្រឹះស្ថានសិក្សា​ឯកជន សម្រេច​លុបចោល​វិញ ដើម្បី​ចូលរួម​ជាមួយ​ការ​ប្រឡង​ថ្នាក់​ជាតិ​នៅ​ខែធ្នូជាមួយ​គ្រឹះស្ថានសិក្សា​សាធារណៈ​ដែរ។

លោក​ថា៖ «ចំពោះមុខ​នេះ សូម​សិស្សានុសិស្ស​ទាំងអស់ ​[ទាំង​សាលា​រដ្ឋនិង​ឯកជន​] បន្ត​រៀនសូត្រ​តាម​អន​ឡាញនិង​ស្វ័យ​សិក្សា ដើម្បី​បន្ត​ការរៀនសូត្រនិង​ត្រៀមប្រឡង ទន្ទឹម​នឹង​ការចូលរួម​គ្រប់គ្រង ទប់ស្កាត់ និង​បង្កា​រការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ