នា​យក​​រដ្ឋ​មន្ត្រី​​កម្ពុជា ​អំពាវ​នាវ​​ឱ្យ​​ពិភព​លោក​​រួម​គ្នា​​ប្រយុទ្ធ​​ជំងឺ​​កូ​វីដ​១៩​​និង​ចៀស​​វាង​​ការ​​បន្ទោស​​ដាក់​គ្នា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រី និងកង្កែប នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដោយ​ចៀសវាង​ការរើសអើង​ជាតិសាសន៍និង​ការ​ប្រកាន់​ជំហរ​ស្តី​បន្ទោស​ដែល​នាំ​ដល់​ការ​បែកបាក់​សាមគ្គីភាព ខណៈ​ពិភពលោក​ទាំងមូលកំពុង​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​នេះ។

ការ​អំពាវនាវ​នេះបាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ចូលរួម​ថ្លែង​សា​រគ​ន្លឹះ​ក្នុង​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម របស់​សហព័ន្ធ​សន្តិភាព​សកល តាម​ប្រព័ន្ធ​វីដេអូ​ (Video conference​) ក្រោម​ប្រធានបទ «ការ​កសាងនិង​បង្កើត​ជាតិ​យើង​នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ១៩៖ ការ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណភាព​តម្លៃ​សកល» ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃម្សិលមិញ

នៅក្នុង​សុន្ទរកថា​គន្លឹះ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​លើកឡើង​ថា នា​ពេល​កន្លងមក ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ប្រទេស​ទាំងអស់​ភាគច្រើនគឺ​ផ្តោត​ទៅលើ​ការអនុវត្ត​នៅ​ផ្ទៃក្នុង​ប្រទេស​រៀង​ៗខ្លួន។ ករណីនេះ លោក​យល់ថា ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ក៏ដូចជា​ការ​ស្តារ​ឡើងវិញ​នូវ​សង្គម​-សេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​នេះ គឺ​មិន​អាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយ​ៗបាន​ឡើយ​។

លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា៖ «កិច្ចការ​នេះ​ទាមទារ​នូវ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជា​អន្តរជាតិ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅនិង​ទូលំទូលាយ បានន័យ​ថា សកលលោក​ទាំងមូល​ត្រូវតែ​ពួតដៃគ្នា​ប្រែក្លាយ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ទៅជា​សមរភូមិ​រួម»។

ជាមួយគ្នា​នេះ​ដែរ លោក​ថា កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក ឱ្យ​ចាត់ទុក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ជា​ទំនិញ​រួម​សម្រាប់​សកលលោក ​(global common goods​) ដែល​ប្រជាជន​គ្រប់រូប​នៅ​គ្រប់ទិសទី​អាច​ទទួល​បាន និង​ត្រូវ​ចៀសវាង​ការរើសអើង​ពូជសាសន៍ និង​ការ​ប្រកាន់​ជំហរ​ស្តី​បន្ទោស​ដែល​ជា​ល្បែង​ទម្លាក់កំហុស​ដ៏​អាក្រក់​មួយ​នាំ​ដល់​ការ​បែកបាក់​សាមគ្គីភាព ខណៈ​ដែល​ពិភពលោក​ទាំងមូលកំពុង​ខិតខំ​រួបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​នេះ។ 

ជា​ទិ​សដៅទៅមុខ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​មានការ​ត្រៀមខ្លួនឱ្យបាន​ល្អ​ក្រោយ​អំឡុង​ពេល​វិបត្តិ​កូ​វីដ១៩ ដោយ​គួរ​រៀបចំផែនការ​ស្តារ​ឡើងវិញ​ប្រកបដោយ​ភាព​ជាក់​លាក់​មួយ ដោយ​ដាក់ចេញ​នូវ​សេ​ណា​រី​យ៉ូ​មួយចំនួន​សម្រាប់​បើក​ឱ្យ​ដំណើរការ​ជា​បណ្តើរ​ៗនូវ​ការ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ក្នុង​តំបន់ និង​ការ​ស្តារ​ឡើងវិញ​នូវ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ