គណៈ​កម្មការ​​ជំនាញ​ រំឭក​​ពលរដ្ឋ​​ឱ្យ​​គោរព​ច្បាប់​​ចរា​ចរណ៍​​ក្នុង​​អំឡុង​​ថ្ងៃ​សម្រាក​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើ​ប្រាស់​ផ្លូវ​ទាំងអស់ បន្ត​ការ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​បើកបរនិង​ចូលរួម​គោរពច្បាប់​ចរាចរណ៍ ដើម្បី​បង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ក្នុង​អំឡុង​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ។

សេចក្តី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា រាជរដ្ឋាភិបាលបាន​អនុញ្ញាត​ឱ្យឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហា សប្តាហ៍​ក្រោយនេះ។ 

ករណីនេះ គណៈកម្មាធិការអំពាវនាវ​ដល់​អ្នកប្រើ​ប្រាស់​ផ្លូវ​ទាំងអស់ បន្ត​ការ​យកចិត្ត​ទុកដាក់ ការ​ប្រុងប្រយ័ត្ន និង​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ផ្លូវគោករាល់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ។

គណៈកម្មាធិការ បាន​បញ្ជាក់​ថា៖ «គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកនៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខនិង​យូរអង្វែង ដែល​អាច​កើតមាន​ឡើង​ភ្លាម​ៗក្នុងករណី​អ្នកប្រើ​ប្រាស់​ផ្លូវ​ធ្វេសប្រហែស​ឬខ្ជីខ្ជាមិន​គោរពច្បាប់»។ 

ជាមួយគ្នា​នេះ​ដែរ គណៈកម្មាធិការក៏បាន​សុំ​ការយោគយល់​ពី​ពលរដ្ឋ​ដែល​ជា​អ្នកប្រើ​ប្រាស់​ផ្លូវ ចំពោះ​ការ​ប្រកាន់យក​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ។

គណៈកម្មាធិការ​បញ្ជាក់​ថា៖ «ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ សូម​បងប្អូន​គោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួន​ផ្ទាល់ ដើម្បី​ភាព​សុខដុម​រម​នា​ក្នុង​ក្រុម​គ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូននិង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ប្រទេសជាតិ​យើង»។ 

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី៧ ខែកក្កដា បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆមាស​ទី១ឆ្នាំនេះ បាន​កើតឡើង​ចំនួន១.៦១៩លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន៨៦១នាក់ និង​របួស​ចំនួន២.៤៤៩នាក់។ មូលហេតុ​នៃ​គ្រោះថ្នាក់​ភាគច្រើន​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ វ៉ា​ជែង បត់ ស្រវឹង កត្តា​យានយន្ត និង​ងងុយ។

របាយការណ៍​បាន​បន្ត​ថា បើ​ប្រៀបធៀប​ឆមាស​ទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍បាន​ថយ​ចំនួន៥៥២លើក ស្មើ២៥​% ស្លាប់​ថយ​ចំនួន១៧២នាក់ ស្មើ១៧​% និង​របួស​ថយ៧៧៨នាក់ ស្មើ២៤​%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ