ក្រុមយុវជនខ្មែរថាវរៈនិងគ្រួសារលោក រ៉ុង ឈុន ប្រមាណ២០នាក់ នៅព្រឹកនេះ បានធ្វើយុទ្ធនាការដើរជាក្បួននៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំណាយពេលប្រមាណ៣នាទីសម្រាប់គោរពទង់ជាតិជារៀងរាល់ថ្ងៃ។
ពួកគេបានប្រមូលផ្តុំគ្នានិងបានដើរផ្សព្វផ្សាយជុំវិញនិងនៅក្នុងផ្សារអូរឡាំពិក ខណ្ឌបឹងកេងកង ក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរនិងសន្តិសុខខណ្ឌប្រមាណ១០០នាក់។
គិតមកដល់ម៉ោង១១ព្រឹកនេះ ការធ្វើយុទ្ធនាការនោះក៏មានការរុញច្រាននិងប៉ះពាក្យសម្តីគ្នាផងដែរ រវាងក្រុមអ្នកដើរហែក្បួននិងអាជ្ញាធរខណ្ឌ។
លោក ហ៊ុន វណ្ណៈ យុវជនខ្មែរថាវរៈ បាននិយាយថា កន្លងមក ពួកគាត់បានធ្វើយុទ្ធនាការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធររារាំងនិងប្រើហិង្សាទៅលើពួកគេជាបន្តបន្ទាប់ ដោយលើកហេតុផលថាមិនបានសុំច្បាប់អនុញ្ញាត ទើបពួកគេផ្លាស់ប្តូរមកធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្រឡាញ់ជាតិវិញ។
លោកថា៖ «ពួកយើងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ស្រឡាញ់ជាតិនិងចំណាយពេលគោរពទង់ជាតិដោយនាំគ្នាឈរគោរពទង់ជាតិ[ជារៀងរាល់ថ្ងៃ]»។
អាជ្ញាធរខណ្ឌបឹងកេងកងដែលមិនបញ្ជាក់ឈ្មោះ បានណែនាំទៅក្រុមអ្នកដើរហែក្បួនឱ្យបញ្ឈប់សកម្មភាពនេះ ដោយលើកហេតុផលថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការកកស្ទះចរាចរណ៍។
លោកថា៖ «បើបងប្អូនប្រើភាសាស្រឡាញ់ជាតិ មិនមែនមកបំពុល[សង្គម] ពួកខ្ញុំមករៀបចំសណ្តាប់ធ្នាប់កុំឱ្យស្ទះចរាចរណ៍នេះ តើពួកខ្ញុំខុសមែនទេ»។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោមបទចោទថា ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
ក្នុងយុទ្ធនាការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី៥ ខែសីហា យុវតី២នាក់ក្នុងចំណោមពលរដ្ឋទាំង២០នាក់នេះ បានរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាម្តងរួចមកហើយ ជាមួយអាជ្ញាធរខណ្ឌនៅក្បែរវត្តមហាមន្ត្រី ខណៈដែលពួកគេព្យាយាមដើរឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន៕