អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សជិត១០នាក់បានស្លាប់និងរងរបួស ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃពុធនេះ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានមានប្រសាសន៍ថា តាមព័ត៌មានបឋម ហេតុការណ៍បាក់ដងសន្ទូចនេះបានបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់និង៤នាក់ទៀតរងរបួស ដែលពួកគេគឺជាប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។
តែយ៉ាងណា លោកពុំទាន់អាចបញ្ជាក់ព័ត៌មានលម្អិតពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ។
ចំណែកហ្វេសប៊ុករដ្ឋបាលខេត្ត បានឱ្យដឹងដែរថា ភ្លាមៗនោះ អភិបាលខេត្ត លោក អ៊ុំ រាត្រី រួមជាមួយអាជ្ញាធរក្រុងនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍ជួយសង្គ្រោះផងដែរ៕