សហភាពអឺរ៉ុបនៅតែដាក់លក្ខខណ្ឌឱ្យបក្សកាន់អំណាចបើកការសន្ទនានយោបាយឱ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញ ដោយឈរលើយន្តការប្រជាធិបតេយ្យ បើទោះបីប្រកាសពីការចាប់ផ្ដើមអនុវត្តការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ពីកម្ពុជាជាផ្លូវការនៅថ្ងៃនេះក៏ដោយ។
សហភាពអឺរ៉ុបបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១២ ខែសីហាទៅនេះ ផលិតផលមួយចំនួនក្នុងចំណោមផលិតផលរបស់កម្ពុជា ដូចជា សម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ នឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធសម្រាប់ការនាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។
សហភាពអឺរ៉ុប បន្តថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលកម្ពុជាទទួលបាននេះ ត្រូវបានដកជាបណ្តោះអាសន្នដោយសារក្ដីកង្វល់យ៉ាងធ្ងន់ធ្ងរទាក់ទិននឹងបញ្ហាសិទ្ធិមនុស្សដែលកើតមាននៅក្នុងប្រទេសកម្ពុជា។
សហភាពអឺរ៉ុប ក៏និយាយផងដែរថា៖ «អាជ្ញាធរកម្ពុជាគួរចាត់វិធានការដើម្បីស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រឆាំងដែលអាចជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនារួមនិងពិតប្រាកដ»។
សហភាពអឺរ៉ុបនិយាយទៀតថា គណៈកម្មការអឺរ៉ុបនិងទីភ្នាក់ងារសកម្មភាពខាងក្រៅអឺរ៉ុប(EEAS) បានបង្ហាញពីវិធានការចាំបាច់ដល់អាជ្ញាធរកម្ពុជាច្រើនលើកច្រើនសារមកហើយ ព្រមទាំងនៅក្នុងបទប្បញ្ញត្តិរបស់គណៈកម្មការអឺរ៉ុប។
វិធានការទាំងនោះរួមមានការផ្តល់នូវសិទ្ធិនយោបាយដល់សមាជិកបក្សប្រឆាំងឡើងវិញ និងការលុបចោលឬកែសម្រួលច្បាប់ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ហ្វីល ហូហ្គែន (Phil Hogan) និយាយក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «យើងបានផ្តល់ដល់ប្រទេសកម្ពុជានូវឱកាសពាណិជ្ជកម្មដែលអនុញ្ញាតឱ្យប្រទេសនេះអភិវឌ្ឍឧស្សាហកម្ម តម្រង់ទិសដៅនាំចេញនិងផ្តល់ការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់»។
សហភាពអឺរ៉ុបថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញនូវការវិវត្តដ៏គួរឱ្យកត់សម្គាល់ ជាពិសេសជុំវិញបញ្ហាសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិល នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញ និងផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងដោយស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និយាយថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់រួចហើយថា នឹងមិនយកអធិបតេយ្យទៅដោះដូរជំនួយណាមួយឡើយ។
លោក កុយ គួង ប្រាប់ថា៖ «អ្វីដែលជាច្បាប់គឺជារឿងរបស់តុលាការសុទ្ធសាធ មានន័យថា យើង[រដ្ឋាភិបាលកម្ពុជា]មិនអាចធ្វើអ្វីជាការដោះដូរនូវអធិបតេយ្យភាពជាមួយជំនួយ ក៏ដូចជាប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មបានទេ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ឱ្យដឹងតាមបណ្តាញសង្គមតេឡេក្រាមថា ក្នុងនាមជាប្រទេសដែលមានឯករាជ្យនិងអធិបតេយ្យភាពពេញលេញមួយ កម្ពុជាបានបំពេញបានយ៉ាងត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពនូវសិទ្ធិការងារ។
អ្នកនាំពាក្យរូបនេះបន្តថា កម្ពុជានៅតែជាឋានសួគ៌នៃអង្គការវិជ្ជាជីវៈ ហើយនឹងមានអង្គការវិជ្ជាជីវៈដែលមានការទទួលខុសត្រូវជាងមុននិងចាស់ទុំជាងមុនដូចបណ្តាប្រទេសជិតខាងកម្ពុជាដែរ។
លោក ហេង សួរ ប្រាប់ថា៖ «កម្ពុជានឹងបន្តផ្តោតការយកចិត្តទុកដាក់លើការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាចំណុចប្រឈមធំបំផុតរបស់កម្ពុជានិងពិភពលោកនៅពេលចំពោះមុខនេះ។ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបន្តកាត់បន្ថយឬសម្រួលផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត គឺនៅតែជាអាទិភាពរបស់កម្ពុជា»។
ក្រសួងការងារឱ្យដឹងទៀតថា កម្ពុជានឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រនិងកម្មវិធីកែទម្រង់នានា ដើម្បីរក្សាអ្នកវិនិយោគនិងរក្សាភាពប្រកួតប្រជែងរបស់ខ្លួន ព្រមទាំងការត្រូវធ្វើពិពិធកម្មផលិតផលឧស្សាហកម្មនិងទីផ្សារឱ្យកាន់តែមានភាពចម្រុះថែមទៀត។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និយាយថា ការបាត់បង់ចំណែក២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងជំរុញឱ្យការផលិតសម្លៀកបំពាក់ថយចុះនិងធ្វើឱ្យកម្មករច្រើនពាន់នាក់នឹងបន្តបាត់បង់ការងារ។
លោក ឃុន ថារ៉ូ ប្រាប់ថា៖ «យើងសោកស្តាយដែរ ដែលរដ្ឋាភិបាលមិនបានឆ្លើយតបជាវិជ្ជមានទៅនឹងការទាមទាររបស់សហភាពអឺរ៉ុប ខណៈសហភាពអឺរ៉ុបបានទុកឱកាសឱ្យជាច្រើននៅក្នុងការសម្របសម្រួលឱ្យមានដំណោះស្រាយ ដែលជាក្តីបារម្ភរបស់សហភាពអឺរ៉ុប គឺរឿងលំហសេរីភាពនិងការអនុវត្តសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិមនុស្សអីហ្នឹង»។
ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោក គី សិរីវឌ្ឍន៍ និយាយថា ការបាត់បង់ EBA មួយចំណែកបែបនេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាទេ តែថា វាអាចប៉ះធ្ងន់ធ្ងរដល់អារម្មណ៍ពលរដ្ឋ ដោយថា ការដែលអឺរ៉ុបដាក់ពន្ធ១ពាន់លានដុល្លារឬស្មើ១២ភាគរយ កម្ពុជាបាត់បង់អស់តែ២៥០លានដុល្លារ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុណ្ណរ៉ា បង្ហាញការព្រួយបារម្ភថា កម្ពុជាអាចនឹងរងវិធានការច្រើនជាងនេះ បើមិនវិលទៅស្តារប្រជាធិបតេយ្យវិញ។
លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា៖ «នៅខែតុលាខាងមុខហ្នឹង អាចនឹងមានវិធានការបញ្ហាបញ្ជីខ្មៅអ៊ីហ្នឹង សុទ្ធតែជាលក្ខណៈសម្បត្តិរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងការរួមការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ក្នុងការកសាងរដ្ឋសង្គមតាមលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានចុះសន្ធិសញ្ញាជាមួយអង្គការសហប្រជាជាតិ»៕