កម្មករ-កម្មការិនីជាង២០០នាក់ បម្រើការងារនៅរោងចក្រ សឺពីយ៉ា (SEPIA) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានស្នើក្រសួងជួយអន្តរាគមន៍ដោះស្រាយករណីថៅកែរោងចក្របើកប្រាក់ឈ្នួលយឺតនិងមិនទាន់ទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់។
កម្មករទាំងនោះបាននាំគ្នាដើរហែក្បួនចេញពីរោងចក្រ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ឆ្ពោះទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំអន្តរាគមន៍ ក្រោយពីភាគីរោងចក្របើកប្រាក់ឈ្នួលឱ្យកម្មករយឺតយ៉ាវតាំងពីដើមឆ្នាំ២០២០ ក្រោមហេតុផលមានបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារគ្មានអ្នកបញ្ជាទិញ។
កម្មការិនីផ្នែកត្រួតពិនិត្យនៅរោងចក្រ សឺពីយ៉ា កញ្ញា មី ឡូត ប្រាប់វីអូឌីថា រោងចក្រនេះបានអនុវត្តបើកប្រាក់ឈ្នួលមួយខែម្តងឱ្យកម្មករ ប៉ុន្តប្រាក់ឈ្នួលសម្រាប់ខែកក្កដា ខាងរោងចក្របានបើកឱ្យតែពាក់កណ្តាលប៉ុណ្ណោះ និងបានជំពាក់ប្រាក់ព្យួរការងារកម្មកររយៈពេលមួយខែកន្លះ ប្រាក់៥ភាគរយ និងប្រាក់ដំណាច់ឆ្នាំថែមទៀត។
កញ្ញាបាននិយាយថា៖ «កម្មកររោងចក្រមិនចង់តវ៉ាទេ ប៉ុន្តែថៅកែរោងចក្រហ្នឹងធ្វើដាក់កម្មករជ្រុលពេក គាត់ធ្វើអីជាន់ឈ្លីកម្មករពេក គាត់និយាយភាសាមកថា ឱ្យពួកយើងប្តឹងដល់ណាប្តឹងទៅ»។
កម្មការិនីផ្នែកដេរ អ្នកស្រី បូច សុផល និយាយថា ការដែលខាងរោងចក្រពន្យារពេលទូទាត់អត្ថប្រយោជន៍ផ្សេងៗនិងបើកប្រាក់ឈ្នួលយឺតយ៉ាវហើយមិនគ្រប់នេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកច្រើនក្នុងជីវភាពរស់នៅ ដូចជាគ្មានលុយបង់ធនាគារ ថ្លៃទឹកភ្លើង បន្ទប់ជួល និងការហូបចុកប្រចាំថ្ងៃជាដើម។
អ្នកស្រីបន្តថា៖ «ខ្ញុំធ្វើការសង្ឃឹមលើប្រាក់ឈ្នួលជាង១០០ដុល្លារហ្នឹង ចុះបើគាត់បើកឱ្យបន្តិចបន្តួចអីចឹង យើងយកទៅធ្វើអីគ្រាន់? កម្មករម្នាក់ៗសុទ្ធតែជំពាក់លុយធនាគារ ម្នាក់មានកូនពីរបីនាក់ដែលចាយប្រចាំពេលប្រចាំថ្ងៃ ដោយសង្ឃឹមលុយប៉ុណ្ណឹង ដល់ពេលអត់មានលុយប៉ុណ្ណឹង តើគ្នាធ្វើអីកើត?»
អ្នកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីតាមតេឡេក្រាម(Telegram) ថា មន្ត្រីក្រសួងការងារកំពុងចុះដោះស្រាយបញ្ហានេះហើយ។
លោកបានថ្លែងថា៖ «[មន្ត្រីក្រសួង]បានចុះដោះហើយ ហើយកំពុងធ្វើការជាមួយនិយោជក អំពីមូលហេតុដែលខ្វះសាច់ប្រាក់ក្នុងការបើកជូនកម្មករ ជាពិសេសឱ្យថៅកែបញ្ជាក់អំពីពេលវេលាពិតប្រាកដនៃការបើកប្រាក់។ បើគ្មានលទ្ធភាព គឺត្រូវដោះស្រាយតាមវិធីក្ស័យធនឬក៏វិធីណា គឺសុំឱ្យនិយោជកបញ្ជាក់អំពីជម្រើសនិងកាលបរិច្ឆេទច្បាស់លាស់ដែលមានចែងនៅក្នុងច្បាប់»។
ប្រធានរដ្ឋបាលរោងចក្រ សឺពីយ៉ា លោក គង់ សម្បត្តិ ឱ្យដឹងថា បច្ចុប្បន្នរោងចក្រនេះមានកម្មករសរុប២៧០នាក់ ហើយមូលហេតុដែលរោងចក្របើកប្រាក់ឈ្នួលឱ្យកម្មករយឺតយ៉ាវ ដោយសាររោងចក្រមានបញ្ហាផ្នែកហិរញ្ញវត្ថុ ពោលគឺគ្មានអ្នកបញ្ជាទិញថ្មី ខណៈអ្នកបញ្ជាទិញមួយចំនួន មិនទាន់សងលុយត្រឡប់ក្រោយពីទទួលបានទំនិញ។
លោកបន្ថែមថា៖ «បញ្ហាកូវីដ១៩ជារឿងមួយ មួយទៀតចំនួនអីវ៉ាន់ដែលយើងលក់ឱ្យអតិថិជនយើងទទួលបានវាអត់គ្រប់ចំនួននៃលុយដែលយើងត្រូវបើកឱ្យកម្មករទាំងស្រុង អីចឹងយើងក៏សំណូមពរគាត់[កម្មករ]សុំបើកឱ្យ៥០ភាគរយសិន លើកលែងតែអ្នកមានផ្ទៃពោះដែលយើងបើកឱ្យ១០០ភាគរយ»។
ប៉ុន្តែបើតាមក្រុមកម្មករ កន្លងមក រោងចក្រនេះមានកម្មករធ្វើការជាង៦០០នាក់ ប៉ុន្តែដោយសារបញ្ហាបើកប្រាក់ឈ្នួលយឺតយ៉ាវ ទើបកម្មករជាងពាក់កណ្តាលបានលាឈប់ពីការងារ ខណៈដែលរោងចក្រទទួលដេរតែសម្លៀកបំពាក់បន្តពីក្រុមហ៊ុនផ្សេងដែលមានថៅកែជាជនជាតិចិន៕