កម្មករ​​១​នាក់​ស្លាប់​និង​៣៣​នាក់​​រង​​របួស​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ខេត្ត​​ព្រះ​សីហនុ​​

គ្រោះថ្នាក់​ចរាចរណ៍មួយបង្កឡើង​ដោយរថយន្ត​កុង​ទី​ន័​រ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ស្ថិត​ក្នុង​ភូមិ​ពូ​ធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (KPS)

ក្រសួងការងារបាន​ឱ្យដឹង​នៅ​ថ្ងៃនេះ​ថា មានកម្ម​ករ​ម្នាក់បាន​ស្លាប់និង៣៣នាក់រង​របួស ដោយ​សារ​ឧប​ទ្ទ​វហេតុ​គ្រោះថ្នាក់​ចរាចរណ៍បង្កឡើង​ដោយរថយន្ត​កុង​ទី​ន័​រ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ស្ថិត​ក្នុង​ភូមិ​ពូ​ធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​ម៉ោង៧យប់ថ្ងៃអង្គារ​ម្សិលមិញ បង្កឡើង​ដោយ​រថយន្ត​កុង​ទី​ន័​រមួយ​គ្រឿងបើក​ស្រប​ទិស​គ្នា ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​ពីក្រោយចំនួន​ពីរ​គ្រឿង។

ក្រសួង​បន្ត​ថា ហេតុការណ៍​នេះបាន​បណ្តាល​ឱ្យកម្មករ​និយោជិត​រងគ្រោះ​សរុប៣៤នាក់ ក្នុង​នោះ​ស្លាប់១នាក់ របួសធ្ងន់១១នាក់ និង​របួសស្រាល២២នាក់ ។

បើ​តាម​ក្រសួង សព​កម្មករ​ដែល​បាន​ស្លាប់ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​អ្នក​រង​របួស​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋនិង​ឯកជន​ក្នុង​ខេត្ត​នេះ។

របាយការណ៍​របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករ​និយោជិត ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី២៩ ខែកក្កដា បាន​ឱ្យដឹង​ថា គិត​ក្នុង​ឆមាស​ទី១​ (រយៈពេល៦ខែ​) ឆ្នាំនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​រថយន្ត​ដឹក​កម្មករ​និយោជិត បាន​កើតឡើង​ចំនួន៨ករណីនិង​បង្ក​ឱ្យ​មាន​ជនរងគ្រោះ​ចំនួន២២៣នាក់ ក្នុង​នោះ​ស្លាប់​ចំនួន២នាក់ របួសធ្ងន់៣២នាក់ និង​របួសស្រាល១៨៩នាក់។ 

របាយការណ៍​បន្ត​ថា គ្រោះថ្នាក់​កើតឡើង​ដោយ​រ៉ឺម៉ក​បណ្តាល​ឱ្យ​កម្មករ​រងគ្រោះ​ចំនួន២នាក់ គ្រោះថ្នាក់​ដោយសារ​កង់​បណ្តាល​ឱ្យ​កម្មករ​រងគ្រោះ៣នាក់ និង​គ្រោះថ្នាក់​ដោយ​ថ្មើរជើង​បណ្តាល​ឱ្យ​កម្មករ​រងគ្រោះ១៨នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ