សាលារាជធានីភ្នំពេញជូនដំណឹងទៅអតិថិជនឱ្យមានការប្រុងប្រយ័ត្នក្នុងការទូទាត់ថ្លៃប្រមូលសំរាម ដោយថាមួយរយៈនេះមានអ្នកក្លែងបន្លំ។
សាលារាជធានីភ្នំពេញនិយាយក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃម្សិលមិញថា ថ្មីៗនេះមានជនខិលខូចមួយក្រុមបន្លំខ្លួនជាមន្ត្រីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹង ឆបោកអតិថិជនឱ្យបង់ថ្លៃសេវាប្រមូលសំរាម ដោយចេញជាមូលប្បទានបត្រ (Cheque) ឬក្រដាសបញ្ជាក់ពីការទូទាត់សាច់ប្រាក់ដោយផ្ទាល់។
សាលារាជធានីបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតបច្ចុប្បន្ន ការប្រមូលថ្លៃសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញ បានតម្រូវឱ្យអតិថិជនទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ដូចជាតាមទូរសព្ទដៃ តាមធនាគារ ឬតាមភ្នាក់ងារវេរប្រាក់ផ្សេងទៀត។
អាជ្ញាធររាជធានីភ្នំពេញក៏បានជំរុញទៅពលរដ្ឋឱ្យរាយការណ៍អំពីករណីឆបោកនេះទៅសមត្ថកិច្ចមូលដ្ឋានឬតាមរយៈលេខទូរសព្ទ ០៨៧ ២៥៨ ៨៣៥ ដើម្បីសមត្ថកិច្ចចាប់ខ្លួនជនខិលខូច៕