រុស្ស៊ី​​ប្រកាស​​បើក​​ឱ្យ​​ប្រើ​​វ៉ាក់សាំង​​បង្ការ​​ជំងឺ​​កូ​វីដ​១៩​ក្រោយ​​សាក​ល្បង​​មិន​ដល់​២​ខែ​

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូ​ទីន ថ្លែងប្រកាសពីជោគជ័យក្នុងការផលិតវ៉ាក់សាំងការពារកូវីដ១៩ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (Reuters/ Olivia Chan reports)

​រុស្ស៊ី​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩នៅ​ថ្ងៃអង្គារ​ម្សិលមិញ បន្ទាប់ពី​ចាប់ផ្តើម​ដាក់​សាកល្បង​លើ​មនុស្ស​នៅក្នុង​ខែឧសភា ដោយ​ការសម្រេច​នេះបាន​នាំ​ឱ្យ​មានមន្ទិល​ចំពោះ​សុវត្ថិភាព​របស់​​វ៉ាក់សាំង​ក្នុងចំណោម​អ្នកជំនាញ។ 

តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌​មា​នរ៉យទ័រ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូ​ទីន បាន​បញ្ជាក់​ពី​ជោគជ័យ​នេះនិង​ប្រកាស​ថា រុស្ស៊ី​ជា​ប្រទេស​ដំបូងបង្អស់​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដំបូង​គេ​ក្នុង​លោក ក្រោយ​ដាក់​សាកល្បង​នៅ​ថ្ងៃទី១៧ ខែឧសភា។

ការសម្រេច​នេះបាន​បន្សល់ទុក​ក្តី​កង្វល់​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​មួយចំនួន ដោយសារ​ពួក​គេ​មើលឃើញ​ថា ដំណើរការ​ពិសោធន៍​ទើប​សម្រេច​ត្រឹម១០ភាគរយ ហើយ​បារម្ភ​ថា ម៉ូស្គូ​អាច​នឹង​ផ្តោត​លើ​កិត្យានុភាព​របស់​ប្រទេស​ជាជាង​សុវត្ថិភាព​សុខភាព​សាធារណៈ។ 

យ៉ាងណា ​លោក ពូ​ទីន និង​មន្រ្តី​របស់​លោក បាន​ច្រានចោល​ក្តី​កង្វល់​ទាំងនោះ ដោយ​អះអាង​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​សុវត្ថិភាព​ពេញលេញ។ លោក ពូ​ទី​ន ប​ន្ថែម​ថា កូនស្រី​ម្នាក់​របស់​លោក​បាន​ស្ម័គ្រចិត្ត​សាកល្បង​រួចហើយនិង​មិន​មានផល​ប៉ះពាល់​អ្វី​ទេ។

មេដឹកនាំ​រូប​នេះ​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព​ខ្ពស់និង​អាចប​ង្កើត​ប្រព័ន្ធ​ភាព​ផ្សំាំ​ក្នុង​ខ្លួនមនុស្ស​ប្រឆាំង​នឹង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​បាន​យ៉ាង​ល្អ ដោយ​លោក​ថា វា​បាន​ឆ្លងកាត់​គ្រប់​ដំណាក់កាល​សាកល្បង​ចាំបាច់​អស់ហើយ។

តាម​ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​ដែល​ភ្នាក់​ងារ​រ៉យទ័រ​ទទួល​បាន ឱ្យ​ដឹង​ថា វ៉ាក់សាំង​នេះ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​ក្នុង​ស្រុកជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ខែតុលា ខណៈ​រដ្ឋាភិបាល​បាន​ទទួល​សំណើ​កក់​ទុក​ពីក្រៅ​ប្រទេស​ចំនួន១ពាន់​លាន​ដប​រួច​ទៅ​ហើយ។ 

ដោយឡែក ​ក្រុម​អាជ្ញាធរ​សង្ឃឹមថា វ៉ាក់សាំង​នេះ​នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច​រុស្ស៊ី​ដែល​កំពុង​ដាំ​ក្បាល​ចុះ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ឱ្យ​រស់រវើក​ឡើងវិញ ខណៈ​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​រំពឹង​ថា ខ្លួន​នឹងអាច​ចាប់ផ្តើម​ផលិត​សម្រាប់​ទីផ្សារ​សកល​នៅ​ដំណាច់ឆ្នាំ។

តាម​ការ​ចុះផ្សាយ​របស់​រ៉យទ័រ វ៉ាក់សាំង​នេះ​មិនទាន់​ឆ្លងកាត់​ពិសោធន៍​ដំណាក់កាល​ទី៣ ដែល​ជា​ការ​តេ​ស្ត​សាកល្បង​លើ​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ចំនួន​ច្រើន​ដល់​រាប់ពាន់​នាក់ ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​ចំពោះ​សុខភាព​មនុស្ស​តាម​វ័យ​ផ្សេងគ្នា​នៅឡើយទេ។

អង្គការសុខភាព​ពិភពលោក WHO ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​បាន​ពិនិត្យ​លើ​របាយការណ៍​នៃ​ការសាកល្បង​វ៉ាក់សាំង​នេះ។ សំណើ​នេះ​មិនទាន់​មានការ​ឆ្លើយតប​ទេ។

លោក Mikhail Murashko រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលរុស្ស៊ី ថ្លែង​ថា គុណភាព​វ៉ាក់សាំង​នេះ មិន​មាន​អ្វី​គួរ​សង្ស័យ​ទេ ហើយ​ថា ការ​បង្ហាញ​ក្តី​បារម្ភ​នានា ដោយសារ​ប្រទេស​ផ្សេង​ៗច្រណែន​ជាមួយ​រុស្ស៊ី​តែប៉ុណ្ណោះ។

ទាក់ទង​នឹង​បញ្ហា​នេះ សមាគម ACTO ដែល​ជា​ភ្នាក់ងារ​តំណាង​ក្រុម​អ្នក​ផលិត​ឱសថ​ធំ​បំផុត​នៅ​រុស្ស៊ី បាន​ទទូចឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូពន្យារពេល​ចេញច្បាប់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​រហូតដល់​ដំណើរការ​ពិសោធន៍​ជំហាន​ចុងក្រោយ​បាន​បញ្ចប់​ដោយ​ជោគជ័យ។

ប្រភព​ដដែល​លើកឡើង​ថា ការសម្រេច​ទាំង​ប្រញាប់​បែបនេះ នឹង​នាំ​ឱ្យ​អ្នកប្រើ​ប្រាស់​វ៉ាក់សាំង​ប្រឈម​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ខ្ពស់ ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ផ្សាំ​ក្នុង​ខ្លួន​ខ្សោយ​ដូចជា​មនុស្សចាស់និង​អ្នក​ដែល​មាន​ជំ​ងឺ​ផ្សេង​ៗក្នុង​ខ្លួន​ស្រាប់​ជាដើម។

បើ​តាម​អង្គការ WHO បច្ចុប្បន្ន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ច្រើនជាង១០០មុខ​ផ្សេងគ្នា កំពុង​ត្រូវ​បាន​អភិវឌ្ឍ​នៅ​ជុំវិញ​ពិភពលោក។ ក្នុង​នោះ មាន​យ៉ាង​ហោច៤មុខដែល​បាន​កំពុង​ឋិត​ក្នុង​ដំណាក់កាល​ពិសោធ​ន៍ចុងក្រោយ​លើ​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ