រដ្ឋា​ភិបាល​​សម្រេច​​ផ្អាក​​ប្រារព្ធ​​ពិធី​បុណ្យ​​អុំ​ទូក​នៅ​​ឆ្នាំ​នេះ​ ដើម្បី​​ទប់​ស្កាត់​​ការ​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​​

សកម្មភាពហ្វឹកហាត់សមរបស់ក្រុមកីឡាករអុំទូក មុននឹងចាប់ផ្ដើមពិធីប្រណាំងទូកចាប់ផ្ដើម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាលបានសម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធី​បុ​ណ្យ​អុំទូក​ប្រពៃណី​ខ្មែរនៅ​ឆ្នាំនេះ ទៅតាម​ការ​ស្នើសុំ​របស់​គណៈកម្មាធិការ​ជាតិរៀបចំ​បុណ្យជាតិ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ចេញ​ផ្សាយនៅ​ថ្ងៃទី១៣ ខែសីហា​នេះ បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជាបានសម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធី​បុ​ណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ តាម​សំណើ​របស់លោក គង់ សំ​អុល ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ។

ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ លោក ប៊ូ ជុំ​សេរី មានប្រសាសន៍​ថា ដើមចម​ដែល​នាំឱ្យរដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដោយសារតែ​រដ្ឋាភិបាល​មានការ​បារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដោយសារតែ​ព្រះរាជ​ពិធីបុណ្យ​នេះនឹង​មាន​មនុស្ស​ប្រមូល​ផ្តុំ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង។

លោក​ថា៖ «បងប្អូន​មក​ពី២៥រាជធានី​-ខេត្ត​ក្រុង មនុស្ស​រាប់​សែនរាប់​លាន​នាក់ ជួបជុំគ្នា​នៅមុខ​វាំង និយាយរួម​មាន​ហានិភ័យ​ខ្ពស់ យើង​ធ្វើ​ទៅ​អាច​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ខ្លាំង យល់​ឃើញ​ចឹង​ហើយ បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក»។

តាម​ប្រតិទិន​បញ្ជាក់​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែអកអំបុក នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី៣០និងទី៣១ ខែតុលា ដល់​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

កន្លងមក រដ្ឋាភិបាលក៏​ធ្លាប់​បាន​ផ្អាក​ព្រះរាជ​ពិធី​ប្រណាំងទូក​នៅ​ដងទន្លេ​សាប​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញផង​ដែរ ដោយសារ​មូល​ហេ​តុ​ផ្សេង​ៗ ដូចជា អំឡុង​ពេល​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ យាង​សោយ​ទិវង្គ​ត និង​ពេល​មាន​វិបត្តិ​ទឹកជំនន់​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ