ក្រុមយុវជននិងប្រជាពលរដ្ឋមួយចំនួនដែលព្យាយាមទៅប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ខណៈដែលចៅក្រមស៊ើបសួរសាលាដំបូង បន្តនីតិវិធីសួរនាំលោក រ៉ុង ឈុន បន្ថែមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រុមយុវជនខ្មែរថាវរៈ សាច់ញាតិរបស់លោក រ៉ុង ឈុន និងសកម្មជនប្រមាណ៥០នាក់ រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យស្ថាប័នមួយនេះដោះលែងលោក រ៉ុង ឈុន ប៉ុន្តែត្រូវបានអាជ្ញាធរនិងសន្តិសុខខណ្ឌ៧មករា រារាំងនិងរុញច្រានចេញពីទីនោះ។

លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ បានមានប្រសាសន៍ថា ក្រុមយុវជននិងប្រជាពលរដ្ឋទាំងនោះ គ្រាន់តែមកចង់តាមដានដំណើរការនិងនីតិវិធីរបស់តុលាការលើករណីលោក រ៉ុង ឈុន ប៉ុណ្ណោះ ប៉ុន្តែត្រូវបានអាជ្ញាធរធ្វើការរារាំងនិងបង្ក្រាបពួកគាត់ទៅវិញ។ ករណីនេះ លោកបានបង្ហាញការសោកស្តាយចំពោះទង្វើរបស់អាជ្ញាធរខណ្ឌ ដែលបានបង្ក្រាបទៅលើពលរដ្ឋដែលតវ៉ាដោយសន្តិវិធីនេះ។

លោក សួង សុភ័ណ្ឌ ប្រាប់ថា៖ «អាជ្ញាធរ [ដែលជា] តំណាងរដ្ឋាភិបាល តែងតែព្យាយាមថាខ្លួនឯងគោរពច្បាប់ អនុវត្តច្បាប់ ប៉ុន្តែជាក់ស្តែងបែរជារំលោភច្បាប់និងបង្ក្រាប [ទៅលើ] អ្នកតាមដាន […] ដូច្នេះ ទង្វើអាក្រក់ទាំងនេះជារឿងគួរឱ្យខ្មាសអន្តរជាតិ»។
សមាជិកមួយរូបនៃក្រុមយុវជនខ្មែរថាវរៈ កញ្ញា ជា គន្ធីន ប្រាប់ថា កញ្ញាបានរងរបួសដៃជើងនិងត្រូវចង្កេះ ដោយសារក្រុមសន្តិសុខបានចាប់ទាញបណ្ដាលឱ្យកញ្ញាបុកទូអេធីអឹមធនាគារមួយនៅជាប់នោះ។ កញ្ញាសម្ដែងការសោកស្ដាយចំពោះទង្វើរបស់អាជ្ញាធរខណ្ឌដែលរារាំង រុញច្រាន និងប្រើហិង្សាមកលើពួកគាត់។
កញ្ញា ជា គន្ធីន ប្រាប់ថា៖ «ខ្ញុំយល់ឃើញថា មិនគួរណាអាជ្ញាធរ សមត្ថកិច្ចខណ្ឌ៧មករា មិនគួរណាមកធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដោយសារ ពួកខ្ញុំមិនបានទៅធ្វើអីខុសច្បាប់ទេ មើលតុលាការទាក់ទងចំណាត់់ការរបស់លោកគ្រូ រ៉ុង ឈុន ទេ! ហេតុអ្វីបានមកប្រើហិង្សាលើពួកខ្ញុំម្ដងហើយម្ដងទៀត វាជារឿងមួយគួរតែឱ្យខ្មាសគេណាស់ ដែលអាជ្ញាធរខ្មែរអត់ចេះស្រឡាញ់គ្នា ប្រើហិង្សាដាក់គ្នាដូចនេះ»។
កញ្ញា យិន ម៉ូលីនី លើកឡើងថា ក្រុមសន្តិសុខខណ្ឌបានប្រើហិង្សា រុញច្រានមកលើពួកគាត់ បើទោះបីជាពួកគាត់តវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដោយអហិង្សាក៏ដោយ។
កញ្ញា យិន ម៉ូលីនី ប្រាប់៖ «ជុំវិញរឿងហ្នឹង ខ្ញុំមិនដឹងនិយាយម៉េចទេ ខ្ញុំនិយាយអស់ច្រើនហើយ។ គាត់[ថា]ប្រទេសប្រជាធិបតេយ្យ ប្អូនកុំចង្អុលមុខ! ខ្ញុំសួរថា លោកពូឱ្យទូរសព្ទមកខ្ញុំវិញអត់ គាត់ចាប់ទូរសព្ទខ្ញុំទៅ គាត់ជាន់ទូរសព្ទខ្ញុំបែក គាត់ចាប់ទូរសព្ទខ្ញុំទុក ខ្ញុំស្រែកទារណាស់ [ទើប]បានមកវិញ ខ្ញុំអនិច្ចាណាស់ ខ្ញុំស្រែកទាមទារអហិង្សាទេ»។

អាជ្ញាធរនិងក្រុមសន្តិសុខខណ្ឌ៧មករា បានប្រាប់ទៅកាន់ក្រុមប្រមូលផ្តុំទាំងនោះថា ពួកគេរារាំងមិនឱ្យមានការប្រមូលផ្តុំនៅមុខសាលាដំបូងនោះឡើយ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនិងបញ្ចៀសការកកស្ទះចរាចរណ៍។
នៅពេលត្រូវបានចោទសួរថា ហេតុអ្វីមិនអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាប្រមូលផ្ដុំឈរបញ្ចេញមតិនៅមុខសាលាដំបូងរាជធានីភ្នំពេញ បុរសម្នាក់ស្ថិតក្នុងឯកសណ្ឋានសន្តិសុខដែលមានស្លាកឈ្មោះសរសេរថា «សន្តិសុខខណ្ឌ៧មករា» បានឆ្លើយតបថា៖
«យើងរៀបចំសណ្តាប់ធ្នាប់ កុំឱ្យកកស្ទះចរាចរណ៍»។
កាលពីថ្ងៃទី៣ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំមួយដោយគូសបញ្ជាក់ថា សកម្មភាពជួបជុំប្រមូលផ្តុំនៅមុខសាលាដំបូងនោះ បានធ្វើឱ្យប៉ះពាល់ដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាសពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា រាល់ការជួបប្រជុំប្រមូលផ្តុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមច្បាប់និងការណែនាំនានាស្តីពីការបង្ការ-ទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «រាល់សកម្មភាពជួបប្រជុំប្រមូលផ្តុំដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។
ខណៈក្រុមអ្នកតវ៉ាប្រឈមមុខនឹងក្រុមសន្តិសុខនៅខាងមុខតុលាការនោះ លោក រ៉ុង ឈុន ត្រូវបាននាំយកទៅសាកសួរបន្ថែមអស់រយៈពេលប្រហែល២ម៉ោង។
មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺលោក សំ សុគង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរបានសួរកូនក្ដីរបស់លោក ជុំវិញសេចក្ដីថ្លែងការណ៍រឿងព្រំដែននិងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី។
លោក សំ សុគង់ ប្រាប់ថា៖ «គាត់នៅតែអះអាងថា អ្វីដែលតុលាការចោទប្រកាន់ហ្នឹង គឺគាត់មិនអាចទទួលយកបាន ហើយគាត់យល់ឃើញថា គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់។ អ៊ីចឹងដែលជាអង្គហេតុផ្សេងៗហ្នឹង គឺគាត់បានព័ត៌មានពីប្រជាពលរដ្ឋ ហើយគាត់ថា គាត់មិនមានកំហុសអីទេ ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍ សម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីហ្នឹង»។
ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហព័ន្ធសហជីពកម្ពុជាផងនោះ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ហើយមួយថ្ងៃបន្ទាប់ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» ក្រោយពីលោកចេញសេចក្ដីថ្លែងការណ៍ដែលនិយាយថា ដីទំហំ៦០ហិកតារបស់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរវៀតណាមហាមឃាត់មិនឱ្យចូលទៅអាស្រ័យផល។
ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូតាគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន បានចេញសេចក្ដីថ្លែងការណ៍បែបនេះ ក្រោយពីលោកចុះទៅពិនិត្យបង្គោលព្រំដែនពីលេខ១១៤ដល់លេខ១១៩ និងជួបប្រជាពលរដ្ឋនៅទីនោះកាលពីថ្ងៃទី២០ ខែកក្កដា។
ប្រសិនបើត្រូវបានកាត់ទោសក្រោមបទចោទប្រកាន់នេះ លោក រ៉ុង ឈុន នឹងប្រឈមមុខជាប់ពន្ធនាគារដល់ទៅ២ឆ្នាំនិងពិន័យជាប្រាក់៤លានរៀល៕