ក្រសួង​មហា​ផ្ទៃ​ ផ្អាក​​ការងារ​​ស្នង​ការ​​នគរ​បាល​​ខេត្ត​កំពង់​ធំ​​បណ្តោះ​អាសន្ន​​ក្រោយ​​រង​​បណ្តឹង​​

លោក អ៊ុ​ក កុសល ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​របៀបរបប​ការងារ​ជំនាញ​នៅ​សាល​ប្រជុំ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ (ស្នងការ​ដ្ឋាន​នគរបាល ខេត្តកំពង់ធំ​)

ក្រសួងមហាផ្ទៃសម្រេច​ផ្អាក​ការងារលោក អ៊ុ​ក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំជា​បណ្ដោះអាសន្ន ខណៈ​ដែល​ស្នងការ​រូប​នេះបាន​រង​នូវ​បណ្តឹ​ងរ​បស់​មន្ត្រី​ក្រោម​ឱវាទ​ជា​ស្ត្រី ថា​បាន​បៀតបៀន​កេរ្តិ៍​ភេទ​ទៅលើ​ពួក​គេ។

យោង​តាម​ប្រកាស​របស់ក្រ​សួង​មហាផ្ទៃ ស្តី​ពី​ការ​ផ្អាក​ការងារ​បណ្តោះអាសន្ន​មន្ត្រី​នគរបាល​ជាតិ ចុះ​ថ្ងៃទី១២ ខែសីហា បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្នលោក​ឧត្តមសេនីយ៍​ទោ អ៊ុ​ក កុសល ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​តម្រូវឱ្យលោក​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិករៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី។

ប្រកាស​ចំនួនពីរ​ទៀត​របស់ក្រ​សួង ចុះ​ថ្ងៃទី១២ ខែសីហា​ដែរ​នោះ បានសម្រេច​ប្រគល់​ភារកិច្ច​ឱ្យ លោក​ឧត្តមសេនីយ៍​ត្រី អ៊ិ​ត គឹ​មស៊្រន ពីស្នងការ​រងទៅជា​ស្នងការ​ស្តីទី​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​បាន​ផ្ទេរ​ភារកិច្ច​លោក​ឧត្តមសេនីយ៍​ត្រី អ៊ឹម សុ​គឿន ពី​ស្នងការ​រង​ទទួល​ផែនការ​ងារ​ធនធានមនុស្ស​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ឱ្យទៅ​បម្រើការ​ងារ​នៅ​នាយកដ្ឋាន​បុគ្គលិក។

អភិបាលខេត្តកំពង់ធំ លោកសុខ លូ បញ្ជាក់យ៉ាង​ខ្លីថា​ លោក​ទើបតែទទួលបានព័ត៌​មាន​ពី​ការ​ផ្អាកការ​ងារ​ស្នងការ​នគរបាលខេត្តរូបនេះ ចំពោះរឿង​លម្អិត​យ៉ាង​ណានោះ លោក​ពុំបាន​ដឹង​ទេ។

កាលពី​ពេល​ថ្មី​ៗនេះ មានការ​បែកធ្លាយ​នូវ​ពាក្យ​បណ្តឹង​មួយដែល​បាន​រៀបរាប់​ពី​ដំណើររឿង ដោយ​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ថា​បាន​បំពាន​កេរ្តិ៍​ភេទ​ទៅលើ​មន្ត្រី​នគរបាល​ជា​ស្ត្រី​នៅ​ខេត្តកំពង់ធំ​ជាច្រើន​នាក់ និង​ប្រើអំណាច​មិន​ឱ្យ​មន្ត្រី​នគរបាល​ទាំងនោះ​រើ​បម្រាសទៀតផង។

ករណីនេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​បញ្ជាក់​កាលពី​ថ្ងៃទី១១ ខែសីហា​ថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន និង​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ជា​អ្នកទទួល​ភារៈ​ពិនិត្យមើល​លើ​បណ្ដឹង​បកអាក្រាត​រឿងអាស្រូវ​របស់​ស្នងការ​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល នេះ។

លោក ស ខេង មានប្រសាសន៍​ថា៖ «ក្នុង​ស្នងការ​ហ្នឹង​មាន​បញ្ហា ការពិត​ខ្ញុំ​បាន​ព្រមាន​ម្ដង​ហើយ ខ្ញុំ​ក៏បាន​សន្យា​ហើយ​ថា ​ក្រោយពី​បានព្រមាន​ហើយ ​បើ​មិន​កែប្រែ​ មានតែ​ឈាន​មួយ​ជំហាន​ទៀត គឺ​ការ​ពិន័យ​រដ្ឋបាល​ធ្ងន់ជាង​នេះឬត្រូវ​ដក។ បើ​រក​ឃើញថាប៉ះពាល់​ស្ត្រី​មែន នឹង​អនុវត្ត​ច្បាប់ ច្បាប់​ធ្វើ​ម៉េច​ ធ្វើ​អីចឹង។»

ទោះជាយ៉ាងណា វី​អូ​ឌី មិន​អាច​ទាក់ទង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ លោ​ក អ៊ុ​ក កុសល និង​ដើមបណ្ដឹង​ទាំងអស់​ដែល​មាន​ក្នុង​លិខិត​នោះ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេ នៅ​ថ្ងៃនេះ។

លោ​ក អ៊ុ​ក កុសល ធ្លាប់​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដាក់​ពិន័យ​រដ្ឋបាល​ម្ដង​រួចហើយ​កាលពី​ខែមីនា ក្រោម​មូលហេតុខ្វះ​ការ​យកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រងនិង​ដឹកនាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ