អាជ្ញា​ធរ​​បញ្ជូន​​ខ្លួន​​យុវតី​​ខ្មែរ​​ថាវរៈ​​ម្នាក់​​ទៅ​​តុលា​ការ​ ខណៈ​៥​នាក់​​ទៀត​​កំពុង​​សាក​សួរ​​

កញ្ញា ឈឿន ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

យុវតី​ខ្មែរ​ថាវរៈ​ម្នាក់ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួននិង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​រសៀល​ថ្ងៃសុក្រ​នេះ ខណៈ​មនុស្ស៥នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការសាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

កាលពី​រសៀល​ថ្ងៃម្សិលមិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​មនុស្ស៦នាក់ ក្នុង​នោះ​មាន​យុវជន​ខ្មែរ​ថាវរៈ​ចំនួន៥នាក់ ដែល​ជា​អ្នក​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យមានការ​ដោះលែងលោ​ក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។ 

អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នោះ រួមមានឈ្មោះ ហ៊ុន វណ្ណៈ​, ឈឿន ដារ៉ា​វី​, សំណាង​, ថា ឡា​វី​, យ៉ង សៀងហៃ និង ​ជា គន្ធី​ន។ បើ​តាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ កញ្ញា ឈឿន ដារ៉ា​វី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការនិង៥នាក់​ទៀតជា​បទល្មើស​ជាក់ស្តែង។

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​វី​អូ​ឌី​ថា យុវជន​ម្នាក់​ក្នុងចំណោម៦នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ខណៈ៥នាក់​ទៀត កំពុង​ស្ថិត​ក្នុង​នីតិវិធី​សាកសួរ។

លោក​ថា៖ «ឈ្មោះ ឈឿន ដារ៉ា​វី នៅ​វេលា​ថ្ងៃត្រង់​នេះ សមត្ថកិច្ច​បាន​បញ្ជូន​គាត់​ដល់​តុលាការ​ហើយ ហើយ​ចំពោះ​យុវជន៥នាក់​ទៀត យើង​កំពុងធ្វើការ​សួរនាំ​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ»។

យោង​តាម​ដីកាឆែកឆេរ​លំនៅ​ដ្ឋាន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បញ្ជាក់​ថា កញ្ញា ឈឿន ដារ៉ា​វី ត្រូវ​បាន​ចោទ​ពី​បទ «ញុះញង់​ឱ្យមាន​ភាព​វឹ​កវរ​ដល់​សន្តិសុខ​សង្គម» ប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ខែសីហា ឆ្នាំ២០២០។

ក្រោយពី​លោ​ក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ពី​បទ «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន កាលពីដើម​ខែសីហា​រួចមក យុវជន​ទាំង៦នាក់​នេះបាន​នាំគ្នា​ធ្វើសកម្មភាព​តវ៉ា​មួយចំនួនដូចជា ការ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ធ្វើ​យុទ្ធនាការ​ដើរតាម​ដង​វិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែងលោក រ៉ុង ឈុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ