នៅឯភូមិគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃម្សិលមិញនេះ ឧបករណ៍បំពងសំឡេងបានបន្លឺភ្លេងបុណ្យសពដែលអាចឱ្យគេស្ដាប់ឮពីចម្ងាយ។ នោះគឺជាពិធីបុណ្យសពដែលគ្រួសារជនរងគ្រោះ កំពុងរៀបចំសម្រាប់ជនរងគ្រោះ៣នាក់ ខណៈសពជនរងគ្រោះ២នាក់ទៀត ត្រូវបាននាំយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯភូមិកំណើតរបស់ពួកគេស្ថិតនៅក្នុងសង្កាត់និម្មិតក្បែរនោះ និងនៅឯខេត្តកំពង់ចាម។
ធាវ បូវ អាយុ៦៣ឆ្នាំ កំពុងតែបង្ហើយអាហារថ្ងៃត្រង់ ខណៈក្រុមអ្នករៀបចំម្ហូបអាហារ បានប្រមែប្រមូលតុកៅអីនិងប្រដាប់ប្រដាសម្រាប់បរិភោគអាហារ ដែលជាកិច្ចបង្ហើយនៃពិធីបុណ្យសពនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
លោក ធាវ បូវ ប្រាប់ថា ភរិយារបស់គាត់គឺអ្នកស្រី ឃាង គឹមហុង កំពុងតែអង្គុយលេងបៀរនៅជិតការដ្ឋានសំណង់ នៅពេលផ្ទាំងបេតុងដ៏ធំនោះធ្លាក់ទៅលើភរិយាលោកនិងអ្នកផ្សេងទៀត។បុរសរូបនេះបន្តថា កូនស្រីរបស់គាត់បានរត់ទៅប្រាប់គាត់អំពីគ្រោះថ្នាក់នេះ ប៉ុន្តែកសិករចិញ្ចឹមទារូបនេះស្ទើរតែមិនជឿដំណឹងនេះឡើយ។
លោក ធាវ បូវ ប្រាប់ថា៖ «ប៉ុន្តែខ្ញុំដឹងថា ប្រពន្ធខ្ញុំអាចពិការឬក៏ស្លាប់។ វាកម្រថានរណាម្នាក់រស់ណាស់ បើបែបនេះនោះ»។

មនុស្ស៥នាក់បានស្លាប់ ហើយមនុស្ស៥នាក់ទៀតបានរងរបួស ក្រោយពីដងស្ទូចដ៏ធំមួយបានបាក់ធ្លាក់សង្កត់ទៅលើផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះ។
កាលពីថ្ងៃម្សិលមិញនេះ ក្រុមគ្រួសារនៃជនរងគ្រោះបានរៀបចំពិធីបុណ្យសពជនរងគ្រោះ៣នាក់នៅឯភូមិគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខណៈដែលសពជនរងគ្រោះ២នាក់ទៀត ត្រូវបានដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯភូមិកំណើតពួកគេនៅឯសង្កាត់និម្មិតស្ថិតនៅក្បែរនោះដែរ និងនៅឯខេត្តកំពង់ចាម។
បុរសរូបនេះបានឱ្យដឹងថា តំណាងគម្រោង ផាក ស៊ីថី ប៉ោយប៉ែត បានផ្ដល់លុយឱ្យលោក៣០០ដុល្លារនិងអង្ករ៣០គីឡូក្រាម អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ផ្ដល់ជួយលុយប្រហែល២៥០ដុល្លារ ហើយនគរបាលនិងព្រះរាជអាជ្ញា ជួយលុយ៥០ដុល្លារ។
លោក ធាវ បូវ និយាយថា វាមើលទៅដូចកម្មករគ្មានជំនាញបញ្ជាដងស្ទូចនោះទេ ហើយក្រុមហ៊ុនធ្វេសប្រហែស ប៉ុន្តែលោកក៏បដិសេធបន្ទោសទៅលើគម្រោងសាងសង់ ផាក ស៊ីធី ប៉ោយប៉ែតនោះដែរ។
លោក ធាវ បូវ និយាយថា៖ «ខ្ញុំជាអ្នកទន់ខ្សោយ។ ស្រេចតែអភិបាលខេត្ត មន្ត្រីក្រុង និងអាជ្ញាធរ សម្រេចថានរណាខុស»។
មេភូមិគីឡូម៉ែត្រលេខ៤ លោក ម៉ៅ ធី ប្រាប់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅឯទីតាំងគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ ផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល កាលពីថ្ងៃម្សិលមិញនេះ។ មេភូមិរូបនេះនិយាយថា ដងស្ទូចដ៏ធំមួយនៅទីតាំងការដ្ឋានសំណង់ បានបាក់ធ្លាក់ទៅលើផ្ទះអ្នកជិតខាង ខណៈពេលវាកំពុងតែស្ទូចផ្ទាំងបេតុងដ៏ធំមួយ។
លោក ម៉ៅ ធី បន្ថែមថា ផ្ទាំងបេតុងនោះបានធ្លាក់ទៅលើសំយាបមុខផ្ទះ ជាទីដែលស្ត្រីកំពុងអង្គុយលេងបៀរ ដោយបានសម្លាប់មនុស្ស៥នាក់និងបណ្ដាលឱ្យមនុស្ស៤នាក់ផ្សេងទៀតរងរបួស។
លោក ម៉ៅ ធី និយាយថា៖ «គ្រោះថ្នាក់នេះដោយសារតែ [ក្រុមហ៊ុនសាងសង់] មិនមានជំនាញក្នុងការប្រើប្រាស់ដងស្ទូចដោយប្រុងប្រយ័ត្ន»។
នៅពេលត្រូវបានសាកសួរថា តើក្រុមហ៊ុននឹងប្រឈមមុខនឹងបទឧក្រិដ្ឋឬយ៉ាងណានោះ លោក ម៉ៅ ធី បានប្រាប់ឱ្យទៅសួរអភិបាលខេត្ត នគរបាល និងអាជ្ញាធរផ្សេងទៀត ដែលលោកនិយាយថា មានសម្ភារស៊ើបអង្កេតល្អប្រសើរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានបញ្ជាក់ថា ដំបូងឡើយមនុស្ស៤នាក់ប៉ុណ្ណោះត្រូវបានរាយការណ៍ថារងរបួស ប៉ុន្តែមនុស្សម្នាក់ទៀតត្រូវបានគេទាញចេញពីគំនរបាក់បែកតាមក្រោយ ដែលនាំឱ្យចំនួនមនុស្សស្លាប់៥នាក់។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បាននិយាយកាលពីថ្ងៃម្សិលមិញថា ក្រុមមន្ត្រីលោកកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ បើទោះបីជាក្រុមហ៊ុនពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ បានបង់សំណងទៅគ្រួសារជនរងគ្រោះហើយក្ដី។
លោក អាត់ ខែម ប្រាប់ថា មន្ត្រីនគរបាលបានសាកសួរអ្នកបញ្ជាដងស្ទូចនោះ ហើយគេនិយាយថា មានភ្លៀងខ្យល់ខ្លាំងនៅពេលគ្រោះថ្នាក់កើតឡើង ហើយដងស្ទូចបាត់បង់លំនឹង។
ប៉ុន្តែលោក អាត់ ខែម និយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយ«គ្រោះធម្មជាតិនិងបញ្ហាបច្ចេកទេស» ហើយវាមិនមែនជាចេតនាទេ។ លោកនិយាយថា ខណៈការស៊ើបអង្កេតកំពុងដំណើរការ ហើយនគរបាលបានជំរុញឱ្យបង់សំណងនាពេលនេះ វាអាស្រ័យលើតុលាការខេត្ត ចាត់វិធានការទៅលើក្រុមហ៊ុន។
លោក អាត់ ខែម និយាយថា៖ «វាអាស្រ័យលើតុលាការធ្វើការសម្រេចចិត្តពេលក្រោយ ហើយយើងមិនហ៊ាននិយាយពីរឿងនេះទេ។ ហើយបើក្រុមហ៊ុនផ្ដល់សំណង វាជារឿងល្អ»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត មិនបានឆ្លើយតបនឹងសំណើសុំបញ្ចេញយោបល់លើករណីគ្រោះថ្នាក់នេះឡើយ។
គម្រោងសាងសង់លំនៅឋាន ផាក ស៊ីធី ប៉ោយប៉ែត កំពុងស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុន Total Home Enterprises ដែលជាក្រុមហ៊ុនរបស់ឧកញ៉ា ឡាយ ប៊ុនប៉ា។ អាជីវកររូបនេះគឺជានាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ L.B.P Microfinance មានទីតាំងនៅឯរាជធានីភ្នំពេញ។
បុគ្គលិកក្រុមហ៊ុននៅការិយាល័យនៅ ផាក ស៊ីធី ប៉ោយប៉ែត មិននិយាយអ្វីទេអំពីគ្រោះថ្នាក់នេះ ហើយវីអូឌីក៏មិនអាចទាក់ទងលោក ឡាយ ប៊ុនប៉ា បានដែរ។
ការបាក់ធ្លាក់ដងស្ទូចនេះ បានកើតឡើងតែជាងមួយឆ្នាំប៉ុណ្ណោះក្រោយពីសំណង់អគារដែលកំពុងសាងសង់មួយបានបាក់រលំនៅខេត្តព្រះសីហនុសម្លាប់មនុស្ស២៨នាក់។ កាលពីខែមករាដើមឆ្នាំនេះ អគារកំពុងសាងសង់មួយទៀតនៅខេត្តកែបក៏បានបាក់រលំផងដែរ ដោយសម្លាប់មនុស្ស៣៦នាក់ផ្សេងទៀត ក្នុងនោះមានក្មេង៦នាក់ផងដែរ។

នៅចម្ងាយ២០០ម៉ែត្រពីទីនោះ អ្នកនាង ចៀវ ចាន់នី បានឮសំឡេងលាន់ខ្លាំងដូចសំឡេងគ្រាប់បែកផ្ទុះនៅខាងក្រោយផ្ទះរបស់គាត់។ ពីរានហាលជាន់ទី១ ផ្នែកខាងមុខផ្ទះរបស់គាត់ អ្នកនាង ចាន់នី អាចមើលឃើញដងស្ទូចដួលទៅលើការដ្ឋាន ហើយដៃសម្រាប់ចាប់និងលើកបន្ទុក បានសង្កត់លើជញ្ជាំងផ្ទះនៅចន្លោះការដ្ឋានសំណង់និងផ្លូវ មុននឹងសង្កត់លើផ្ទះនៅក្បែរនោះ។
អ្នកនាង ចាន់នី បាននិយាយថា ម៉ូតូនិងកន្លែងចំណតរបស់គាត់ បានបាក់បែកដោយសារតែដងស្ទូចធ្លាក់លើ ប៉ុន្តែគ្មាននរណាទៅនិយាយជាមួយគាត់នោះឡើយអំពីសំណងឬការជួសជុលម៉ូតូដែលគាត់ប្រើសម្រាប់ធ្វើដំណើរនៅជិតៗនោះនិងសម្រាប់លក់បង្អែម។ អ្នកនាង ចាន់នី នៅតែមិនទាន់អាចទាញយកម៉ូតូរបស់គាត់ចេញពីគំនរបាក់បែកនៅឡើយទេ។
អ្នកនាង ចាន់នី និយាយថា៖ «អាជ្ញាធរគ្មានសួរនាំថា ម្ចាស់ម៉ូតូជានរណាទេ។ ខ្ញុំបារម្ភថា គេនឹងមិនសងខ្ញុំទេ»។
វីអូឌីបានព្យាយាមសម្ភាសលោក វុទ្ធ ដែលភរិយារបស់គាត់គឺអ្នកស្រី សេង មួយគា បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះ ប៉ុន្តែបុគ្គលិកគម្រោង ផាក ស៊ីធី ប៉ោយប៉ែត ស្ថិតនៅកន្លែងបុណ្យសពនោះ និយាយថា ប្ដីស្ត្រីរងគ្រោះមិនចង់និយាយទៅកាន់អ្នកកាសែតទេ បើទោះបីជាគាត់បានផ្ដល់បទសម្ភាសជាមួយទូរទស្សន៍បាយ័ននៅប៉ុន្មាននាទីមុននេះក៏ដោយ។
នៅឯផ្ទះមេភូមិ ម៉ៅ ធី ឯណោះវិញ លោកបាននិយាយថា មានភាពភ័យខ្លាចនៅក្នុងភូមិ។ ផ្ទះលោក ម៉ៅ ធី ខុសគ្នាត្រឹមតែ២ម៉ែត្រប៉ុណ្ណោះពីជញ្ជាំងបេតុងដែលខណ្ឌចែកគម្រោងអភិវឌ្ឍន៍លំនៅឋានទំហំ៦០ហិកតានិងភូមិគីឡូម៉ែត្រលេខ៤។
លោក ម៉ៅ ធី និយាយថា លោកមានក្ដីបារម្ភតិចតួចដែរអំពីគ្រោះថ្នាក់ដែលកើតឡើងក្បែរផ្ទះរបស់លោក ហើយសង្ឃឹមថា ខាងគម្រោងមានវិធានការបង្ការនាពេលអនាគត។
លោក ម៉ៅ ធី និយាយថា៖ «ខ្ញុំបារម្ភដែរ ប៉ុន្តែអានេះមិនគួរកើតឡើងជាលើកទីពីរឬទីបីទេ។ ក្រុមហ៊ុនគួរតែប្រុងប្រយ័ត្ន»៕