កម្ពុជា​​ប្រាប់​ UN​៖​ យើង​​គ្មាន​​តម្រុយ​​ពី​​ការ​​ចាប់​​ពង្រាត់​​សកម្ម​ជន​​ថៃ​​នោះ​​ឡើយ​​

សកម្មជន​ម្នាក់​កាន់​រូបថត​លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ (Wanchalearm Satsaksit​) ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណី​បាត់ខ្លួន​លោក វ៉ាន​ចា​ឡឺម នៅ​ក្រុងភ្នំពេញ​អំឡុង​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយ​ស្ត្រី​នោះ​ឈរ​តវ៉ា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ (REUTERS​/Athit Perawongmetha​)

អាជ្ញាធរ​កម្ពុជាបាន​ប្រាប់​ទៅ​អង្គការសហប្រជាជាតិ​(អ.ស.ប​.)ថា ទិដ្ឋាការ​បុរស​ជនជាតិ​ថៃ លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ សកម្មជន​ប្រឆាំង​ដែល​រស់នៅ​ភៀសខ្លួន​នៅ​រាជធានី​ភ្នំពេញ​នោះ បាន​ផុត​សុពលភាព​កាលពី​ជិត៣ឆ្នាំមុន នៅពេល​មានការ​ចោទសួរ​អំពី​ការ​ចាប់​ពង្រាត់​សកម្មជន​រូប​នេះ​នៅ​ខាងក្រៅ​ទីកន្លែង​ស្នាក់នៅ​របស់​លោក​ពីសំណាក់​បុរស​មួយ​ក្រុម​ប្រដាប់ដោយ​អាវុធ​កាលពី​ខែមិថុនា​កន្លងមក។

ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​និយាយ​ក្នុង​លិខិត​មួយ​ថា៖ «ចាប់ពី​ពេលនោះ​មក គ្មាន​ការ​ស្នើសុំ​ [ទិដ្ឋាការ​] បន្ត​ទៀត ត្រូវ​បាន​គេ​ធ្វើឡើង​សម្រាប់​បន្ត​ការ​ស្នាក់នៅ​បណ្ដោះ​អា​សន្នបន្ថែម​ទៀត​របស់​រូបគេ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ក្រៅពី​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជាមិនបាន​ដឹងឬមាន​តម្រុយ​អំពី​ការ​ចាប់​ពង្រាត់​លោក វ៉ាន់​ឆា​ឡឺម នោះ​ឡើយ»។

លិខិត​ចុះ​ថ្ងៃទី១៩ ខែមិថុនា​នោះ ត្រូវ​បាន​ចេញផ្សាយ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃសុក្រ​នេះ រួម​ជាមួយ​លិខិត​របស់​ស្ថាប័ន​នេះ​ផ្ទាល់​កាលពី​ថ្ងៃទី១២ ខែមិថុនា ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល ដោយ​បាន​បញ្ចេញ​ក្ដី​បារម្ភ​ជ្រៅ​ជុំវិញ​ការ​ចាប់​ពង្រាត់និង​ការ​បាត់ខ្លួន​ដោយបង្ខំ ហើយ​ស្វែងរក​ព័ត៌មាន​បន្ថែម។

វ៉ាន់​ឆា​ឡឺម អាយុ៣៧ឆ្នាំ បាន​បាត់ខ្លួន​កាលពី​ខែមិថុនា ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វយ៉​ក រាយការណ៍​ថា សាក្សី​បានឃើញ​សកម្មជន​ថៃ​រូប​នេះត្រូវ​បាន​ចាប់ខ្លួន​រុញ​បញ្ចូល​រថយន្ត​មួយ​គ្រឿង​ពីសំណាក់​មនុស្ស​ប្រដាប់​អាវុធ​មួយ​ក្រុម។

បើ​តាម​លិខិត​របស់ UN លោក វ៉ាន់​ឆា​ឡឺម បាន​បញ្ចេញ​វីដេអូ​ឃ្លី​បនៅ​លើ​ហ្វេសប៊ុក ដោយ​បាន​រិះ​គន់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃទី៣ ខែមិថុនា។

លិខិត​ដដែល​នេះ និយាយ​ថា នៅ​ថ្ងៃបន្ទាប់ វេលា​ម៉ោង​ប្រហែល៤:៤៥នាទី​រសៀល លោក វ៉ាន់​ឆា​ឡឺម ត្រូវ​បាន​ចាប់​ពង្រាត់​ពី​ខណ្ឌ​ជ្រោយចង្វា​រពីសំណាក់​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ៤នាក់ ហើយ​នាំចេញ​តាម​រថយន្ត​តូ​យ៉ូ​តា​ហាយ​ឡេន​ឌ័រ​ពណ៌ខ្មៅ​មួយ​គ្រឿង។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស UN ៤រូប​នោះ បាន​កត់សម្គាល់​ថា៖ «មាន​វីដេអូ​ថត​ដោយ​កា​មេ​រ៉ា​សុវត្ថិភាព​អំពី​ហេតុការណ៍​នៅ​ទីតាំង​សាធារណៈ»។

លិខិត​នោះ​រៀបរាប់​ថា៖ «មាន​ក្ដី​កង្វល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព​របស់​លោក វ៉ាន់​ឆា​ឡឺម និង​សុវត្ថិភាព​របស់​សកម្មជន​នយោបាយ​ថៃ​ដទៃទៀត​ដែល​កំពុង​រស់នៅ​កម្ពុជា។ យើង​ក៏​មាន​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​ផង​ដែរ​កើត​ចេញពី​សេចក្ដីថ្លែង​ការណ៍​ដំ​បូងៗ​ពីសំណាក់​នគរបាល​កម្ពុជា ដែល​ច្រានចោល​ការ​ចោទ​នេះ​នៅមុន​ពេល​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ»។

លោក វ៉ាន់​ឆា​ឡឺម ដែល​ជាសកម្ម​ជន​មាន​ទំនាក់ទំនង​នឹង​រណសិរ្ស​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របបផ្ដាច់ការ ដែលគេ​ស្គាល់​ថា ក្រុម​«អាវ​ក្រហម»នោះ បាន​គេចខ្លួន​មក​កម្ពុជា​ក្រោយពី​រដ្ឋប្រហារ​យោធា​កាលពី​ខែឧសភា ឆ្នាំ២០១៤ ដែល​នាំ​លោក ប្រា​យុទ្ធ ឡើង​កាន់អំណាច។

បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អាជ្ញាធរ​ថៃ​បាន​ចេញដីកា​ស្វែងរក​ចាប់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម នៅ​ខែមិថុនា ឆ្នាំ២០១៨ ដោយ​និយាយ​ថា គាត់​បាន​រំលោភច្បាប់​ឧក្រិដ្ឋ​កម្ម​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ ដោយដំណើរ​ការ​ទំព័រ​ហ្វេសប៊ុក​ចេញពី​ភ្នំពេញ ដែល​រិះគន់​រដ្ឋាភិបាល​ថៃ។

ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់ UN លើកឡើង​តែ២ចំណុច​ប៉ុណ្ណោះ ដែល​ចំណុច​ទី១និយាយ​ថា លោក វ៉ាន់​ឆា​ឡឺម បាន​ចូល​មក​ជាន់​ដី​កម្ពុជា​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ហើយ​ទិដ្ឋាការ​របស់​គេមាន​សុពលភាព​រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ហើយ​ចំ​ណុ​ចទី២ និយាយ​ថា អាជ្ញាធរ​គ្មាន​តម្រុយ ប៉ុន្តែកំពុង​ស៊ើបអង្កេត​បន្ថែម។

ឆ្លើយតប​នឹង​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន នៅតែ​អះអាង​ដដែល​ដូចដែល​លោក​ធ្លាប់​បាន​ប្រាប់​វី​អូ​ឌីកា​លពី​ចុងខែ​មិថុនា​ថា អាជ្ញាធរ​កំពុង​បន្ត​ស៊ើបអង្កេត​ករណីនេះ។

លោក គឹម​ខឿន ប្រាប់​ថា នគរបាល​បាន​ឆែក​កន្លែង​ស្នាក់នៅ​របស់​លោក វ៉ាន់​ឆា​ឡឺម នៅ​ភ្នំពេញ និង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នៃ​ការ​ចាប់ខ្លួន​នោះ ប៉ុន្តែក្រុម​មន្ត្រី​រក​ឃើញថា គ្មាន​កំណត់ត្រា​បញ្ជាក់​ពី​ការរស់នៅ​របស់​គេ​នៅ​ទីនោះ​ដូចដែល​សារព័ត៌មាន​ចុះផ្សាយ​ឡើយ ហើយ​ស្លាក​លេខ​រថយន្ត​នោះក៏​គ្មាន​ចុះបញ្ជី​ផង​ដែរ។

មន្ត្រី​នគរបាល​ជាន់ខ្ពស់​រូប​នេះ បន្ថែម​ថា សាក្សី​មិនបាន​ចូលរួម​ចែករំលែក​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​នោះ​ឡើយ ហើយ​ស្នើ​ទៅ​សាធារណជន សាក្សី និង​ក្រុម​គ្រួសារ​លោក វ៉ាន់​ឆា​ឡឹម ចូលរួម​សហការ។

លោក គឹម​ខឿន ប្រាប់​ថា សាច់ញាតិ​លោក វ៉ាន់​ឆា​ឡឺម បាន​ដាក់​បណ្ដឹង​មក​នគរបាល​កម្ពុជា​ប្រហែល១០ថ្ងៃមុន ប៉ុន្តែមិនបាន​ជួប​ជាមួយ​នគរបាល​នៅឡើយ​ទេ។

អ្នកស្រី ស៊ី​ថា​ណាន់ សាត់​សក្តិ​សីទ បងស្រី​របស់ វ៉ាន់​ឆា​ឡឺម បាន​ប្រាប់​វី​អូ​ឌីកា​លពី​ខែមិថុនា​ថា អ្នកស្រី​បាន​ជជែក​ជាមួយ​ប្អូនប្រុស​គាត់​នៅពេល​គេ​ចាប់​ពង្រាត់​គាត់​នៅ​ខាងក្រៅ​អគារ​ខុន​ដូ មេគង្គ ហ្កា​ឌែន ស្ថិតនៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ។

នៅមុន​ករណីនេះ យ៉ាងហោចណាស់សកម្មជន​ប្រឆាំង​ថៃ៨រូប​ផ្សេងទៀត បាន​បាត់ខ្លួន​ពី​ប្រទេស​ឡាវនិង​វៀតណាម ប៉ុន្តែការ​បាត់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម គឺជា​ករណី​ដំបូង​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​រាយការណ៍។

អ្នកស្រី ស៊ី​ថា​ណាន់ និយាយ​នា​ពេលនោះ​ថា៖ «ខ្ញុំ​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​មាន​សុវត្ថិភាព​សម្រាប់ វ៉ាន់​ឆា​ឡឺម ដោយសារតែ​ខ្ញុំ​គិតថា ពលរដ្ឋ​កម្ពុជា​រួសរាយ​ រាក់ទាក់ និង​ចេះ​យក​អា​សា​រប្អូនប្រុស​ខ្ញុំ​អំឡុង​ពេល​គេ​ស្នាក់នៅ​កម្ពុជា​ច្រើន​ឆ្នាំ​ហើយ»។

លោក គឹម​ខឿន មិន​ជឿ​ថាលោក វ៉ាន់​ឆា​ឡឺម បាន​បាត់ខ្លួន​ពី​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

លោក គឹម​ខឿន និយាយ​ថា៖ «យើង​មិន​ជឿ១០០ភាគរយ ​ថាករណីនេះ​កើតឡើង​នៅ​កម្ពុជា​ទេ។ វា​ដូច​ការ​រាវរក​ម្ជុល​ក្នុង​សមុទ្រ​អ៊ីចឹង»។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ផង​ដែរ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ប៉ុន្តែទាក់ទង​មិនបាន​ឡើយ។

អ្នកស្រាវជ្រាវ​ម្នាក់មកពីអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​និយាយ​ពី​ពេលមុន​ថា មាន​ជនជាតិ​ថៃ​រាប់​សិប​នាក់​រស់នៅ​ភៀសខ្លួន​នៅ​កម្ពុជា ហើយ​ការរស់នៅ​របស់​ពួក​គេអាស្រ័យ​លើ​«ក្ដី​សណ្ដោ​សប្រ​ណី​ពី​បក្ស​កាន់អំណាច ​[ប្រជាជន​កម្ពុជា​] ផ្អែក​តាម​ទំនាក់ទំនង​ផ្ទាល់ខ្លួន»


ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ