ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសមិនដោះស្រាយដីធ្លីជូនពលរដ្ឋមួយក្រុមដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនៅខេត្តត្បូងឃ្មុំ ដោយអះអាងថា ពលរដ្ឋមួយចំនួនបានលក់ដីឱ្យក្រុមហ៊ុន ខណៈមួយចំនួនទៀតត្រូវបានអាជ្ញាធរដោះស្រាយនិងចេញបណ្ណកម្មសិទ្ធិរួចរាល់ហើយ។
ក្រសួងរៀបចំដែនដីចេញសេចក្តីប្រកាសបែបនេះ ក្រោយពីអ្នកភូមិប្រមាណ៥០នាក់មកពីភូមិស្រែប្រាំងនិងភូមិបុស្សស្នោរ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ បានប្រមូលផ្តុំគ្នាតវ៉ាមុខក្រសួងរៀបចំដែនដីកាលពីព្រឹកម្សិលមិញនេះ ដើម្បីសុំអន្តរាគមន៍ពីក្រសួងជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន (Harmony Win Investment)។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដីឱ្យដឹងថា ក្នុងឆ្នាំ២០១១និងឆ្នាំ២០១២ ប្រជាពលរដ្ឋចំនួន២១៣គ្រួសារនៅភូមិស្រែប្រាំង និងប្រជាពលរដ្ឋចំនួន៧៨គ្រួសារនៅភូមិបុស្សស្នោរ បានព្រមព្រៀងលក់ដីទៅឱ្យក្រុមហ៊ុនអស់ហើយ ដែលក្រសួងថា មានការបញ្ជាក់និងទទួលស្គាល់ពីអាជ្ញាធរភូមិឃុំថែមទៀត។
ក្រសួងរៀបចំដែនដីឱ្យដឹងទៀតថា ក្នុងអំឡុងពេលចុះអនុវត្តបទបញ្ជាលេខ០១បប គឺរាជរដ្ឋាភិបាលបានសម្រេចចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅភូមិស្រែប្រាំងនិងភូមិបុស្សស្នោរចំនួន៤៨៣គ្រួសារ ស្មើនឹង១.៥៥១ក្បាលដី ដែលមានទំហំ២ ៥៦៣ហិកតាលើចំណែកដីដែលពលរដ្ឋទាំងនេះមិនបានលក់ឱ្យក្រុមហ៊ុន។
ក្រសួងអះអាងថា ក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យចុះបញ្ជីជាកម្មសិទ្ធិដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើចំណែកដីដែលបានទិញពីប្រជាពលរដ្ឋទាំងនោះទៀតផង។
សេចក្តីប្រកាសព័ត៌មានលើកឡើងថា ក្រុមពលរដ្ឋដែលកំពុងតវ៉ានិងទាមទារសព្វថ្ងៃនេះ គឺពុំមានមូលដ្ឋាននិងទាមទារតាមការញុះញង់បំផុសបំផុល ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។
លោក ថា លីដា ដែលអះអាងជាតំណាងពលរដ្ឋ១២៨គ្រួសារ ប្រាប់វីអូឌីនៅមុខក្រសួងរៀបចំដែនដីនៅព្រឹកម្សិលមិញនេះថា ពួកគាត់មិនបានលក់ដីឱ្យក្រុមហ៊ុននិងមិនទាន់ទទួលបានការដោះស្រាយដីធ្លីដូចក្រសួងលើកឡើងឡើយ។
តំណាងពលរដ្ឋរូបនេះបានទាមទារឱ្យក្រុមហ៊ុននិងអាជ្ញាធរបង្ហាញឯកសារ ស្នាមមេដៃដែលបញ្ជាក់ថា ពួកគាត់បានលក់ដីឱ្យក្រុមហ៊ុន។
លោក ថា លីដា និយាយថា៖ «អ៊ីចឹង សុំឱ្យគាត់បង្ហាញឯកសារឬស្នាមមេដៃមកថា ពួកខ្ញុំណាម្នាក់បានលក់ដីឱ្យក្រុមហ៊ុន ហើយលក់នៅកន្លែងណាខ្លះ។ រហូតមកពេលនេះ ពួកខ្ញុំមិនទាន់ទទួលបានការដោះស្រាយណាមួយឡើយ»។
ពាក់ព័ន្ធជម្លោះដីធ្លីរវាងពលរដ្ឋនៅភូមិស្រែប្រាំងនិងភូមិបុស្សស្នោរជាមួយក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន គឺមានតំណាងពលរដ្ឋ៣នាក់ហើយត្រូវបានសមត្ថកិច្ចចាប់និងឃុំខ្លួនក្នុងពន្ធនាគារទៅតាមបណ្ដឹងរបស់ក្រុមហ៊ុន។
តំណាងអ្នកភូមិ លោក សែម សាង និងលោក ផុន ឈឿន ត្រូវសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់៧ឆ្នាំកាលពីដើមខែមិថុនា ក្រោមបទចោទថា «បានកំហែងយកដោយមានអាវុធ»។
ចំណែកលោក ហឿន ស៊ីនាថ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែសីហានេះ ទៅតាមដីកាតុលាការពាក់ព័ន្ធនឹងការចោទថា បានដឹកនាំពលរដ្ឋតវ៉ានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន៕