ក្រសួង​ទេស​ចរណ៍៖ ជំងឺ​​កូ​វីដ​១៩​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​បុគ្គ​លិក​​ផ្នែក​​ទេស​ចរណ៍​​ជាង​៥​ម៉ឺន​​នាក់​

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្តនៅប្រាសាទបាយ័ន ក្នងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០។ (វីអូឌី)

​ក្រសួងទេសចរណ៍បានឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូ​វីដ១៩បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ទេសចរណ៍​ចំនួន៣ពាន់​កន្លែងនិង​ប៉ះពាល់​ដល់​បុគ្គលិក​ជាង៥ម៉ឺន​នាក់នៅក្នុង​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវ​បាន​ហ្វេសប៊ុក​ក្រសួង​ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយ​កាលពី​ថ្ងៃម្សិលមិញ​ថា គិត​មកដល់​ថ្ងៃទី១០ ខែកក្កដា បញ្ហា​ជំងឺ​កូ​វីដ១៩បាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ផ្នែក​ទេសចរណ៍​ដល់​ជាង៣ពាន់​ទីតាំង ហើយ​ប៉ះពាល់​ដល់​បុគ្គលិក​ដែល​បម្រើ​ការងារនៅទីតាំង​ទាំងនេះ​ជាង៥ម៉ឺន​នាក់ ប៉ុន្តែ​រាជរដ្ឋាភិបាលបាន​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ជួយ​ដល់​បណ្តា​ប្រតិបត្តិ​ករ ក៏ដូចជា​និយោជិកដែល​មានការ​ប៉ះពាល់​នេះ។

លោក​បាន​បន្ត​ថា៖ «រាជរដ្ឋាភិបាល មកដល់​ថ្ងៃនេះ បាន​ដាក់ចេញ​វិធានការ​ជាចម្បងជុំ​ទី៥ហើយ ដែល​ក្នុង​នោះ​បាន​ដោះស្រាយ​ជួយ​ដល់​បុគ្គលិក និយោជក ដែល​មានការ​ប៉ះពាល់​នេះ ជាង៣ម៉ឺន​នាក់នៅក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ​ផ្តល់​ប្រាក់ឧបត្ថម្ភ៤០ដុល្លារ​ក្នុង​ម្នាក់រយៈពេល២ខែ ហើយ​ជុំ​ទី៥នេះផ្តល់២ខែ​បន្ត​ទៀត»។

ចំពោះ​ផ្នែកឯកជន​វិញ លោក​ ថោង ខុន បាន​គូសបញ្ជាក់​ថា ប្រតិបត្តិ​ករនិង​អាជីវករ​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើកលែង​ពន្ធអាជីវកម្មនិង​មិន​ឱ្យ​អាជីវករ​បង់ប្រាក់​វិភាគទាន​សម្រាប់ ប.ស.ស ទេ ប៉ុន្តែ​ក្នុង​ដំណាក់កាល​នេះ និយោជិត​នៅតែ​ទទួល ប.ស.ស ពី​រាជរដ្ឋាភិបាល​ដដែល។

លោក​បាន​បន្ត​ថា គ្រប់​អាជ្ញា​បណ្ណ​ទេសចរណ៍​ទាំងអស់ អាច​ទៅ​សុំ​អាជ្ញា​បណ្ណ​បាន ប៉ុន្តែ​មិន​តម្រូវឱ្យមានការ​បង់​កម្រៃ​អាជ្ញា​បណ្ណ​ឡើយ ហើយ​ចំពោះ​មគ្គ​ទេសក៍​ទេសចរណ៍ ទោះបី​មិនបាន​ប្រាក់ឧបត្ថម្ភ៤០ដុល្លារ ក៏ប៉ុន្តែ​អាជ្ញា​បណ្ណ​មគ្គ​ទេសក៍ ក៏​រាជរដ្ឋាភិបាល​មិន​ឱ្យយក​កម្រៃ​ដែរ។

នៅ​ព្រឹ​កថ្ងៃ​ព្រ​ហស្ប​តិ៍នេះ​ដែរ ប្រធាន​គណៈកម្មការ​អប់រំ យុវជន ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​(គណៈកម្មការ​ទី៧​) លោក ហ៊ុន ម៉ា​នី ក៏បាន​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ពិភាក្សា​អំពី​វិធានការ​ជា​ដំណោះស្រាយចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ១៩និង​ក្រោយ​កូ​វីដ១៩ ព្រមទាំង​ពិនិត្យ​លទ្ធភាពបង្កើន​សកម្មភាព​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​កិច្ចប្រជុំ​នោះ លោក​ ហ៊ុន ម៉ា​នី បាន​ស្នើនិង​ជំរុញ​ឱ្យ​ក្រសួងទេសចរណ៍បន្តសកម្មភាព​របស់​ខ្លួន ជាពិសេស​ក្នុង​កិច្ចការ​ជំរុញ​ចលនា​ទេសចរណ៍ ដោយ​ផ្តោត​ចម្បង​លើ​ការ​កសាង​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ 

លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួងបន្ត​កិច្ចសហការ​ជិត​ស្និទ្ធ​ជាមួយ​អន្តរជាតិ ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាននៅក្នុង​ដំណាក់កាល​សមស្រប​ណាមួយ ដែល​ចរន្តនិង​លំហូរ​ទេសចរណ៍​ផ្ទៃក្នុង​តំបន់​អាច​ដំណើរការ​វិញ​បាន។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​ដំណាក់កាល​នេះ ការ​បង្កើន​បរិយាកាស​ទេសចរណ៍ដែល​គួរ​ឱ្យ​ទុកចិត្តនិង​ដោយមាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ១៩ ព្រមទាំង​ការធានា​ស្តង់​ដារ​នៃ​ការ​ការពារ មើលថែ​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់ គឺជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ឱ្យ​ដំណើរការ​បាន​ជា​ធម្មតា ក៏ដូចជា​ការចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ