លោ​ក ស ខេង រំ​ព្ញ​ក​ម​ន្ត្រី​​ជា​ថ្មី​​ត្រូវ​​​អត់​ធ្មត់​​ដោះ​​​​ស្រាយ​​​បញ្ហា​​របស់​​ពល​រដ្ឋ​​​ដោយ​ចៀស​វាង​​ប្រើ​​ហិង្សា​​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ sarkheng.com

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំឭក​ដល់​មន្ត្រី​មុខងារ​សាធារណៈ ទាំង​ស៊ីវិលនិង​នគរបាល ត្រូវ​អត់ធ្មត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​វិវាទ​រឿង​ធ្លី ដោយ​ចៀស​វាង​ការប្រើ​ហិង្សា​លើ​ពលរដ្ឋ និង​មិន​ត្រូវ​យក​កាំភ្លើង​ទៅ​បាញ់​អ្នកធ្វើ​បដិវត្ត​ន៍ពណ៌​នោះ​ទេ។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃម្សិលមិញ​ថា រាល់​ការ​ដោះស្រាយ​វិវាទ​ឬទំនាស់​នៅ​មូលដ្ឋាន ជាពិសេស​បញ្ហា​ដីធ្លីនិង​បញ្ហា​ផ្សេង​ៗ ទាមទារ​ឱ្យ​មន្ត្រី​មុខងារ​សាធារណៈ ទាំង​កងកម្លាំង​មានសមត្ថកិច្ច ត្រូវ​អត់ធ្មត់ ដើម្បី​ស្រាវជ្រាវ​ឱ្យឃើញ​ការពិតនិង​ដាច់ខាត​មិន​ត្រូវ​ប្រើប្រាស់​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ។

លោក​ថា៖ «ក្នុងនាម​ជាម​ន្ត្រី​ជាមុ​ខងារ​សាធារណៈ​ទាំង​ស៊ីវិល ទាំង​នគរបាល ក្នុង​ពេល​បំពេញការងារ​ គឺ​ត្រូវ​បំពេញ​តាម​តួនាទី​ជាម​ន្ត្រី​មុខងារ​សាធារណៈ ហើយ​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​នគរបាល មន្ត្រី​រាជការ ហើយ​យើង​មិន​ត្រូវ​បែងចែក​ប្រជាជន​ទោះ​ថា​គេ​បក្ស​នេះ​បក្ស​នោះ​ទេ គឺ​ត្រូវ​មើល​ប្រជាពលរដ្ឋ​ទាំង​អស់​ដូច​ៗគ្នា»។

ជាមួយគ្នា​នោះ​ដែរ លោ​ក ស ខេង ក៏បាន​លើកឡើង​ពី​និយមន័យ​នៃ​ការ​ប្រឆាំង​បដិវត្ត​ន៍ពណ៌​ដែរ​ដោយ​ថា មិនមែន​ជា​ការ​យក​កាំភ្លើង​ទៅ​បាញ់​នរណា​ម្នាក់​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «យើង​និយាយ​ថា ប្រឆាំង​ដាច់ខាត​បដិវត្ត​ន៍ពណ៌ ឥលូវ​និយមន័យ​ប្រឆាំង​ដាច់ខាត​បដិវត្ត​ន៍ពណ៌​ហ្នឹង​ធ្វើ​ម៉េច​? មិនមែន​យក​កាំភ្លើង​ទៅ​បាញ់​គេ​ទេ មិនមែនទេ ធ្វើ​អញ្ចឹង​ខុស​ហើយ គឺ​យើង​ត្រូវ​ប្រឆាំង​ខ្លួន​យើង​ជាមុន​សិន ចង់និយាយ​ថា យើង​ធ្វើល្អ​ជាមួយ​ប្រជាពលរដ្ឋ ហ្នឹងហើយ​ជា​អាវុធ​ដ៏​ធំ​បំផុត​[ក្នុង​ការ​ប្រឆាំង​បដិវត្ត​ន៍ពណ៌​] ចុះបើ​យើង​អាង​អំណាច យើង​ទៅ​រំលោភ​យក​ដី​ប្រជាជន ទៅ​រំលោភសិទ្ធិ​ឬក៏​ផលប្រយោជន៍​ផ្សេងទៀត​របស់​ប្រជាជន អាហ្នឹង​គេ​ម៉េច​សុខចិត្ត អាហ្នឹង​គេ​តវ៉ា​គឺ​ត្រឹមត្រូវ​ហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ