សាលារាជធានីលើកទឹកចិត្តឱ្យយុវតីដែលរងការបៀតបៀនដាក់ពាក្យប្តឹង

សកម្មភាពសមត្ថកិច្ចរុញច្រាន ក្រុមយុវតីខ្មែរថាវរៈ អំឡុងពេលតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។ រូបពីបណ្តាញសង្គមហ្វេសប៊ុក

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកទឹកចិត្តដល់ក្រុមយុវតីដែលចោទថា កងកម្លាំងរាជធានីភ្នំពេញបៀតបៀនរូបកាយរបស់ពួកគេក្នុងពេលកំពុងតវ៉ានោះ ដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធដើម្បីបើកការស៊ើបអង្កេតរកការពិត នឹងឈានដល់ចាប់ខ្លួនអ្នកប្រព្រឹត្ត។​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា បើសិនជាក្រុមយុវតីខ្មែរថាវរៈត្រូវបានក្រុមកងសន្តិសុខលួចយកកាបូប និងបៀតបៀនកេរ្តិ៍ខ្មាស់  លោកលើកទឹកចិត្តដល់អ្នកដែលរងគ្រោះថា អាចដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវចាប់អ្នកប្រព្រឹត្តអនុវត្តតាមច្បាប់។

លោកលើកទឹកចិត្តដូចនេះថា៖ «ក្នុងកំឡុងពេលចោទប្រកាន់បែបនេះ គាត់អាចដាក់ពាក្យប្តឹង[កងសន្តិសុខខណ្ឌ៧មករា] បើគាត់យល់ឃើញថា មានការលូកលាន់អញ្ចឹង គាត់ដាក់ពាក្យបណ្តឹងតាមការយល់ឃើញរបស់គាត់ ឬគាត់ចោទប្រកាន់ បានសមត្ថកិច្ចធ្វើការតាមហ្នឹង»។

នៅក្នុងកិច្ចពិភាក្សាតុមូលរបស់អាស៊ីសេរីនៅយប់ថ្ងៃសុក្រម្សិលមិញ លោក អំ សំអាត នាយករងអង្គការលីកា លើកឡើងថា ករណីបទល្មើសព្រហ្មទណ្ឌ មិនចាំបាច់មានពាក្យបណ្តឹងក៏ព្រះរាជអាជ្ញាអាចស៊ើបអង្កេតបានដែរ។​

ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនលោក រ៉ុង ឈុន កាលពីថ្ងៃទី៣០ខែកក្កដា ដែលចោទពីបទញុះញង់ក្រោយក្រោយថ្លែងការណ៍ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយវៀតណាមមក ពលរដ្ឋមួយក្រុមចេញមុខតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន បន្តបន្ទាប់។​

សកម្មភាពតវ៉ាគឺក្រុមយុវជនខ្មែរថាវរៈចេញមុខសកម្មក្នុងការតវ៉ា ហើយក្នុងចំណោមនោះ ក្រុមយុវជវតីជាសមាជិកក្រុមនេះអះអាងថា ពួកគេត្រូវកងកម្លាំងវាយទាត់ធាក់ ដោយមិនប្រាប់មូលហេតុច្បាស់លាស់។ លើសយុវតីទាំងនោះអះអាងថា កម្លាំងខណ្ឌ៧មករា បានឆក់យកកាបូប និងបន្លំលូកស្ទាបខ្លួនប្រាណពួកគាត់ជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ